Ad Code

អារ៉ាប៊ីសាអ៊ូឌីត​ច្រានចោល​ការចោទប្រកាន់​ឃាតកម្ម “​គ្មាន​មូលដ្ឋាន​” ជុំវិញ​អ្នកកាសែត ​ដែល​បាត់​ខ្លួន



កាលពី​ថ្ងៃ​សៅរ៍ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​ច្រានចោល​ការចោទប្រកាន់​ដែល​ថា លោក Jamal Khashoggi ត្រូវបាន​គេ​បញ្ជា​ឲ្យ​សម្លាប់​ដោយ​ក្រុម​ធ្វើឃាត​នៅក្នុង​ស្ថាន​កុងស៊ុល​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​របស់ខ្លួន​ថា​ជា “​ការ​កុហក​និង​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​” ខណៈ​ទីក្រុង​រី​យ៉ា​ដ​និង​អង់កា​រ៉ា​មាន​ជម្លោះ​ជាមួយគ្នា​លើ​ជោគវាសនា​របស់​អ្នកកាសែត​ដែល​បាត់​ខ្លួន​រូបនេះ។

ខណៈដែល​ភាពចម្រូងចម្រាស​កាន់តែ​ខ្លាំង​ឡើង​នោះ កាសែត Washington Post បាន​រាយការណ៍​ថា ក្រុមមន្ត្រី​ទួរគី​ថត​បាន​សំឡេង​ពី​ខាងក្នុង​អាគារ​ដែល​គេ​សង្ស័យថា​បានបង្ហាញ​ពី​ការអះអាង​របស់​ពួកគេ​ថា​លោក Khashoggi ត្រូវបានធ្វើ​ទារុណកម្ម​និង​សម្លាប់​នៅក្នុង​ស្ថាន​កុងស៊ុល​។​

ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា គណៈប្រតិភូ​អារ៉ាប៊ីសាអ៊ូឌីត​បានមក​ដល់​ប្រទេស​ទួរគី​ដើម្បី​ធ្វើការ​ពិភាក្សា​ខណៈ​ករណីនេះ​កំពុង​បង្ក​ហានិភ័យ​ដល់​ទំនាក់ទំនង​ផុយស្រួយ​រវាង​ប្រទេស​ទាំងពីរ​។​

នៅក្នុង​ប្រតិកម្ម​លើកដំបូង​ពី​រដ្ឋមន្ត្រី​អារ៉ាប៊ីសាអ៊ូឌីត​ចំពោះ​ការចោទប្រកាន់​អំពី​ការសម្លាប់​លោក Khashoggi, រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក Abdel Aziz bin Saud bin Nayef បាន​និយាយថា “​អ្វីដែល​កំពុង​ផ្សាយ​អំពី​ការបញ្ជា​សម្លាប់​គាត់​គឺជា​ការ​កុហក​និង​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​”​។​

លោក​បន្តថា ព្រះរាជាណាចក្រ​មួយ​នេះ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ច្បាប់​និង​ប្រពៃណី​របស់ខ្លួន​ហើយ​ស្របតាម​ច្បាប់​និង​អនុសញ្ញា​អន្តរជាតិ​។​

រឿងក្តី​នេះ​បានធ្វើ​ឲ្យ​ខូចខាត​ដល់​រូបភាព​នៃ​ប្រទេស​នេះ​និង​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​លោកខាងលិច​ស្រប​ពេលដែល​ព្រះអង្គម្ចាស់ Mohammed bin Salman បាន​លើកកម្ពស់​ការធ្វើកំណែទម្រង់​នៅក្នុង​ប្រទេស​។​

អ្នកកាសែត​ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត​របស់​កា​សែត Washington Post លោក Khashoggi បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី​២​ខែតុលា​បន្ទាប់ពី​ចូលក្នុង​ស្ថាន​កុងស៊ុល​ដើម្បី​ទទួលយក​ឯកសារ​សម្រាប់​អាពាហ៍ពិពាហ៍​របស់គាត់​នាពេលខាងមុខ​។​

ប្រភព​រដ្ឋាភិបាល​ទួរគី​បាន​និយាយថា ប៉ូលិស​ជឿថា គាត់​ត្រូវបាន​សម្លាប់​ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ដ​បាន​បដិសេធ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu