លោក Anwar Ibrahim បានវិលត្រឡប់មកឆាកនយោបាយម៉ាឡេស៊ីវិញនៅថ្ងៃសៅរ៍ ខណៈពេលការបោះឆ្នោត បានចាប់ផ្តើមនៅក្នុងការបោះឆ្នោតបំពេញបន្ថែមមួយ ដែលទំនងជាជួយសង្គ្រោះបុគ្គលគណបក្សប្រឆាំង ដែលធ្លាប់ជាប់ពន្ធនាគាររូបនេះ។
ការឈ្នះអាសនៈគឺជាតម្រូវការដ៏សំខាន់មួយសម្រាប់លោក Anwar ដើម្បីស្នងតំណែងនាយករដ្ឋមន្ត្រីអាយុ៩៣ឆ្នាំលោក Mahathir Mohamad ដែលបានដាក់ពន្ធនាគារអតីតជំនួយការនិងជាអ្នកគ្រងមរតករបស់គាត់ពីបទរំលោភកុមារានិងអំពើពុករលួយនៅឆ្នាំ១៩៩៨នៅពេលដែលទំនាក់ទំនងរបស់ពួកគេល្អកកករ ។
លោក Mahathir បានវិលត្រលប់មកកាន់តំណែងនាយករដ្ឋមន្ត្រីវិញនៅឆ្នាំនេះបន្ទាប់ពីទទួលបានជ័យជំនះក្នុងការបោះឆ្នោតដ៏ភ្ញាក់ផ្អើលដោយនិយាយថា លោកនឹងនៅតែកាន់អំណាចត្រឹមតែពីរឆ្នាំប៉ុណ្ណោះមុនពេលប្រគល់តំណែងទៅឲ្យលោក Anwar ។
លោក Anwar កំពុងជាប់ពន្ធនាគារនៅពេលដែលលោកបង្កើតសម្ព័ន្ធមិត្តទាំងមិននឹកស្មានដល់ជាមួយលោក Mahathir ក្នុងការប៉ុនប៉ងទម្លាក់លោកនាយករដ្ឋមន្ត្រី Najib Razak ដែលបានអំពាវនាវឲ្យរៀបចំការបោះឆ្នោតកាលពីខែឧសភាចំពេលមានការចោទប្រកាន់ពីអំពើពុករលួយដ៏ធំសម្បើម។
ម្នាក់ក្នុងចំណោមអ្នកប្រកួតប្រជែងចំនួន៦នាក់របស់លោក Anwar គឺជាអតីតជំនួយការម្នាក់ដែលក៏បានចោទប្រកាន់មេដឹកនាំគណបក្សប្រឆាំងរូបនេះពីបទរំលោភកុមារាផងដែរ។
ប៉ុន្តែអ្នកនយោបាយមានទេពកោសល្យរូបនេះត្រូវបានគេរំពឹងថានឹងទទួលបានជ័យជំនះយ៉ាងងាយស្រួលនៅក្នុងអាសនៈដែលត្រូវគេបោះបង់ចោលបន្ទាប់ពីសមាជិកម្នាក់នៃក្រុមចម្រុះកំពុងកាន់អំណាចបានលាឈប់ដើម្បីបើកផ្លូវចំពោះការវិលត្រឡប់របស់លោក Anwar។
ការបោះឆ្នោតបានចាប់ផ្តើមនៅក្រោមផ្ទៃមេឃពោរពេញដោយពពកនៅម៉ោង៨ព្រឹកក្នុងទីក្រុងមាត់សមុទ្រ Port Dickson ដែលជាសហគមន៍ជនជាតិភាគតិចចិននិងជាមូលដ្ឋានគ្រឹះនៃការគាំទ្ររបស់លោក Anwar។
លោក Anwar បានធ្វើយុទ្ធនាការយ៉ាងស្វិតស្វាញក្នុងរយៈពេលពីរសប្ដាហ៍កន្លងមកនេះដើម្បីធានាអាណត្តិមួយនៅក្នុងមណ្ឌលបោះឆ្នោតពហុពូជសាសន៍ដោយសន្យាដល់អ្នកបោះឆ្នោតនូវការអភិវឌ្ឍ រដ្ឋាភិបាលស្អាតស្អំនិងជំរុញដល់វិស័យទេសចរណ៍ក្នុងតំបន់៕ AFP
Source: Kampuchea Thmey Daily
0 Comments