Ad Code

អភិបាល​រាជធានី​ភ្នំពេញ ផ្តល់​ថវិកា​២​លាន​ជូន​ប្រជា​ការពារ ដែល​ត្រូវ​មន្ត្រី​ប៉េអឹម​ បាញ់ប្រហារ​ឲ្យ​រង​របួស



ភ្នំពេញ ​៖ ​ថវិកា​ចំនួន​២​លាន​រៀល ត្រូវបាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ឧបត្ថម្ភ​ជូន​ដល់​ក្រុមគ្រួសារ​ប្រជា​ការពារ​ម្នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ក្រោយពី​រងគ្រោះ​ដោយ​មន្ត្រី​ប៉េអឹម​ម្នាក់​ដក​កាំភ្លើង​បាញ់​ប្រហារ​ជាច្រើន​គ្រាប់​បណ្ដាល​ឲ្យ​រងរបួស​ជើង ក្នុងពេល​បំពេញភារកិច្ច​នោះ​។​

ថវិកា​ទាំងនេះ​ត្រូវបាន​លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ​ឬ​ស្សី​កែវ នាំយកទៅ​ប្រគល់ជូន​ដោយផ្ទាល់​ដៃដល់​មន្ទីរពេទ្យ​កាល់ម៉ែត កាលពី​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨​នេះ​។​

លោក ប្រាជ្ញ សីហា ខណៈ​នាំយក​ថវិកា​ចំនួន​២​លាន​រៀល មក​ឧបត្ថម្ភ​ជូន​ដល់​ក្រុមគ្រួសារ​ប្រជា​ការពារ​នេះ លោក​ក៏បាន​ពាំ​នាំយក​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ថែរក្សា​សុខភាព​បានល្អ ទាំង​ការហូប​ស្អាត រស់នៅ​ស្អាត និង​ជូនពរ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ ហើយ​អាច​ឆាប់​បាន​ចូល​បម្រើ​ការងារ ជូន​ប្រជាពលរដ្ឋ​ដូចដើម​វិញ។

សូមបញ្ជាក់​ថា ប្រជា​ការពារ​សង្កាត់​ឬ​ស្សី​កែវ​ម្នាក់ បាន​រង​ការបាញ់ប្រហារ​ជាច្រើន​គ្រាប់​ពី​បុរស​ម្នាក់ទៀត បណ្តាល​ឲ្យ​ត្រូវ​ជើង​រងរបួស​ធ្ងន់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​ម៉ោង​១២៖៥៥​នាទី​យប់ ឈានចូល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ នៅក្នុង​ផ្លូវលំ​លេខ​៣៤៥ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

ជនរងគ្រោះ​ដែល​រងរបួស​ជា​ប្រជា​ការពារ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ខ្លួន កំពុងតែ​ដេញ​ជនសង្ស័យ​ជិះ​ម៉ូតូ​២​គ្រឿង ដែល​បាន​បើក​គេច​ពី​កម្លាំង​ប្រជា​ការពារ និង​កម្លាំង​អន្តរាគមន៍​ខណ្ឌឫស្សីកែវ រហូត​ដេញតាម​មកដល់​ផ្លូវលំ​លេខ​៣៤៥ ស្រាប់តែ​ឮ​សំឡេង​កាំភ្លើង ទើប​ដឹងថា​ខ្លួន​ត្រូវ​បុរស​ម្នាក់​តាម​ដេញ​បាញ់​ពីក្រោយ ប្រមាណ​ជា​១០​គ្រាប់ បណ្ដាល​ឲ្យ​ចំ​ជើង​ខាងស្ដាំ​រងរបួស​។​

លោក គល់ យី អធិការនគរបាល​ខ​ណ្ឌ​ឬ​ស្សី​កែវ បាន​បញ្ជាក់ថា ភ្លាមៗ​បន្ទាប់ពី​ផ្ទុះអាវុធ កម្លាំង​នគរបាល​ខណ្ឌ​ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនសង្ស័យ។

ភ្លាមៗ​នោះ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់ យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​កាល់ម៉ែត​។ ជនបង្ក​ឈ្មោះ ឡាយ អ៊ីង​ឃី​ង អាយុ​២៧​ឆ្នាំ មុខរបរ​ជា មន្ត្រី​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ លី រតនៈ ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ មុខរបរ​ជា​ប្រជា​ការពារ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​។​

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនបង្ក​ខាងលើ ដើម្បី​យកទៅ​សួរនាំ​បន្ថែមទៀត នៅឯ​អធិការ​ខណ្ឌឫស្សីកែវ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu