Ad Code

ក្រុម​ជម្រើសជាតិ​កម្ពុជា ចាប់ផ្តើម​ប្រមូលផ្តុំ​ហើយ​ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​២​លើក​នៅ​ខែតុលា​នេះ



កីឡាករ​ចំនួន​២៤​នាក់​មកពី​៧​ក្លិប​ផ្សេងគ្នា ដែល​កោះហៅ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) កាល​ពី​ពេល​ថ្មីៗ​ឲ្យ​ចូល​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​ចាប់ផ្តើម​ប្រមូល​ផ្តុំ​ចាប់ពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍ សប្ដាហ៍​នេះ​តទៅ​ហើយ​ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​២​លើក​នៅពាក់កណ្ដាល​ខែតុលា ពោលគឺ​ត្រូវ​ប៉ះ​ក្រុមទី​ម័​រ​ខាងកើត និង​សឹង្ហ​បុរី លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។



យោង​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លើកឡើង​ថា ​ក្រុម​ជម្រើសជាតិ​កម្ពុជា ហ្វឹកហាត់​នៅ​កីឡដ្ឋាន RSN Stadium របស់​ភ្នំពេញ​ក្រោ​ន នៅ​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្បតិ៍ នេះ​មុន​ប្តូរ​មក​ទៅ​បន្ត​ហ្វឹកហាត់​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ វិញ​ម្តង​។ យ៉ាងណាក្តី​កីឡាករ​ចំនួន​៤​នាក់​នឹងមិន​ទាន់​អាច​ចូល​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​បាន​នៅឡើយ​នោះទេ​រួមមាន​កីឡា​ករស ពិសិដ្ឋ​, ឈិន ឈឿន​, រ៉ឹង ប៊ុន​ហៀ​ង និង​អ្នកចាំទី អ៊ុំ វិចិត្រ​។ មូលហេតុ​គឺ​ដោយសារ​អ្នក​ទាំង​៤​ត្រូវ​ជាប់​ភារកិច្ច​ជួយ​ក្លិប​ក្រសួងការពារជាតិ របស់ខ្លួន​ត្រៀម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១៨ ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ សប្ដាហ៍​នេះ​សិន​។

​ចំណែក​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២៤​នាក់​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​កោះហៅ​កាលពីពេល​ថ្មីៗ​នេះ​មានដូចជា សេត រ៉​ស៊ី​ប​,​ចាន់ វឌ្ឍនាកា និង ហុង ផេង មកពី​ក្រុម​បឹងកេត ខណៈ​កីឡាករ ឈិន ឈឿន​, ស ពិសិដ្ឋ​,​រ៉ឹ​ម ប៊ុន​ហៀ​ង​, អ៊ុំ វិចិត្រ មកពី​ក្រុម​ក្រសួងការពារជាតិ កីឡាករ សុះ ស៊ូ​ហា​ណា​, គួច សុ​កុម្ភៈ​, ឆេង ម៉េង​, គួច ដា​នី មកពី​ក្រុម​ណាហ្គា​វើ​ល ហើយ​កីឡាករ អ៊​ន ចាន់​ប៉ូ​លីន​,​អ៊ិន សូ​ដា​វីដ​,​ប្រាក់ ធី​វ៉ា​,​ស៊ិន កក្កដា មកពី​ក្រុម​ភ្នំពេញ​ក្រោ​ន​។ កីឡាករ សារ៉េត គ្រី​យ៉ា​,​នេន សុធា​រ័ត្ន​,​សឿ​យ វិសាល​,​ប្រាក់ មុន្នី​ឧ​ត្ត​ម មកពី​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង កីឡាករ ធា​រី ចន្ថា​ប៊ី​ន មកពី​ក្លិប Terregannu នៅ​លី​គ​កំពូល​ម៉ាឡេស៊ី កីឡាករ កែវ សុខ​សិលា​, ជា វណ្ណ​សាក់​,​កែវ សុខ​ផេង និង​ទិ​ត្យ ឌី​ណា មកពី​ក្រុម​វិសាខា​។



​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ដាក់​គោលដៅ​ប្រកួត​មិត្តភាព​អន្តរជាតិ ចំនួន​៤​លើក​នៅ​ចុងឆ្នាំ​២០១៨ នេះ​ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ពានរង្វាន់​ធំ​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2018​។ កន្លងមក​កម្ពុជា បាន​ឆ្លងកាត់​ការប្រកួត​បាន​១​លើក​ហើយ​ក្រោម​ការដឹកនាំ​ពី​សំណាក់​អ្នកចាត់ការ​ទូទៅ Keisuke Honda ពោលគឺ​បាន​ចាញ់​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី ៣​ទល់​១ កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨​។ ចំណែក​២​ប្រកួត​ផ្សេងទៀត​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១២ ខែតុលា ដោយ​ប៉ះ​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត និង​នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ បន្ត​ទទួល​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី វិញ​ម្តង​។ ប្រកួត​ចុងក្រោយ​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា កម្ពុជា ត្រូវ​បន្ត​ប្រកួត​ជាមួយ​ជម្រើសជាតិ​១​ផ្សេងទៀត (​មិនទាន់​ប្រាកដថា​ក្រុម​ណា​)​។

​បើ​និយាយ​ពី​ពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះ​ពូ​ល A មាន​វៀតណាម ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា កម្ពុជា និង​ឡាវ ខណៈ​ពូ​ល B មាន​ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​ទី​ម័​រ​ខាងកើត​។ តាម​គម្រោងការ​វគ្គ​ជម្រុះ​តាម​ពូ​ល​នេះ​នឹងធ្វើ​ឡើ​ចាប់ពី​ថ្ងៃទី​៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៥​ខែធ្នូ ឆ្នាំ​២០១៨​។ សម្រាប់​កម្មវិធី​ប្រកួត​ជម្រុះ​ពូ​ល A របស់​ក្រុម​កម្ពុជា វិញ​នឹង​ប្រកួត​បើកឆាក​ប៉ះ​ក្រុម​ម៉ាឡេស៊ី នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា នៅ​រាជធានី​ភ្នំពេញ ខណៈ​ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា នៅ​ទីក្រុង​រ៉ង់​ហ្គូ​ន រហូតដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ក្រុម​កម្ពុជា ត្រូវ​ប៉ះ​ឡាវ នៅ​រាជធានី​ភ្នំពេញ ហើយ​នៅថ្ងៃទី​២៤ ​ខែវិច្ឆិកា ​ត្រូវ​ធ្វើដំណើរ​ទៅ​ប៉ះ​ម្ចាស់​ផ្ទះ​វៀតណាម​នៅ​ទីក្រុ​ហាណូយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu