កណ្តាល ៖ ផ្ទះសំណាក់ឈ្មោះសុខានៅសង្កាត់ព្រែកឫស្សីក្រុងតាខ្មៅខេត្តកណ្តាល ដែលគេស្គាល់ថាជារបស់លោកស្រេងសុខាស្នងការរងទទួលផែនផ្សព្វផ្សាយអប់រំនៃស្នងការនគរបាលខេត្តកណ្តាល ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃក្រោមការសម្របសម្រួលដឹកនាំពីលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញធ្វើការឡោមព័ទ្ធ និងសម្រុកចូលទៅបង្ក្រាបក្រុមមេខ្លោងជួយដូរគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យ ចំនួនបួននាក់ រួមនឹងថ្នាំញៀន១កញ្ចប់ធំទម្ងន់១ខាំ។
ប្រតិបត្តិការបំបែកសំបុកគ្រឿងញៀននៅផ្ទះសំណាក់សុខានេះ សមត្ថកិច្ចនគរបាលក្រសួងបានសហការជាមួយនគរបាលមូលដ្ឋានធ្វើឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមសាក្សីឃើញហេតុការណ៍បញ្ជាក់អោយដឹងថា ក្រុមជនសង្ស័យទាំង៤នាក់មានស្ត្រីផងដែរនោះ ត្រូវកម្លាំងនគរបាលចាប់បញ្ចូលក្នុងរថយន្តទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ភ្លាមៗផងដែរ។
ប្រភពព័ត៌មានបានប្រាប់អោយដឹងថា មុនឈានដល់ចុះបង្ក្រាបសំបុកជួញដូរគ្រឿងញៀនក្នុងផ្ទះ សំណាក់របស់លោកស្នងការរងខាងលើនេះ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាមេខ្លោងក្នុងក្រុមជួញដូរគ្រឿងញៀននៅរាជធានី រហូតឈានដល់ការបង្ក្រាបនេះ។ បន្ទាប់ពីធ្វើការឆែកឆេររួច កម្លាំងបានបិទបន្ទប់ផ្ទះសំណាក់នោះ បណ្តោះអាសន្ន។ ចំណែកជនសង្ស័យ រួមនឹងវត្ថុតាងកម្លាំងជំនាញបានយកទៅរក្សាទុកនៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់។
ប្រជាពលរដ្ឋនៅក្បែរនោះបានខ្សឹបប្រាប់ ថា ផ្ទះសំណាក់ហ្នឹងមានរឿងច្រើនណាស់ ហើយច្រើនករណីទៀតតែដូចអត់មានសមត្ថកិច្ច អាជ្ញាធរថ្នាក់ណាហ៊ានប៉ះសោះ ដោយសារម្ចាស់ផ្ទះនោះជាអ្នកមានអំណាចម្នាក់នៅខេត្តកណ្តាល។ ចាំមើលលើកនេះថាតើម្ចាស់ផ្ទះសំណាក់នោះមានទោសដែរអត់?៕
Source: Kampuchea Thmey Daily
0 Comments