Ad Code

កីឡាករ​២០​នាក់​កោះ​ហៅ​ចូល​ក្រុម U17 កម្ពុជា ត្រៀម​ចេញទៅ​ប្រកួត​ក្នុង​ពានរង្វាន់​ប្រទេស​ទន្លេ​មេគង្គ​-​ជប៉ុន​



ប្រទេស​ជាប់​ទន្លេ​​មេគង្គ​ទាំង​៥​គឺ​ មី​យ៉ាន់​ម៉ា ថៃ ឡាវ កម្ពុជា និង​វៀតណាម ​នឹង​ត្រៀម​បញ្ជូន​ក្រុម​ជម្រើសជាតិ​ក្រោម​អាយុ​១៧​ឆ្នាំ (U17) ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ JENESYS 2018 Japan-Mekong U-17 Football Exchange Tournament នៅ​ប្រទេស​ជប៉ុន ដើមខែ​តុលា នេះ ខណៈ​មាន​ក្រុម​ចំនួន​៣​ទៀត​របស់​ម្ចាស់​ស្រុក​ក៏​ចូលរួម​ដែរ។

សម្រាប់​ក្រុម U17​របស់​កម្ពុជា ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​កោះហៅ​រួមមាន ថា ច័ន្ទ​ឬ​ទ្ធី​, វី អា​មី​លីន​, សៀន សុភ​ត្ត្រា​, សៀង ច​ន្ធា​, សឿត ណា​វ៉ា​, ធី វ៉ា​ឈុន​, សៅ វ៉ៃ​ហ្វី​,​ពៅ ចាន់​ថេត​, អាត អូន​តូច​, ផន អយ​, ភេ​ម តៅ សិញ​, មិ​ត សា​មើល​, ក​យ សា​លីម​, ស្រ៊ី ពិសិដ្ឋ​,​កាយ ហេង​លី​,​ហ៊​ត ឈិន​ជិន​, ដោរ រ៉ូ​ហ្ស៉ា​ន់​,​ជុំ សាវង្ស​,​អ៊ឹម វី​នុ​ន​, ជួង មករា។

យោងតាម​ការបញ្ជាក់​នៅ​លើ​វិ​ប​សាយ​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ជប៉ុន (JFA) បាន​លើកឡើងថា ​ក្រុម U-17 កម្ពុជា​ស្ថិតក្នុង​ពូ​ល A មាន​ជម្រើសជាតិ​ជប៉ុន​វ័យ​ក្រោម​១៧​ឆ្នាំ​,​មី​យ៉ាន់​ម៉ា និង​វៀតណាម ខណៈ​ពូ​ល B​មាន U17 ថៃ ក្រុមយុវជន​របស់​សាលា Japan High School Team, Japan Youth Team និង​ជម្រើសជាតិ​វ័យ​ក្រោម​១៧​ឆ្នាំ​ឡាវ។ ចំណែក​កាលបរិច្ឆេទ​ប្រកួត​ចាប់ផ្ដើម​ធ្វើឡើង​នៅ​ថ្ងៃទី​០៥ ខែតុលា ដល់​ថ្ងៃទី​០៨ ខែតុលា​ឆ្នាំ​២០១៨ ដោយ​ប្រើប្រាស់​ទីលាន​២​គឺ​កីឡដ្ឋាន National Training Center J-Village ក្នុង​តំបន់ Futaba ខេត្ត​Fukushima។

យោងតាម​ការកំណត់​របស់​គណៈកម្មការ​ប្រកួត​ក្រុម​ទាំងអស់​អនុញ្ញាត​ឲ្យ​យក​កីឡាករ​វ័យ​១៧​ឆ្នាំ​ចុះក្រោម ក្នុង​មួយក្រុម​មាន​កីឡាករ​ចុះឈ្មោះ​២០​នាក់។ ក្រុម​ទាំង​៨​បែង​ចែកជា​២​ពូ​ល ក្នុង​មួយ​ពូ​ល​មាន​៤​ក្រុម។ ការប្រកួត​ធ្វើឡើង​ក្នុង​លក្ខណៈ​វិលជុំ​ដើម្បី​រក​២​ក្រុម​ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ តែម្តង។

ក្រុម U17​កម្ពុជា កំពុងតែ​ដឹកនាំ​ដោយ​លោក Lee Tae Hoon អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ជា​គ្រូបង្វឹក​សាលា​បាល់ទាត់​ជាតិ​បាទី ក្រោម​អាយុ​១៦​ឆ្នាំ​។ លោក​ទើបតែ​ដឹកនាំ​ក្រុម​មកពី​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី ក៏ដូចជា​ប្រកួត​ក្នុង​ពានរង្វាន់​ជើងឯក​អាស៊ាន 2018 AFF U16 Championship នៅ​ប្រទេស​ឥណ្ឌូណេស៊ី ផងដែរ ខណៈ​ក្រុម​នេះ​បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​ប៉ុណ្ណោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu