Ad Code

រដ្ឋមន្ត្រី​សុខាភិបាល ​ក្រើនរំលឹក​ដល់​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​គ្រប់គ្រង​ឱសថ​ឲ្យ​បាន​ត្រឹមត្រូវ



ភ្នំពេញ ​៖ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​បាន​ក្រើនរំលឹក​ដល់​មន្ត្រី​សុខាភិបាល​ដែល​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​គ្រប់គ្រង​ឱសថ​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​ នេះ​បើ​យោងតាម​គេហទំព័រ​របស់​ក្រសួងសុខាភិបាល។

លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បែបនេះ​នៅក្នុង​ឱកាស​ដែល​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ស្តី​ពី​ការ​ផ្សព្វផ្សាយ​បញ្ជី​ឱសថ​សារវន្ត​ និង ​ការ​លើកកម្ពស់​ការប្រើប្រាស់​អង់​ទី​ប៊ី​យូ​ទិ​ក​សមស្រប​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ខេត្តកំពង់ឆ្នាំង​។

លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍​ទៀតថា​ « ឱសថ​សារវន្ត​ជួយសង្គ្រោះ​ជីវិត​ប្រសិនបើ​វា​ត្រូវ​បាន​ប្រើប្រាស់​និង​គ្រប់គ្រង​បាន​ត្រឹមត្រូវ​ដោយ​មិន​ខ្ជះខ្ជាយ​និង​ទុកដាក់​មិន​ឲ្យ​ខូចគុណភាព​។ គ្រូពេទ្យ​ពូកែ​តែ​ឱសថ​អន់​គុណភាព​ឬ​មិនល្អ​ដោយសារ​ប្រការ​ណាមួយ​នោះ វា​នឹង​ជះឥទ្ធិពល​ដល់​ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល ដែល​ផ្តល់​ជា​កត្តា​អវិជ្ជមាន​ជាច្រើន​ដល់​សេវា​សុខាភិបាល​សា​ធា​រណ និង ​ធ្វើ​ឲ្យ​ប្រជាជន​ឬ​អតិថិជន​បាត់បង់​នូវ​ជំនឿ​លើ​សេវា​រដ្ឋ​របស់​យើង​»​។

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​មានប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា ការប្រើប្រាស់​ឱសថ​មិន​ត្រឹម​ត្រូវ​ គឺជា​បញ្ហា​ដ៏​ធំ​នៅ​ទូទាំង​ពិភពលោក​។ អង្គការ​សុខភាព​ពិភពលោក​បាន​ប៉ាន់​ស្មានថា ឱសថ​មួយចំនួន (​ប្រហែលជា​ពាក់​កណ្តាល​)​ ត្រូវ​បាន​ចេញ​វេជ្ជបញ្ជា​បើក​ផ្តល់​ ឬ​ លក់​ដោយ​មិន​ត្រឹមត្រូវ ហើយ​ប្រហែលជា​ពាក់​កណ្តាល​ទៀត ត្រូវ​អ្នកជំងឺ​ប្រើប្រាស់​មិន​ត្រឹមត្រូវ​។ ការប្រើប្រាស់​លើស​កម្រិត ខ្វះ​កម្រិត​ឬ​ការប្រើប្រាស់​មិន​ត្រឹមត្រូវ ធ្វើអោយ​ខាតបង់​ធនធាន​និង​ធ្វើ​ឲ្យ​កាន់​តែមាន​គ្រោះថ្នាក់​ដល់​សុខភាព​។

លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ​សុខាភិបាល ប្រធាន​មន្ទីរពេទ្យ និង មណ្ឌល​សុខភាព ត្រូវ​ពង្រឹង​ការងារ​គ្រប់គ្រង​ឱសថ​និង​ការប្រើប្រាស់​ឱសថ​សមស្រប​នៅក្នុង​មន្ទីរពេទ្យ និង មណ្ឌល​សុខភាព ដែល​តម្រូវ​ឲ្យ​មាន​កា​រ​ចុះ​អភិបាល​និង​តាមដាន​លើ​ការងារ​នេះ​ពី​គ្រប់​កម្រិត​និង​រៀបចំ​ទុកដាក់​ឱសថ បរិក្ខារ​ពេទ្យ​ទៅតាម​គោលការណ៍​ណែនាំ ជា​វិធី​មួយ​ក្នុង​ការធានា​គុណភាព​របស់​ឱសថ និង បរិក្ខារ​ពេទ្យ។

ជា​មួយ​គ្នា​នេះ​ដែរ ​លោក​រដ្ឋ​មន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រសួងសុខាភិបាល​នឹងធ្វើ​ច្បាប់​ថ្មី​មួយទៀត ដើម្បី​គ្រប់គ្រង​កន្លែង​សេវា​ឯកជន​ហើយ​ឱសថ​ដែល​អនុញ្ញាត​ឲ្យ​ដាក់​លក់ ត្រូវ​បាន​ចុះបញ្ជី​ការត្រឹមត្រូវ​ហើយ​នៅ​ក្នុង​ពេល​ខាងមុខ​ក្រសួង​នឹង​រៀបចំ​ការចុះបញ្ជី​ការ​ឱសថ​តាម​ប្រព័ន្ធ​អន​ឡាញ​ដើម្បី​ឲ្យ​មាន​ភាព​ងាយស្រួល​ដល់​ពាណិជ្ជករ ​និង ​មាន​ភាព​ត្រឹមត្រូវ​ផងដែរ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu