Ad Code

ជាង​៧.០០០​នាក់ បាន​ចុះឈ្មោះ​ចូលរួម​ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ាតុង​លើក​ទី​២៣



ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ារ៉ាតុង​នៅ​អង្គរវត្ត ខេត្ត​សៀមរាប ដែល​ត្រូវ​ចាប់ផ្ដើម​នៅ​ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៨​ខាងមុខ មកទល់​ថ្ងៃទី​២៦ ខែ​តុលា​​ មាន​អ្នក​ចុះឈ្មោះ​ចូលរួម​ប្រកួត​ចំនួន​ជាង​៧.០០០​នាក់​ហើយ។

លោក ​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ប្រកាស​បែបនេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី​២៦​ ខែ​តុលា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

លោក​បញ្ជាក់​ថា គិត​មកដល់ពេលនេះ ចំនួន​អ្នក​ចុះឈ្មោះ​ចូលរួម​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ​ឆ្នាំ​២០១៨​នៅ​អង្គរវត្ត បាន​ចំនួន​ជាង​៧.០០០​នាក់​ហើយ ក្នុង​នោះ​មាន​ជនបរទេស​ជាង​៣.៦០០​នាក់ ដែល​មកពី​បណ្ដា​ប្រទេស​ចំនួន​៧៤​លើ​ពិភពលោក។ ក្នុងចំណោម​ជនបរទេស​ដែល​ចុះឈ្មោះ​ចូល​រួម​ច្រើនជាងគេ ភាគច្រើន​គឺ អង់គ្លេស អាមេរិក និង​បារាំង។

តាមរយៈ​សន្ទស្សន៍ នៃ​ចំនួន​អ្នក​ចុះឈ្មោះ​ចូលរួម​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ​ឆ្នាំ​២០១៨​ពេលនេះ ត្រូវ​បាន​លោក​អគ្គលេខាធិការ​អូឡាំពិក វ៉ា​ត់ ចំរើន អះអាង​ថា តួលេខ​អ្នកចូលរួម​ឆ្នាំ​នេះ គឺ​មិន​ធាក់​ថយ​ ឬក៏​ថយចុះ​នោះទេ ខណៈ​ដែល​ឆ្នាំមុន​មាន​អ្នកចូលរួម​ប្រមាណ​១០.៥០០​នាក់ មក​ពី​ជាង៨០ប្រទេស​នោះ។​

លោក វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍​ទៀត​ថា ឆ្នាំនេះ គឺជា​លើក​ទី​២៣​ហើយ ដែល​ក្រសួង​ទេស​ចរ​ណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​សហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​នានា ប្រារព្ធ​រៀបចំ​ទិវា​រត់​ប្រណាំង​ដ៏​ធំ​នេះ​ឡើង​ដើម្បី​ប្រមូល​យក​ថវិកា ដែល​ទទួល​បាន​ពី​ការ​ចុះឈ្មោះ​ចូល​រួម ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​អង្គការ​មួយចំនួនទៀត ដែលមាន​គោលដៅ​ជួយ​ដល់​កុមារ​ក្រីក្រ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​បាន​ធ្វើការ​កត់សំគាល់​ថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ចំនួន​ភ្ញៀវ​ទេសចរ ដែល​ចូលរួម​រត់​ប្រណាំង ក្នុង​ទិវា​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ តែងតែ​មាន​ការកើនឡើង​ជា​បន្តបន្ទាប់ ដែល​ជា​ហេតុ​នាំ​ឲ្យ​កម្ពុជា​ទទួល​បាន​ចំណូល​បន្ថែម​មួយ​កម្រិត​ទៀត ពី​ភ្ញៀវ​ទេសចរ ដែល​មក​ចូលរួម​រត់​កម្សាន្ត ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​នេះ។​

ជាមួយនេះដែរ លោក វ៉ា​ត់​ ចំរើន ក៏បាន​ព្រមាន​ដល់​ក្រុម​មនុស្ស​មួយ​ចំនួន ដែល​ឆ្លៀត​យក​ព្រឹត្តិការ​ណ៍​ទិវា​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ ទៅធ្វើជា​របរ​ដើម្បី​រក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នោះ គឺ​សុំ​ឲ្យ​បញ្ឈប់​កុំ​ឲ្យ​មាន ដែល​ទង្វើ​នេះ​វា​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផលប្រយោជន៍​ជាតិ គុណ​តម្លៃ​របស់​ជាតិ​ និង​សង្គម។

លោក​បញ្ជាក់​ថា កន្លងមក​គឺមាន​ក្រុម​មនុស្ស​មួយចំនួន​បែប​ខាងលើនេះ ដោយ​បាន​ដើរ​ចុះឈ្មោះ​អ្នក​បរទេស​នៅ​ក្រៅ​ប្រទេស ដែល​ចង់​ចូលរួម​ព្រឹត្តិការណ៍​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នេះ ដោយ​យក​តម្លៃ​ចុះ​ឈ្មោះ​លើស​ពី​ចំនួន​កំណត់ ដូច្នេះ​សុំ​ឲ្យ​បញ្ឈប់​បញ្ហា​នេះ​កុំ​ឲ្យ​មាន​តទៅទៀត។​

ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរវត្ត​ខេត្ត​សៀមរាប​នេះ គឺ​មាន​វិញ្ញាសា​រត់​២១​គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ ៥​គីឡូម៉ែត្រ រត់៣​គីឡូម៉ែត្រ​ជា​លក្ខណៈ​គ្រួសារ​ផង​ដែរ។

គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​រៀបចំឡើង ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន និង​សកម្មភាព​មនុស្សធម៌​នានា​សម្រាប់​កុមារា​-​កុមារី ពិសេស​គឺ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​



អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​លោក វ៉ា​ត់ ចំរើន បាន​បង្ហើប​ពី​មហិច្ឆតា​គម្រោង​សម្រាប់​ឆ្នាំ​ខាងមុខ នោះ​កម្ពុជា​នឹង​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នៅ​តំបន់​មួយ​ចំនួន​ទៀត​ក្រៅពី​ព្រឹត្តិការណ៍​ដែល​មាន​រួចហើយ ដូចជា​នៅ​អន្លង់វែង កន្លែង​ប្រវត្តិសាស្ត្រ​ចុងក្រោយ​របស់​ខ្មែរក្រហម តំបន់​អេកូទេសចរណ៍​នៅ​ខេត្តរតនគិរី មណ្ឌលគិរី ហើយ​និង​បង្កើត​ឲ្យ​មាន​ព្រឹត្តិ​ការណ៍​កីឡា​ផ្សេងទៀត មានការ​ឡើង​ភ្នំ​ជាដើម។

ប៉ុន្តែ​យ៉ាងណា ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ឆ្នាំ​ក្រោយនេះ នៅ​ពុំ​ទាន់​ច្បាស់​ថា​នឹង​រៀបចំ​ឬ​អត់​នោះ​ទេ ដោយសារ​គណៈកម្មការ​ជំនាញ​កំពុង​សិក្សា​ពិភាក្សា​ និង​ស្រាវជ្រាវ ព្រោះថា​នៅ​តំបន់​ក្រុងព្រះសីហនុ​បច្ចុប្បន្ន ផ្លូវ​មួយ​ចំនួន​ត្រូវ​ទទួលរង​ការ​ខូច និង​បញ្ហា​មាន​ជនជាតិ​ចិន​ច្រើន។



គួរ​បញ្ជាក់ថា ក្រុមហ៊ុន​Manulif និង ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​អ្នក​ឧបត្ថម្ភ​ធំ​ក្នុង​កម្មវិធី​រត់​ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរវត្ត​ខេត្ត​សៀមរាប​នេះ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu