ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃអង្គការខេមបូឌាវីសិន (អូស្ត្រាលី) ចំនួន ១៤០នាក់ ដែលបានមកព្យាបាលអ្នកជំងឺឥតគិតថ្លៃប្រមាណជាង ៤.០០០នាក់ កាលពីថ្ងៃទី២៣-២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងបានពិសារអាហារសាមគ្គីរួមគ្នា នៅភោជនីយដ្ឋានឡឺប្រេស៊ីដង់ រាជធានីភ្នំពេញ នារាត្រីថ្ងៃច័ន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៨។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តស្វាយរៀង ដែលដឹកនាំដោយ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងរួមសហការជាមួយមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដឹកនាំដោយលោក កែ រដ្ឋា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់អង្គការខេមបូឌាវីសិន (អូស្ត្រាលី) ដឹកនាំដោយ លោក ជេក ម៉េងលី ដែលក្រុមគ្រូពេទ្យទាំងអស់បានចំណាយទាំងថវិកា និងពេលវេលាមកព្យាបាលដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋក្រីក្រក្នុងខេត្តស្វាយរៀង។
លោកជំទាវកិត្តសង្គហបណ្ឌិតបានបន្តទៀតថា សកម្មភាពមនុស្សធម៌នេះពិតជាមានតម្លៃណាស់ ដែលកើតចេញអំពីទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសអូស្ត្រាលី បានរួមគ្នាបង្កើតជាក្រុមមួយសម្រាប់ធ្វើការងារមនុស្សធម៌នេះ និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ។
ក្នុងរាត្រីនោះផងដែរ ក៏មានការចូលរួមថវិកាមនុស្សធម៌ពីសំណាក់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ដោយប្រមូលបានថវិកាបានជាង ១០ម៉ឺនដុល្លារ សម្រាប់បន្តគម្រោងព្យាបាលក្នុងឆ្នាំ២០១៩ ខាងមុខនេះ។
លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានសំណូមពរឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកព្យាបាលនៅខេត្តស្វាយរៀងនៅគម្រោងបន្តបន្ទាប់ទៀត៕
Source: Kampuchea Thmey Daily
0 Comments