អាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ត្រូវបានសហព័ន្ធខ្មែរកីឡាហែលទឹក រៀបចំធ្វើពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីចាប់ផ្តើមធ្វើការជួសជុលថ្មីឡើងវិញ ដែលនឹងត្រូវចំណាយថវិកាប្រមាណជាង២លានដុល្លារអាមេរិក។
ពិធីក្រុងពាលីនេះ មានការចូលរួមពីសំណាក់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងតំណាងសហព័ន្ធជាតិនានា។
ថ្លែងប្រាប់អ្នកកាសែតក្នុងឱកាសនោះ លោកបានឲ្យដឹងថា អាងចាស់គឺទទឹង២០ម៉ែត្រ និងបណ្ដោយ៥០ម៉ែត្រ។ នៅពេលជួសជុលជាថ្មីឲ្យត្រឹមត្រូវតាមស្តង់ដារ ដែលមានបំពាក់ប្រព័ន្ធពេលវេលាស្វ័យប្រវត្តិនោះ អាងត្រូវពង្រីកទំហំទទឹង២៥ម៉ែត្រ និងបណ្ដោយនៅរក្សា៥០ម៉ែត្រដដែល។ហេតុនេះហើយ គ្រឹះត្រូវធ្វើជាថ្មីឡើងវិញ។
លោកបានបញ្ជាក់ថា អាងសម្រាប់លោតដែលទំហំចាស់២០ម៉ែត្រគុណ២០ម៉ែត្រនោះ ទំហំថ្មីត្រូវតែពង្រីកដល់២៥ម៉ែត្រគុណ២១ម៉ែត្រ។ ការពង្រីកបែបនេះ វាប៉ះពាល់ទាំងស្រុងដល់កន្លែងសម្រាប់លោត ហេតុនេះកន្លែងសម្រាប់លោតត្រូវតែវាយចោលហើយធ្វើជាថ្មីឡើងវិញទាំងអស់។
ជាមួយគ្នានេះ ក៏ត្រូវជួសជុលអគារ ដែលក្នុងនោះមានទាំងការិយាល័យធ្វើការរបស់សហព័ន្ធ កន្លែងស្នាក់នៅ ហូបចុករបស់កីឡាករ-កីឡាការិនី។ កន្លែងហ្វឹកហាត់សាច់ដុំ ហាត់កម្លាំងដែលឧបករណ៍ទាំងនោះត្រូវតែទិញទាំងអស់។ ឧបករណ៍ចម្រោះទឹកឲ្យស្អាត គឺត្រូវតែបំពាក់ឲ្យត្រូវតាមស្តង់ដារអន្តរជាតិ។ ចំពោះកីឡាករ-កីឡាការិនីហែលទឹក ត្រូវតែមានការហូបចុកឲ្យបានត្រឹមត្រូវផងដែរ។
គួរបញ្ជាក់ថា អាងហែលទឹកនេះចាប់ផ្ដើមសាងសង់ឡើងដំណាលគ្នា នឹងស្តាតអូឡាំពិកដែរ គឺក្នុងឆ្នាំ១៩៦១ ដល់ឆ្នាំ១៩៦៥ ហើយនៅឆ្នាំ១៩៦៧ អាងទឹកនេះ បានបើកដំណើរការក្នុងការប្រកួតកីឡាGanefoលើកទី១ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
បន្ទាប់ពីនោះមក អាងនេះបានធ្វើសកម្មភាពប្រកួតជាច្រើនដោយមានទាំងការប្រកួតថ្នាក់ជាតិ និង អន្តរជាតិទៀតផង។ អាងនេះត្រូវបានខូចខាតក្នុងសម័យសង្គ្រាម ជាពិសេសក្នុងរបបខ្មែរក្រហមតែម្ដង។
ឆ្នាំ១៩៨០ដល់១៩៩០អាងនេះ ត្រូវបានរៀបចំស្ដារ និងមានសកម្មភាពឡើងវិញ។
ជាមួយការបើកដំណើរការឡើងវិញនេះ នៅឆ្នាំ១៩៩០នេះដែរ អាងនេះបានខូចខាតប្រព័ន្ធអគ្គិសនី និងប្រព័ន្ធបង្ហូរទឹក។ ចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០០០ ស្ថានទូតអូស្ត្រាលីបានឧបត្ថម្ភម៉ាស៊ីនភ្លើង និងនិងកែសម្រួលប្រព័ន្ធ និងសម្ភារៈខូចខាតឲ្យមានភាពប្រសើរឡើងវិញ។
ក្នុងឆ្នាំ២០០០មកដល់បច្ចុប្បន្ន អ្វីៗទាំងអស់បានខូចខាតទាំងស្រុងដោយមិនអាចកែលំអ និង ជួសជុលបានវិញឡើយ។ ដូច្នេះហើយទើបត្រូវជួសជុលឡើងវិញនោះ៕
Source: Kampuchea Thmey Daily
0 Comments