កំពង់ចាម ៖ កម្លាំងសមត្ថកិច្ច ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងនាយកដ្ឋានសន្តិសុខក្រសួងមហាផ្ទៃ ដោយមានការដឹកនាំសម្របសម្រួលពីតំណាងអយ្យការ បានស្រាវជ្រាវចាប់ខ្លួន ជនសង្ស័យ៦នាក់ពីបទឆបោកប្រាក់តាមវីង និងបានរៀបចំឯកសារត្រៀមបញ្ជូនទៅព្រះរាជអាជ្ញា។
លោកឧត្តមសេនីយ៍ ទោ ឯម កុសល ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បាន ឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹង ពីជនរងគ្រោះថា មានការឆបោកប្រាក់តាមវីងភ្លាម លោក ស្នងការនគរបាលខេត្ត បានចាត់ឲ្យលោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែន នគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តកំពង់ចាម ដឹកនាំកម្លាំងជំនាញ សហការជាមួយជំនាញនាយកដ្ឋានខាងលើបើកការស៊ើបអង្កេត និងស្រាវជ្រាវ ជាបន្ដបន្ទាប់ រហូតតាមបង្ក្រាបបានក្រុមជនសង្ស័យ៦នាក់។
លោក ហេង វុទ្ធី ស្នងការរង បាន បញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ មានជនឆបោកមិនស្គាល់អត្តសញ្ញាណម្នាក់ បានទូរស័ព្ទបន្លំធ្វើជាបុគ្គលិកក្រុមហ៊ុន វីង មកឆបោកប្រាក់របស់ជនរងគ្រោះ ឈ្មោះ ឃួន ហុក ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិអូរស្វាយកើត ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម អស់ទឹកប្រាក់ចំនួន៣,០០០ដុល្លារ។ លោក ហេង វុទ្ធី បានបន្តថា រហូតដល់ថ្ងៃទី២២ ខែតុលឆ្នាំ២០១៨ ជនសង្ស័យ ដដែលនៅតែបន្ដធ្វើសកម្មភាពដូចមុនទៀតដោយប្រើ ប្រាស់ទូរស័ព្ទលេខ ០១២ ៧៩៥ ៦៦២។
លោក ស្នងការរង ហេង វុទ្ធីបានបន្តថា ក្រោយទទួលបានពាក្យបណ្ដឹងខាងលើ លោកឧត្តមសេនីយ៍ស្នងការខេត្តបានអោយលោកនិងសមត្ថកិច្ចចម្រុះ បើកការស្រាវជ្រាវ ស៊ើបអង្កេតនិងឈានដល់ការចាប់ខ្លួនជនសង្ស័យ៦នាក់ ដែលមានឈ្មោះ ទី១៖ឈ្មោះ សាន វណ្ណនី អាយុ៣០ឆ្នាំ ស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ, ទី២៖ឈ្មោះ ចាន់ ការាន់ អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ដង្កោ ខណ្ឌដង្កោ, ទី៣៖ឈ្មោះ ណា ប៉ូលី អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ, ទី៤៖ឈ្មោះ អាស អារីវ៉ាន់ទី អាយុ២៥ឆ្នាំ ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ, ទី៥៖ឈ្មោះ លឹម សុខហេង អាយុ៣៧ឆ្នាំ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ និងទី៦៖ឈ្មោះ សាង សុភាព ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ តាមចម្លើយសារភាពរបស់ជនសង្ស័យបានអោយដឹងថា ពួកគេបានធ្វើសកម្មភាពឆបោកបែបនេះចំនួន១០លើករួចមកហើយ។ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអំពាវនាវដល់បងប្អូនជាប្រជាពលរដ្ឋ ស្លូតត្រង់កុំអោយចាញ់ល្បិចឆបោករបស់ជនសង្ស័យតទៅទៀត ក្នុងនោះពួកជនខិលខូចប្រើល្បិច ធ្វើជាទូរស័ព្ទថា យើងត្រូវរង្វាន់ធំពីក្រុមហ៊ុននេះ ក្រុមហ៊ុននោះឬទូរស័ទ្ធមកប្រាប់ថា បងប្អូន កូនចៅមានគ្រោះថ្នាក់ចរាចរត្រូវបញ្ជូនទៅមន្ទីរពេទ្យត្រូវការលុយជាបន្ទាន់។
លោកស្នងការបានបន្តថា មានពេលខ្លះជនឆបោក បានទូរស័ព្ទប្រាប់ថា មាន បងប្អូនកូនចៅ របស់យើង បានជិះរថយន្ត ឬម៉ូតូបុកគេរបួសឬស្លាប់ ត្រូវវេរប្រាក់ជាបន្ទាន់សម្រាប់ឲ្យនគរបាលបិតករណីនេះ។ ទង្វើបែបនេះមិនត្រឹមតែជាការឆបោកប្រាក់តែប៉ុណ្ណោះទេ តែវាធ្ងន់ធ្ងរជាងនេះទៅទៀតគឺវាបង្ខូចកិត្តិយសរបស់សមត្ថកិច្ចទៀតផង។
បច្ចុប្បន្នជនសង្ស័យ ទាំង៦ ត្រូវបានឃាត់់់់់់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments