អ្នកចាំទីដៃស្អិត ស៊ូ យ៉ាទី សមាជិកក្នុងក្រុមជម្រើសជាតិកម្ពុជា ដែលទើបជួយក្រុមណាហ្គាវើល ឈ្នះជើងឯកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) ប្រចាំរដូវកាលឆ្នាំ២០១៨ កំពុងតែមានបញ្ហារបួសប្រេះឆ្អឹងដៃខាងឆ្វេង ហើយរបួសនេះអាចគំរាមកំហែងដល់កៅអីក្នុងក្រុមជម្រើសជាតិដែលកំពុងតែត្រៀមប្រកួតមិត្តភាពអន្តរជាតិនិងពានរង្វាន់ AFF Suzuki Cup 2018 ចុងឆ្នាំនេះ។
កីឡាកររូបនេះបានលើកឡើងថា «ដៃខ្ញុំប្រេះឆ្អឹង ហើយពេទ្យគេថាអាចសម្រាក ១ខែ ទៅ ១ខែកន្លះ ទើបអាចចូលហ្វឹកហាត់បាន ។ របួសនេះ អាចប៉ះពាល់ដល់ទម្រង់លេងរបស់ខ្ញុំ ព្រោះខ្ញុំត្រូវសម្រាកយូរ ហើយការប្រមូលផ្ដុំជម្រើសជាតិក្នុងពេលឆាប់ៗ។ ខ្ញុំមានការសោកស្ដាយ ព្រោះខ្ញុំមានបញ្ហារបួសអញ្ចឹង។ ខ្ញុំក៏មិនចង់ដែរ ចឹងខ្ញុំមិនអាចចូលរួមបានទេ»។ កីឡាករ ស៊ូ យ៉ាទី ទើបតែជាពីរបួសរហែកសាច់ដុំក្រោយធ្វើដំណើរទៅដល់ណាហ្គាវើល កាលពីខែកក្កដា កន្លងទៅ។
និយាយពី ស៊ូ យ៉ាទី រូបគេបានចាប់អាជីពជាអ្នកចាំទីដំបូងជាមួយក្រុមបៀលប្រាយ នៅឆ្នាំ២០១៦ដល់២០០៧ ខណៈនៅឆ្នាំ២០០៩ ដល់២០១៣ រូបគេចូលរួមជាមួយក្រុមក្រសួងការពារជាតិ និងពីឆ្នាំ២០១៣ ដល់២០១៥ គេផ្លាស់ទៅក្រុមភ្នំពេញក្រោន និងពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ន ចូលរួមជាមួយបឹងកេត។ ចាប់ពីឆ្នាំ២០១២ ដល់បច្ចុប្បន្នរូបគេជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា ពីឈុត U22 ដល់ឈុតធំផងដែរ។
មុនមានការវិវត្តន៍អាជីពរបស់ខ្លួនពីក្លិបមួយទៅក្លិបមួយ ស៊ូ យ៉ាទី ធ្លាប់ឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១០ ជាមួយក្រសួងការពារជាតិ ហើយនៅឆ្នាំ២០១៤ ឈ្នះជើងឯកពានរង្វាន់លីគកំពូលកម្ពុជា ជាមួយភ្នំពេញក្រោន ខណៈនៅឆ្នាំ២០១៦និង២០១៧ ឈ្នះជើងឯកលីគកំពូលកម្ពុជា ជាមួយបឹងកេតម្តង។ នៅឆ្នាំ២០១៥ គេធ្លាប់ឈ្នះជើងឯករងពានរង្វាន់ 2015 Mekong Club Championship ជាមួយបឹងកេត ក្រោយចាញ់ក្រុមថៃ Buriram United ១ទល់០។ ចំណែកពានរង្វាន់ឯកត្តជនវិញគេធ្លាប់ឈ្នះពានរង្វាន់ស្រោមដៃមានលីគកំពូលកម្ពុជាឆ្នាំ២០១៤ និង២០១៧ ផងដែរ ខណៈក្នុងពាន 2015 Mekong Club Championship ឈ្នះស្រោមដៃមាសដូចគ្នា៕
Source: Kampuchea Thmey Daily
0 Comments