ខ្សែបម្រើកណ្តាល កីឡាករ ឈុន សុធារ័ត្ន របស់ក្រុមបឹងកេតអែហ្វស៊ី បានប្រកាសព្យួរស្បែកជើងពីអាជីពជាកីឡាករនៅថ្ងៃអាទិត្យទី៣០ខែកញ្ញាឆ្នាំ២០១៨ថ្មីៗនេះ ពោលគឺក្រោយប្រកួតបិទរដូវកាលឆ្នាំ២០១៨ គឺក្រោយរូបគេបានប្រឡូកក្នុងអាជីពនេះអស់រយៈពេលជាង១០ឆ្នាំ។
យ៉ាងណាក្តីលោក បែ មករា អ្នកចាត់ការទូទៅក្រុមបឹងកេតអែហ្វស៊ី បានបញ្ជាក់ជុំវិញអនាគតរបស់ម្ចាស់អាវលេខ១៦ រូបនេះថា ក្លិបបានសម្រេចចិត្តឲ្យរូបគេធ្វើការជាគ្រូជំនួយក្នុងក្លិបបឹងកេត បន្ទាប់ពីសម្រេចចិត្តចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់នេះ។ សាមីខ្លួនវិញបានលើកឡើងជុំវិញការងារថ្មីរបស់ខ្លួនដែលថា «ពេលខ្ញុំចូលនិវត្តន៍ទៅ ក្លិបគាត់ផ្ដល់ឱកាសឲ្យខ្ញុំធ្វើជាគ្រូយុវជន ឬអាចជាគ្រូជំនួយ។ និយាយពីអាជីពបាល់ទាត់វិញ កីឡាករមួយៗនៅតែចង់លេង។ តែធ្វើម៉េចបើវ័យយើងវាកាន់តែច្រើន កម្លាំងយើងក៏ហាក់ធ្លាក់ចុះទៅទៀត។ តែខ្ញុំសប្បាយចិត្តដែលបានចូលរួមក្រុមការងារគ្រូបង្វឹកនេះ ហើយខ្ញុំនឹងតាំងចិត្តក្រេបយកបទពិសោធថ្មីៗបន្ថែមទៀត»។
ក្នុងអាជីពរបស់ខ្លួនកីឡាករ ដែលមានស្រុកកំណើតនៅខេត្តកណ្តាលរូបនេះ ធ្លាប់លេងឲ្យក្លិបតែ២ប៉ុណ្ណោះ គឺចាប់ផ្ដើមអាជីពក្រុមធំនៅក្លិបបៀលប្រាយយូណាយធីត ក្នុងឆ្នាំ២០០៧ ខណៈនៅចុងឆ្នាំ២០១៣ រូបគេបានផ្ទេរទៅចូលរួមក្រុមបឹងកេតអែហ្វស៊ី រហូតដល់ថ្ងៃប្រកាសព្យួរស្បែកជើងនេះតែម្តង។
ពេលចូលរួមជាមួយក្រុមបឹងកេត ឈុន សុធារ័ត្ន ធ្លាប់បានរួមចំណែកជួយក្រុមឈ្នះជើងឯកពានរង្វាន់លីគកំពូលកម្ពុជា ចំនួន២ដង គឺនៅក្នុងរដូវកាល២០១៦និង២០១៧ ព្រមទាំងបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រពាន Mekong Club Championship 2015 ផងដែរ។ បើនិយាយពីកៅអីក្នុងក្រុមជម្រើសជាតិកម្ពុជា វិញ ឈុន សុធារ័ត្ន ធ្លាប់ជាប់ឈ្មោះតាំងពីឆ្នាំ២០០៨ មកព្រមទាំងត្រូវបានលោក Lee Tae Hoon ដែល ជាគ្រូបង្វឹកនៅកាលនោះតែងតាំងធ្វើជាប្រធានក្រុមនៅស៊ីហ្គេម២០១៣ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments