ភ្នំពេញ ៖ ក្រសួងសុខាភិបាលគ្រោងនឹងសាងសង់មន្ទីរពេទ្យនិងមណ្ឌលសុខភាពបន្ថែមទៀតនៅខេត្តជាប់ព្រំដែនកម្ពុជា ថៃដើម្បីបង្ខិតសេវាព្យាបាលឲ្យកាន់តែខិតជិតប្រជាពលរដ្ឋរស់នៅជនបទដាច់ស្រយាល និង នៅតាមព្រំដែនសំដៅលើកកម្ពស់សុខភាពឲ្យកាន់តែល្អប្រសើរថែមទៀត។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឲ្យដឹងថា ការសាងសង់ មន្ទីរពេទ្យនិងមណ្ឌលសុខភាពបន្ថែមទៀតនៅតាមព្រំដែនកម្ពុជា-ថៃនេះ ក្រសួងបានអនុវត្តតាំងពីឆ្នាំ២០១៧កន្លងទៅនេះ ដោយសាងសង់ នៅប៉ៃលិន ឧត្តរមានជ័យ និងខេត្តបាត់ដំបងខណៈដែលក្រសួងបានសាងសង់អគារមន្ទីរពេទ្យរួចមកហើយនៅតាមព្រំដែននៅខេត្តព្រះវិហារនិងខេត្តបន្ទាយមានជ័យ។
លោក រដ្ឋមន្ត្រីបានបន្ថែមថាគោលបំណងក្នុងសាងសង់មន្ទីរពេទ្យនៅជាប់ព្រំដែននេះគឺដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋពិសេសប្រជាពលរដ្ឋ ដែលមានវ័យចាស់ជរា កុមារ ជនគ្មានទីពឹងជនពិការនិងស្ត្រីមានផ្ទៃពោះដោយមិនចាំបាច់ចំណាយពេលវេលានិងថវិកាក្នុងការទៅទទួលសេវានៅតាមមន្ទីរពេទ្យ ឬ មណ្ឌលសុខភាពដែលនៅឆ្ងាយៗ ឬ ឆ្លងដែនទៅព្យាបាលជំងឺនៅប្រទេសជិតខាងឡើយ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ជាងនេះទៅទៀត គឺដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់បងប្អូនប្រជាពលរដ្ឋជាជនចំណាកស្រុកដែលបានចាកចេញពីស្រុកកំណើតពីតាមបណ្តាខេត្តនានាមកប្រកបមុខរបរផ្សេងៗនៅតាមព្រំដែន ដែលពួកគាត់ត្រូវការសេវាសុខាភិបាលជាចាំបាច់។
លោករដ្ឋមន្ត្រីបានបន្ថែមឲ្យដឹងទៀតថា មន្ទីរពេទ្យដែលសាងសង់នេះមានបំពាក់នូវសម្ភារៈបរិក្ខារគ្រប់គ្រាន់ជាមួយនឹងគ្រូពេទ្យ ដែលមានជំនាញច្បាស់លាស់និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាពដោយមិនមានការរើសអើងប្រកាន់តួនាទីឋានៈឬជីវភាពអ្វីឡើយ។
ក្រៅពីនេះក្រសួងក៏បាននឹងកំពុងសាងសង់មន្ទីរពេទ្យបន្ថែមទៀត នៅតាមមន្ទីរពេទ្យនៅថ្នាក់មជ្ឈិមមួយចំនួនផងដែរ ដូចជាមន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យកាល់ម៉ែត និង មន្ទីរពេទ្យផ្សេងៗទៀតដើម្បីបង្កើនការព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋប្រកបដោយគុណភាពខ្ពស់ស្របតាមសាកលភារូវបនីយកម្ម។
ចំណែកលោកស្រី យឹម សុខារី នាយិកាប្រតិបត្តិអង្គការកម្មវិធីជួយកុមារអនាថានិងអភិវឌ្ឍន៍ដែលកំពុងធ្វើការជាមួយកុមារនៅខេត្តជាប់ព្រំដែនបានគាំទ្រឲ្យមានមន្ទីរពេទ្យ ឬ មណ្ឌលសុខភាពនៅតាមព្រំដែនបន្ថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែនទទួលបាននូវសេវាសុខាភិបាលនិងអាចកាត់បន្ថយប្រជាពលរដ្ឋមួយចំនួនដែលមានជីវភាពធូរធារឆ្លងកាត់ព្រំដែនចេញទៅព្យាបាលជំងឺនៅប្រទេសជិតខាងផងដែរ។
គួរបញ្ជាក់ថា តាមរបាយការណ៍របស់របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា រហូតមកដល់ពេលនេះនៅប្រទេសកម្ពុជាមានមន្ទីរពេទ្យថ្នាក់ជាតិចំនួន៣៣ មន្ទីរពេទ្យបង្អែករាជធានី ខេត្តចំនួន៧៨ ស្រុកប្រតិបត្តិចំនួន៩៨ មណ្ឌលសុខភាពចំនួន១០៩១ និង ប៉ុស្តិ៍សុខភាពចំនួន៩៦៕
Source: Kampuchea Thmey Daily
0 Comments