Ad Code

អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រឈម​ការវាយប្រហារ​ដោយ​ពួក​សកម្មប្រយុទ្ធ ​ខណៈ​មណ្ឌលបោះឆ្នោត​បើកទ្វារ​



ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ កំពុង​ប្រឈម​នឹង​អំពើហិង្សា​សម្លាប់​មនុស្ស​ខ្លាំង​ជាង​មុន​នៅ​ថ្ងៃ​សៅរ៍​ ខណៈ​ការបោះឆ្នោត​បានចាប់ផ្តើម​នៅក្នុង​ការបោះឆ្នោត​នីតិបញ្ញត្តិ​ពន្យារ​ពេល​ដ៏​យូរ​ដែល​ក្រុម​តា​លី​បង់​ប្តេជ្ញា​វាយប្រហារ​។​

មណ្ឌលបោះឆ្នោត​បាន​បើក​នៅ​ម៉ោង​៧​ព្រឹក​នៅ​ទូទាំងប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ​ខណៈ​កងកម្លាំង​សន្តិសុខ​៥៤,០០០​នាក់​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ការពារ​ពួកគេ​។​

ប៉ុន្តែ​មានការ​ព្រួយបារម្ភ​ថា ការសម្លាប់​មេ​ប៉ូលិស​ដ៏​មានអំណាច​មួយរូប​នៅ​ភាគខាងត្បូង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នឹង​បំភ័យ​អ្នកបោះឆ្នោត​ជាច្រើន​នាក់​។​

ការបោះឆ្នោត​ត្រូវបាន​ពន្យារពេល​នៅក្នុង​ខេត្ត Kandahar រហូតដល់​ថ្ងៃទី​២៧​ខែតុលា​បន្ទាប់ពី​ការវាយប្រហារ​របស់​ពួក​តា​លី​បង់​លើ​កិច្ចប្រជុំ​សន្តិសុខ​អាមេរិក - អា​ហ្វ​ហ្គា​នី​ស្ថាន​មួយ​បានសម្លាប់​មនុស្ស​បីនាក់​រួមទាំង​លោក​ឧ​ត្ត​ម​សេនីយ៍ Abdul Raziq ផងដែរ​។​

លោក​ឧ​ត្ត​ម​សេនីយ៍ Scott Miller ដែលជា​មេបញ្ជាការ​ជាន់ខ្ពស់​អាមេរិក​និង​អង្គការ​ណា​តូ​ប្រចាំ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បានគេច​ផុតពី​ការបាញ់ប្រហារ​ប៉ុន្តែ​មនុស្ស​១៣​នាក់​ទៀត​រងរបួស​។​

គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ឯករាជ្យ (IEC) កាលពី​ថ្ងៃ​សុក្រ​បាន​ជំរុញ​ឲ្យ​អ្នកបោះឆ្នោត​ចេញទៅ​បោះឆ្នោត​ហើយ​បាន​អំពាវនាវ​ដល់​អ្នកដទៃ​មិន​ឲ្យ​ជ្រៀតជ្រែក​ក្នុង​ដំណើរការ​នេះ​។​

ប្រមុខ IEC លោក Abdul Badi Sayyad បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​ពួកគេ​គួរតែ​គោរព​ភាពមិនលំអៀង​នៅក្នុង​ការបោះឆ្នោត​ដើម្បី​ឲ្យ​យើង​មានការ​បោះឆ្នោត​មួយ​ប្រកបដោយ​តម្លាភាព មិន​លំអៀង​និង​យុត្តិធម៌​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​”​។​

ប្រជាជន​ជិត​៩​លាន​នាក់​បាន​ចុះឈ្មោះ​បោះឆ្នោត​នៅក្នុង​ការបោះឆ្នោត​សភា​ដែល​ពន្យា​ពេល​ជាង​បី​ឆ្នាំ​ហើយ​ជា​លើក​ទី​បី​ចាប់តាំងពី​ការដួលរលំ​នៃ​ពួក​តា​លី​បង់​ក្នុង​ឆ្នាំ​២០០១​។​

ប៉ុន្តែ​ការគំរាមកំហែង​នៃ​ការវាយប្រហារ​និង​ការរំពឹងទុក​អំពី​ការលួចបន្លំ​ដ៏​ធំ​ត្រូវបាន​គេ​គិតទុក​ថា​នឹង​រារាំង​អ្នកបោះឆ្នោត​មិន​ឲ្យ​បង្ហាញខ្លួន​នៅ​មណ្ឌលបោះឆ្នោត​ជាង​៥,០០០​កន្លែង​។​

គួរ​បញ្ជាក់ថា រហូតមកដល់​ពេលនេះ បេក្ខជន​យ៉ាងតិច​១០​នាក់​ក្នុងចំណោម​ជាង​២,៥០០​នាក់​ដែល​ចូលរួម​ប្រជែង​ក្នុងការ​បោះឆ្នោត​សភា​ជាន់​ទាប​គឺ​ត្រូវបាន​សម្លាប់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu