Ad Code

ឃាត់​ខ្លួន​ជន​សង្ស័យ​២​នាក់​ ជា​បន្តបន្ទាប់ ក្នុងករណី​ឆក់​ទូរស័ព្ទ​ដៃ នៅ​ទឹកល្អក់​ទី​១



ភ្នំពេញ​ ៖​ ជនសង្ស័យ​២​នាក់ ​ត្រូវ​បាន​ប៉ូលិស​ខណ្ឌ​ទួលគោក​ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ដោយ ឃាត់ខ្លួន​​​ជាក់ស្តែង​ម្នាក់ ​និង​ស្រាវជ្រាវ​ចាប់​បាន​ម្នាក់ ក្រោយពី​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ បានសម្រេច​ និង​រត់​គេចខ្លួន។

អំពើ​ឆក់​នេះ ​បាន​កើតឡើង​កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ១​រោច ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ២០​និង​៣០​នាទី នៅ​ចំណុច​មុខ ហាង PARK CAFE ទីតាំង​ផ្ទះ​លេខ​៧០១ ផ្លូវ​លេខ​១២៨ កែង​ផ្លូវ​លេខ​២៥៧ ក្រុមទី​៣៧ ភូមិ​១០ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក។

លោក​ស៊ីម ពិសិដ្ឋ អធិការរង​ផ្នែក​ព្រហ្ម​ខណ្ឌទួលគោក​បានអោយដឹង​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ១​រោច ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ២០​និង​៣០​នាទី កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទឹកល្អក់​ទី​១ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​១ ដោយបាន​ធ្វើការ​បង្ក្រាប​ជាក់ស្ដែង ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ទូរស័ព្ទ​ដៃ​) ដែល​ប្រព្រឹត្ត​នៅ​ចំណុច​មុខ ហាង PARK CAFE ទីតាំង​ផ្ទះ​លេខ​៧០១ ផ្លូវ​លេខ​១២៨ កែង​ផ្លូវ​លេខ​២៥៧ ក្រុមទី​៣៧ ភូមិ​១០ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ២០​និង​៣០​នាទី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ឈ្មោះ កែវ ភារា​ជ្យ ហៅ រាជ្យ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ ជា​អ្នកបើក​ម៉ូតូ និង​ចាប់យក​វត្ថុតាង​ម៉ូតូ​ម៉ាក Honda C125 ស៊េរី​2013 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1BT- 9725 ចំណែក បក្សពួក​ឈ្មោះ សុខ រ៉ា​ម៉ន ហៅ ម៉ន ភេទ​ប្រុស អាយុ​ប្រហែល​១៩​ឆ្នាំ ជនជាតិខ្មែរ ជា​អ្នក​អង្គុយ​ក្រោយ ធ្វើ​សកម្មភាព​ឆក់​បាន យក​ទូរស័ព្ទ​ដៃ​របស់​ជនរ​ង​គ្រោះ​គេចខ្លួនបាត់ ឃាត់ខ្លួន នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ទ្រា​១ សង្កាត់ ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ រួច​បញ្ជូន​យកមក​កាន់​អធិការដ្ឋាន នគរបាល​ខណ្ឌទួលគោក​ដើម្បី​ធ្វើការ​សាកសួរ​រក​បក្ស​ពួក​បន្ត ។​



លោក​បន្តថា លុះ​មកដល់​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ១១​និង​០៥​នាទី កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ នៃ អធិការដ្ឋាន នគរបាល​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវជ្រាវ​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ទៀត​ឈ្មោះ សុខ រ៉ា​ម៉ន ជា​អ្នក​អង្គុយ​ក្រោយ​ធ្វើ​សកម្មភាព​ឆក់ ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះជួល ផ្លូវ​បេតុង ក្រុម ទី​៣ ភូមិ​អ័​រ​គី​ដេ សង្កាត់​អូ​បែកក្អម ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ និង​ចាប់យក​វត្ថុតាង​ទូរស័ព្ទដៃ​ជនរងគ្រោះ​មកវិញ រួច​បញ្ជូន​យកមក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ចាត់ការ​តាម​នីតិ​វិធី​ច្បាប់ ។​

ជនសង្ស័យ ឈ្មោះ សុខ រ៉ា​ម៉ន ហៅ ម៉ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ សំណង់ ផ្ទះជួល ផ្លូវ​បេតុង ក្រុមទី​៣ ភូមិ​អ័​រ​គី​ដេ សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

វត្ថុតាង​ចាប់យក​រួមមាន ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក VIVO V11 ពណ៌​ខ្មៅ (​ជា​របស់​ជនរងគ្រោះ​ដែល​ជនសង្ស័យ​ឆក់ យកទៅ​) បានធ្វើការ​ប្រគល់ជូន​ជនរងគ្រោះ​វិញ​តាម​ការស្នើ​​សុំ ដោយមាន​ការឯកភាព​ពី​លោក ចែ សុង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង កសាង​សំណុំរឿង​បញ្ជូនទៅ សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu