ភ្នំពេញ ៖ ក្នុងរបាយការណ៍ស្តីពីការងារគ្រប់គ្រងគ្រោះ មហន្តរាយរយៈពេល ៩ខែ ឆ្នាំ ២០១៨ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានគូសបញ្ជាក់ថា ក្នុងឆមាសទី២ ឆ្នាំ២០១៨ អាកាសធាតុមានការប្រែប្រួលច្រើនទាំងក្នុងតំបន់ ទាំងក្នុងភូមិសាស្ត្រប្រទេសកម្ពុជា ដោយសារព្យុះក្នុងតំបន់កើតមានច្រើននៅពាក់កណ្តាលរដូវវស្សាខុសពីធម្មតា និងបង្កឲ្យមានព្យុះទឹកជំនន់ និងការបាក់ដីនៅតាមបណ្តាប្រទេសជាច្រើនក្នុងតំបន់។
ដោយឡែកកម្ពុជា បានទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងជាបន្តបន្ទាប់នៅតាមតំបន់ជាច្រើន ជំនន់ទន្លេមេគង្គ មានចលនាឡើងចុះចំនួន ៣ដង និងឡើងដល់កម្រិតប្រុងប្រយ័ត្ននៅតាមដងទន្លេមេគង្គ រួមទាំងទន្លេបាសាក់ បន្ទាប់ពីបានអាក់ខានអស់រយៈពេល ៤ឆ្នាំចុងក្រោយនេះ។
របាយការណ៍ដដែលបានបង្ហាញអំពីស្ថានការណ៍គ្រោះ មហន្តរាយរួមមាន ការខ្វះខាតទឹក ជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ ការបាក់ច្រាំងទន្លេ ស្ទឹង ខ្យល់កន្ត្រាក់ ជំងឺឆ្លង និងអគ្គិភ័យជាដើម។ ជាមួយគ្នានេះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានធ្វើ សេចក្តីសន្និដ្ឋានថា ក្នុងរយៈ ពេល ៩ខែ ឆ្នាំ២០១៨នេះ ព្យុះក្នុងតំបន់បានកើតមានចំនួន ២៥លើក បើទោះបីជាមិនទទួលរងឥទ្ធិពលផ្ទាល់ក៏ដោយចុះ ក៏កម្ពុជាបានទទួលរងនូវ ឥទ្ធិពលបន្ទាប់ពីអាកាសធាតុមានការប្រែប្រួលនេះ ពិសេសច្រើននៅពាក់កណ្តាលរដូវវស្សា ដែលបង្កឲ្យមានភ្លៀងធ្លាក់ជោកជាំក្នុងកម្រិតមិនធ្លាប់មាននៅតាមបណ្តាខេត្តមួយចំនួន បង្កឲ្យកើតមានជំនន់ទឹកភ្លៀង ជំនន់ទន្លេ មេគង្គចាប់ពីពាក់កណ្តាលខែកក្កដាមក។ ចំណែកតំបន់មួយចំនួនទៀតមានបរិមាណទឹកភ្លៀងធ្លាក់ខ្សោយនៅដំណាច់ខែកក្កដា ធ្វើឲ្យផល ដំណាំមួយចំនួនធំរងផលប៉ះពាល់ និងខូចខាតដូចជានៅខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ស្វាយរៀង ព្រៃ វែងជាដើម ដែលស្ថានភាពបែបនេះធ្វើឲ្យប្រជាកសិករប្រឈមនឹងការខ្វះខាត ទាំងផ្នែកជីវភាព សុខភាពក្នុងគ្រួ សារ និងសហគមន៍ ដែលចាំ បាច់ត្រូវមានការស្តារឡើង វិញ ក្នុងរយៈពេលវែង ក្នុងវិស័យកសិកម្ម សង្គមកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាដើម៕
Source: Kampuchea Thmey Daily
0 Comments