ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក John Bolton បានប្តេជ្ញាបង្កើនវិធីសាស្ត្រដ៏តឹងរ៉ឹងរបស់រដ្ឋបាលលោក Trump ចំពោះប្រទេសចិនដោយនិយាយថា “ឥរិយាបថរបស់ទីក្រុងប៉េកាំងត្រូវការកែតម្រូវនៅក្នុងវិស័យពាណិជ្ជកម្ម នៅក្នុងវិស័យអន្តរជាតិ យោធានិងនយោបាយ”។
ថ្លែងក្នុងបទសម្ភាសន៍តាមវិទ្យុក្នុងកម្មវិធី Hugh Hewitt Show ដែលថតកាលពីថ្ងៃព្រហស្បតិ៍និងចាក់ ផ្សាយនៅថ្ងៃសុក្រ លោក Bolton បាននិយាយថា លោកប្រធានាធិបតី Donald Trump ជឿថា ប្រទេសចិនបានទាញយកប្រយោជន៍ពីសណ្តាប់ធ្នាប់អន្ដរជាតិអស់រយៈពេលជាយូរមកហើយហើយមិនមានប្រជាជនអាមេរិកគ្រប់គ្រាន់ទេដែលក្រោកឈរឡើងប្រឆាំងនឹងវា។
លោកបាននិយាយទៀតថា “ឥឡូវនេះ ដល់ពេលដើម្បីធ្វើវាហើយ”។
លោក Bolton និយាយថា វិធីសាស្ត្រដ៏តឹងរ៉ឹងរបស់លោក Trump ចំពោះប្រទេសចិនបានធ្វើឲ្យទីក្រុងប៉េកាំងមានការយល់ច្រឡំ។ លោកបន្តថា “ពួកគេមិនដែលឃើញប្រធានាធិបតីអាមេរិករូបនេះមានភាពរឹងមាំទេពីមុនមក។ ខ្ញុំគិតថា ឥរិយាបថរបស់ពួកគេចាំបាច់ត្រូវតែកែតម្រូវនៅក្នុងវិស័យពាណិជ្ជកម្ម នៅលើឆាកអន្តរជាតិ យោធានិងនយោបាយនៅគ្រប់វិស័យទាំងអស់”។
សុន្ទរកថារបស់លោក Bolton បានកើតឡើងចំពេលដែលរដ្ឋបាលនេះបានប្រឆាំងនឹងចិនលើបញ្ហាជាច្រើនលើសពីសង្គ្រាមពាណិជ្ជកម្ម។ ទាំងនេះរួមមានការចោទប្រកាន់ក្រុងប៉េកាំងថា កំពុងព្យាយាមបំផ្លាញលោក Trump មុនការបោះឆ្នោតសភានៅខែក្រោយនិងចាត់វិធានការយោធាមិនប្រុងប្រយ័ត្ននៅក្នុងសមុទ្រចិនខាងត្បូង។
លោក Bolton បានហៅឥរិយាបថរបស់ចិននាពេលថ្មីៗនេះនៅសមុទ្រចិនខាងត្បូងថា “គ្រោះថ្នាក់” ហើយបាននិយាយថា សហរដ្ឋអាមេរិកបានតាំងចិត្តរក្សាផ្លូវសមុទ្រអន្តរជាតិឲ្យបើកចំហ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments