ភ្នំពេញ ៖ ការដាក់បទបញ្ជានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពីរៀបចំប្រារព្ធទិវាគ្រូបង្រៀនពិភពលោករបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ ខាងមុខ និងបានអះអាងថា បើម្ចាស់សំណើនៅតែរឹងទទឹងរៀបចំនៅទីនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
លោកស្រី រស់ ម៉ាល័យ តំណាងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលបានចូលរួមក្នុងកិច្ចពិភាក្សាបានថ្លែងថា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ ខាងមុខ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នឹងរៀបចំប្រារព្ធទិវាគ្រូបង្រៀនពិភពលោកក្រោមប្រធានបទ “សិទ្ធិទទួលបានការអប់រំ និងសិទ្ធិទទួលបានគ្រូបង្រៀនមានគុណភាព” ដែលកម្មវិធីនេះ នឹងធ្វើឡើងនៅវេលាម៉ោង៨ព្រឹក នៅសួនច្បារវត្តភ្នំ រួចដង្ហែក្បួនទៅដាក់ញត្តិជូនក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុនសែន ដោយមានអ្នកចូលរួមប្រមាណ៥០០នាក់។
តាមលោកស្រី រស់ ម៉ាល័យ ទិវានេះរៀបចំឡើងក្នុងគោលបំណង ទី១, ទាមទារឲ្យរាជរដ្ឋាភិបាលដំឡើងប្រាក់ខែគោលអប្បបរមា២លានរៀលជូនគ្រូបង្រៀន ទី២, ត្រូវមានវិធានការទប់ស្កាត់ និងស៊ើបអង្កេតអំពើពុករលួយនៅក្នុងស្ថាប័នអប់រំគ្រប់កំរិត ទី៣, ត្រូវផ្ដល់កុំព្យូទ័រ សម្ភារៈពិសោធន៍ សម្ភារៈឧបទេ្ទស សៀវភៅមេរៀនសម្រាប់សិស្ស និងគ្រូ ដល់គ្រឹះស្ថានសិក្សា និងសាលារៀនគ្រប់កំរិត ទី៤, ត្រូវផ្ដល់ប្រាក់ឧបត្ថម្ភបុណ្យជាតិនីមួយៗចំនួន១៥ម៉ឺនរៀល ជូនគ្រូបង្រៀន ដូចជា បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំជាដើម។
ទាក់ទងបញ្ហានេះ លោក ហាន ឌីវីន តំណាងក្រសួងអប់រំ យុវជន និងកីឡា ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនោះបានលើកឡើងថា លោកឯកភាព ដែលមិនអនុញ្ញាតឲ្យមានការដង្ហែក្បួនទៅស្ថាប័នពាក់ព័ន្ធណាមួយ ដោយចាត់តំណាងឲ្យទទួលញត្តិនៅទីតាំងប្រារព្ធតែម្ដង ដើម្បីជៀសវាងកុំឲ្យមានផលប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជាពិសេសការកកស្ទះចរាចរណ៍តាមដងផ្លូវ ពីព្រោះនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នោះ ក្រសួងអប់រំ នឹងរៀបចំប្រារព្ធទិវាគ្រូបង្រៀនពិភពលោកដែរ ក្រោមប្រធានបទ ”គុណភាពគ្រូ ជាគុណភាពមូលធនមនុស្ស សម្រាប់ការវិវត្តន៍ប្រកបដោយចីរភាព” ដែលកម្មវិធីនេះនឹងរៀបចំធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
តាមលោក ហាន ឌីវីន គោលបំណងដែលសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានលើកឡើងខាងលើនេះ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ និងដោះស្រាយរួចរាល់ហើយ។
ក្រោយកិច្ចពិភាក្សាគ្នារួចអង្គប្រជុំបានសម្រេច ទី១, ចំពោះការរៀបចំប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនៅថ្ងៃទី០៥ ខែតុលា ខាងមុខ របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឲ្យរៀបចំនៅទីលានប្រជាធិបតេយ្យ ឫស្សីកែវ ហើយក្នុងករណីម្ចាស់សំណើ នៅតែរៀបចំពិធីខាងលើ នៅសួនច្បារវត្តភ្នំ ឬសួនច្បារ cdc នោះ ម្ចាស់សំណើត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន។
ទី២, ចំពោះការស្នើសុំជួបជុំរៀបចំពិធីចំនួន៥០០នាក់នោះ តាមច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធី រដ្ឋបាលរាជធានីភ្នំពេញ មានសិទ្ធិសម្រេចត្រឹមតែ២០០នាក់ប៉ុណ្ណោះ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងស្នើសុំការសម្រេចពីក្រសួងមហាផ្ទៃ។ ទី៣, ម្ចាស់សំណើបានឯកភាពពុំមានការដង្ហែក្បួនតាមផ្លូវសាធារណៈទៅក្រសួងអប់រំ និងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន ស្ថាប័នទាំងពីរ ត្រូវចាត់តំណាងទៅទទួលញត្តិនៅទីលានប្រជាធិបតេយ្យ ឫស្សីកែវ។
ទី៤, រដ្ឋបាលខណ្ឌឫស្សីកែវ ត្រូវបង្កើតគណៈបញ្ជាការស្រាល ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗ។ ចំពោះការការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងពិធីជួបជុំ ម្ចាស់សំណើជាអ្នកទទួលខុសត្រូវ សមត្ថកិច្ចទទួលខុសត្រូវការពារពីខាងក្រៅ ហើយក្នុងករណីមានជនសង្ស័យ ត្រូវរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចាត់វិធានការអោយបានទាន់ពេលវេលា។
ទី៥, រដ្ឋបាលខណ្ឌដូនពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវរៀបចំដាក់កម្លាំងប្រចាំការ មិនឲ្យមានការប្រមូលផ្ដុំជួបជុំនៅសួនច្បារវត្តភ្នំ ឬសួនច្បារ CDC។
ទី៦, ម្ចាស់សំណើត្រូវធានាថា មិនយកកម្មវិធីនេះ ធ្វើសកម្មភាពវាយប្រហារដល់ព្រះមហាក្សត្រ រាជរដ្ឋាភិបាល ប្រទេសជិតខាង និងឥស្សរជនជាន់ខ្ពស់ណាម្នាក់ឡើយ។
ទាក់ទងបញ្ហានេះ លោក រ៉ុង ឈុន ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានថ្លែងប្រាប់កម្ពុជាថ្មីថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យមានខកចិត្ត ដែលមិនបានរៀបចំនៅសួនច្បារវត្តភ្នំ ឬសួនច្បារ CDC ។ លោកបញ្ជាក់ថា លោកចង់ឲ្យសាលារាជធានីភ្នំពេញ ពិភាក្សាឡើងវិញលើបញ្ហានេះ ពីព្រោះតាមការជូនដំណឹងនេះ មិនមានប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព ឬ សណ្តាប់ធ្លាប់សាធារណៈនោះទេ ហើយការរៀបចំនៅវត្តភ្នំ វាមានភាពងាយស្រួលសម្រាប់អ្នកចូលរួម ក្នុងនោះមានទាំងអ្នកសារព័ត៌មានផងដែរ៕
Source: Kampuchea Thmey Daily
0 Comments