Ad Code

ខេម​ចាន់ រកបាន៣ពិន្ទុបន្ថែម ខណៈ​ចាន់ សាន់ បាន១ពិន្ទុ ក្នុង​ការ​ប្រកួត​ជម្រុះ​ជុំ​ទី៤​ ខ្សែ​ក្រវាត់​គូបូតា



ការ​ប្រកួត​ជម្រុះដណ្តើមខ្សែក្រវាត់ជើងឯកលេខ១ គូបូតា​ទម្ងន់​៥៤​គីឡូក្រាម នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពីយប់ថ្ងៃសុក្រទី២៦ ខែ​តុលា ឆ្នាំ​២០១៨ ដែល​ជា​ការប្រកួតជុំទី៤​នោះ ខេម ចាន់ អ្នកប្រដាល់ក្លិប​កងពលតូច​ទ័ព​ឆត្រយោង​៩១១ រក​បាន​៣ពិន្ទុបន្ថែម ខណៈ​ដែល ចាន់ សាន់ អ្នកប្រដាល់ក្លិប​និរោធ​មានជ័យ បាន១ពិន្ទុប៉ុណ្ណោះ។

ខេម ចាន់ គេ​បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ Anuntasak Site Phukhorngyus ឲ្យ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី៣ ហើយ ចាន់ សាន់ គេ​វាយ​ចាញ់​អ្នក​ប្រដាល់​ឡាវ​ Wangngeun Rungrean ដោយពិន្ទុ។

ក្នុងការប្រកួតចុងទឹកទឹកទី២នោះ ខេមចាន់ បានទាត់ជើង​ឆ្វេង​របស់ Anuntasak ឲ្យ​ឈឺ​ដួល​លើ​រេញ ត្រូវ​អាជ្ញាកណ្តាលរាប់៨។ ឈានចូលដល់ទឹកទី៣ ខេម ចាន់​បាន​ព្យាយាម​ទាត់​ជើង​ឈឺ​របស់Anuntasak រហូតដល់ដួល ត្រូវអាជ្ញាកណ្តាលរាប់៨ជាលើកទី២។ក្រោយពីរាប់ Anuntasakបាន​ក្រោក​ឡើង​តស៊ូ​ទៀត តែ​ត្រូវ ខេម ចាន់ ទាត់​ជើង​ឈឺ​ដដែល បណ្តាល​ឲ្យ Anuntasak ក្រោក​លែង​រួច ហើយ​ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​លែង​ឲ្យ​ប្រកួត​តែម្ដង​ដែល​ធ្វើ​ឲ្យ ខេម​ចាន់ ​ទទួល​បាន​ជ័យ​ជម្នះ​ក្នុងទឹកទី៣។

ជា​មួយនឹង​លទ្ធផល​ជ័យជម្នះ​នេះ ខេម ចាន់បាន១០ពិន្ទុ ក្នុង​៤ប្រកួត ដោយឈ្នះ៣ ចាញ់១ប្រកួត ហើយ​អ្នក​ប្រដាល់ថៃ Anuntasak គេបាន៥ពិន្ទុ ក្នុងការប្រកួត៤ប្រកួតដូចគ្នា គឺឈ្នះ១ ចាញ់៣ប្រកួត ។

ចំពោះ​ការ​ប្រកួត​របស់ ចាន់ សាន់វិញ គឺ​វាយ​ចាញ់​អ្នក​ប្រដាល់​ឡាវWangngeun Rungrean ត្រឹម​ពិន្ទុ បន្ទាប់ពី​ប្រកួត៥ទឹកពេញនោះ។ ចាន់ សាន់ ចាញ់​កម្ពស់​ឡាវ​ដាច់​តែម្ដង​ដែល​ធ្វើ​ឲ្យ​គេមិនអាចធ្វើអ្វី Wangngeun កើត។

ចាន់ សាន់ ក្រោយចាញ់ឡាវ Wangngeun Rungrean នេះ គេ​អស់​ឱកាស​ក្នុងការ​បាន​ឡើង​ទៅ​ប្រកួតនៅ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ បើទោះ​បីជា​នៅ​សល់​មួយ​ប្រកួត​ទៀត​ក្តី ព្រោះ ចាន់ សាន់ ចាញ់៣ប្រកួតទៅហើយក្នុងការប្រកួត៤ជុំនេះ។ ចំណែក​អ្នក​ប្រដាល់ឡាវ Wangngeun Rungrean គេ​នៅ​មាន​ឪកាស​ក្នុង​ការ​រក​ពិន្ទុ​សម្រាប់​ជុំ​បន្ទាប់​ទៀត ដោយសារ​គេ​បាន​៨​ពិន្ទុ​ក្នុង​៤​ប្រកួត​នោះ។

សូម​បញ្ជាក់​ថា កីឡាករ​ខ្លាំង​ទាំង​១០​រូប​ដែល​ចូលរួម​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​គូបូតា​រដូវ​កាល​ថ្មី​ទម្ងន់​៥៤​គីឡូ​ក្រាម​នេះ មានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា៥រូប និង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ-ឡាវ ៥​រូប ចូល​រួម​វាយដណ្ដើម​យក​ខ្សែក្រវាត់​នេះ។

អ្នក​ប្រដាល់​មួយរូបៗ ទាំង​ខ្មែរ ទាំង​ថៃ និង​ឡាវ គឺ​ត្រូវ​ឆ្លងកាត់​ការ​ប្រកួត​ក្នុង​ម្នាក់ៗ ចំនួន​៤ ប្រកួត​ម្នាក់ ហើយអ្នកដែលមានពិន្ទុច្រើន២រូបក្នុងមួយពូល ទាំង​ពូល​ខ្មែរ និង ពូល​ថៃ-ឡាវ នឹង​ត្រូវ​បាន​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង ផ្ដាច់ព្រ័ត្រ។

ដោយ​ឡែក ការ​ប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ស៊ឹម ប៊ុនឆៃ​ អ្នក​ប្រដាល់​ក្លិប​ព្រៃ​ទទឹង​ខេត្ត​បាត់​ដំបង បាន​ប្រកួត​ឈ្នះ តាំង តាក់ ដោយ​ពិន្ទុ ហើយ ម៉ិល សារុន អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិទ្ធ វាយ​ឈ្នះ អៀប ឆា អ្នក​ប្រដាល់​ក្លិប​យុវ​វាលស្បូវ​ខណ្ឌ​ច្បារអំពៅ​ដោយ​ពិន្ទុ​ដែរ៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu