Ad Code

កម្ពុជា​-​វៀតណាម​នឹង​ជំរុញ​ទំហំ​ការដោះដូរ​ពាណិជ្ជកម្ម​ជាមួយគ្នា​ឲ្យ​បាន​ដល់​ទំហំ ៥០០០​លាន​ដុល្លារ​ក្នុងពេល​ឆាប់ៗ​ខាងមុខ



ភ្នំពេញ​ ៖ លោកជំទាវ ជុង ធី​ម៉ា​យ (Truong Thi Mai) សមាជិក​ការិយាល័យ​លេខា​មជ្ឈិម​បក្ស និង​ជា​ប្រធាន​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​ម​ជ្ឈិ​ម​បក្ស​កុម្មុយនីស្ត​វៀតណាម បាន​លើកឡើង​ថា ក្រុមហ៊ុន​វៀតណាម​នៅ​កម្ពុជា រហូតមកដល់​ពេលនេះ​មាន​គម្រោង​វិនិយោគ​រហូតដល់ ២០៦​គម្រោង ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា ៣០០០​លាន​ដុល្លារ​អាមេរិក ហើយ​ចំពោះ​ការដោះដូរ​ពាណិជ្ជកម្ម​ក៏​មាន​ការ​រីកចម្រើន​ខ្លាំង ដែល​ទិសដៅ​នៃ​ប្រទេស​ទាំងពីរ​នឹង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ជាមួយគ្នា​ឲ្យ​ដល់​ទំហំ ៥០០០​លាន​ដុល្លារ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។

នៅក្នុង​ឱកាស​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឲ្យ​ចូលជួប​ស​ម្តែ​ង​ការគួរសម និង​ពិភាក្សា​ការងារ ព្រឹក​ថ្ងៃទី​២៦ ខែតុលា​នេះ​នៅ​វិមាន​រដ្ឋសភា ខណៈពេលដែល​លោកជំទាវ​ដឹកនាំ​គណៈប្រតិភូ​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​ម​ជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា លោកជំទាវ ជុង ធី​ម៉ា​យ បាន​ជម្រាប​ជូន​សម្តេច​ប្រធានរដ្ឋសភា ពី​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​លោកជំទាវ​នៅ​កម្ពុជា​នាពេលនេះ ដើម្បី​រួមចំណែក​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម ជាពិសេស​រវាង​គណៈ​ចលនា​មហាជន​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អប្រសើរ​។



លោកជំទាវ​ក៏បាន​សម្តែង​នូវ​ការ​ភ្ញាក់ផ្អើល​ដោយ​បានឃើញ​ផ្ទាល់​ភ្នែក​នូវ​ការ​រីកចម្រើន ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋសភា​កម្ពុ​ជា​។ លោកជំទាវ​បាន​សម្តែង​អបអរសាទរ និង​ជូនពរ​ឲ្យ​កម្ពុជា​កាន់តែ​មានការ​អភិវឌ្ឍ​រីកចម្រើន​បន្ថែម​ទៀត​។ លោកជំទាវ ជុង ធី​ម៉ា​យ ក៏បាន​ស្នើសុំ​សម្តេច​ប្រធាន​ជួយ​បន្ត​គាំទ្រ​ចំពោះ​អនិកជន​វៀតណាម ដែល​រស់នៅ​ដោយ​ស្របច្បាប់​នៅ​កម្ពុជា ក៏ដូចជា​វិនិយោគិន​វៀតណាម ដែល​បាន​បោះទុន និង​ប្រកប​របរ​ទទួលទាន​នៅ​កម្ពុជា​ដោយ​ស្របច្បាប់​ផងដែរ​។



សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ស្វាគមន៍ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ ដែល​ដឹកនាំ​ដោយ​លោកជំទាវ ជុង ធី​ម៉ា​យ ប្រធាន​គណៈ​ចលនា​មហាជន នៃ​គណបក្ស​កុម្មុយនីស្ត​វៀតណាម​។ សម្តេច​ប្រធាន​បាន​បញ្ជាក់​ថា ជា​ទស្សនកិច្ច​ដែល​បាន​រួម​ចំណែក​បន្ត​ពូន​ជ្រុំ​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​បក្ស រដ្ឋាភិបាល និង​ប្រជាជន​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម​ឲ្យ​កាន់តែ​រឹងមាំ និង​ខ្លាំងក្លា​ទ្វេដង​ទៀត​។ សម្តេច​ប្រធាន​បាន​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​គណៈ​ចលនា​មហាជន​វៀតណាម ដែល​បាន​រួម​ចំណែក​អភិវឌ្ឍន៍​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ជាពិសេស​រួមចំណែក​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​គណៈ​ចលនា​មហាជន​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​។

សម្តេច​ប្រធាន​ក៏បាន​លើកឡើង​ផងដែរ​គណៈ​ចលនា​មហាជន​កម្ពុជា​ដឹកនាំ​ដោយ​លោកជំទាវ ម៉ែន សំអន ក្នុង​នោះដែរ​លោកជំទាវ​បាន​ខិតខំ​យ៉ាងសកម្ម​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​គណៈ​ចលនា​មហាជន​មានការ​រីកចម្រើន ហើយ​ទទួលបាន​លទ្ធផល​ល្អ ជាពិសេស​ខិតខំ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​គណៈ​ចលនា​មហាជន​វៀតណាម​-​កម្ពុជា ដើម្បី​ផ្តល់​បទពិសោធន៍​ឲ្យ​គ្នា​ទៅវិញទៅមក ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​ប្រជាជន​ទាំងពីរ​។



សម្តេច​ក៏បាន​សម្តែង​នូវ​ការ​គាំទ្រ​ផងដែរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​នេះ ហើយ​ជំរុញ​ឲ្យ​បន្ត​កិច្ច​សហប្រតិបត្តិការ​កា​ន់​តែ​ស្អិតរ​មួ​ត​រវាង​គណៈ​ចលនា​មហាជន​ទាំងពីរ​។ សម្តេច​ក៏បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​សមិទ្ធផល និង​វឌ្ឍនភាព​នានា​ដែល​ប្រទេស​ទាំងពីរ​មាន​ជាមួយ​គ្នា្ន​កន្លងមក​។ ចំពោះ​កិច្ចសហប្រតិបត្តិការ​នា​នា​ទាំង​បក្ស រដ្ឋាភិបាល​មានការ​រីកចម្រើន​យ៉ាងខ្លាំង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដែល​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​នេះ ជា​កិច្ចសហប្រតិបត្តិការ​មិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី ហើយ​និង​ជា​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​និង​យូរអង្វែង​។ សម្តេច​ក៏បាន​លើកឡើង​ផងដែរ​ថា ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម មាន​ទំនាក់​ទំនងជា​ប្រពៃណី ហើយ​ជួយ​គ្នា​ទៅវិញទៅមក ហើយ​សហការគ្នា ប្រកៀក​ស្មា​គ្នា តស៊ូ​ប្រយុទ្ធ​ប្រឆាំង​នឹង​អាណានិគម ចក្រព័ត្រ​និយម ដើម្បី​ប្រទេសជាតិ​ទទួល​បាន​ឯករាជ្យភាព​រៀងៗ​ខ្លួន​។

សម្តេច​បាន​លើក​ឡើង​ផង​ដែរ​ថា ក្នុង​ដំណាក់កាល​ថ្មី​នេះ​ប្រទេស​យើង​ទាំងពីរ​នឹង​បន្ត​រួមគ្នា ដើម្បី​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ឲ្យ​កាន់តែ​ល្អ​ប្រសើរ ហើយនឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយគ្នា​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។ ក្នុងនាម​ប្រជាជន​កម្ពុជា សម្តេច​ប្រធាន​បាន​ថ្លែងអំណរគុណ​ចំពោះ​បក្ស រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម ដែល​បាន​ជួយឧបត្ថម្ភ​ចំពោះ​ប្រជាជន​កម្ពុជា ក្នុង​បុព្វហេតុ​រំដោះជាតិ ក៏ដូចជា​ដំណើរការ​អភិវឌ្ឍ​រហូត​សព្វថ្ងៃនេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu