Ad Code

ក្រសួង​ការងារ​ក្រើនរំលឹក​ដល់​ថៅកែ​រោងចក្រ​អនុញ្ញាត​ឲ្យ​កម្មករ​បាន​ឈប់សម្រាក​ចំនួន​៣​ថ្ងៃ​ដើម្បី​ទៅ​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ



ភ្នំពេញ ​៖ ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ក្រើនរំលឹក​ដល់​ថៅកែ​រោងចក្រ​សហគ្រាស​នានា អនុញ្ញាត​ឲ្យ​កម្មករ​បាន​ឈប់សម្រាក​ចំនួន​៣​ថ្ងៃ​ដើម្បី​បាន​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​សាច់ញាតិ​នៅ​ស្រុកកំណើត​នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ខាងមុខនេះ​។

លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ក្រើនរំលឹក​និង​ណែនាំ​ដល់​ថៅកែ​រោងចក្រ​ឬ​ម្ចាស់​ស ហ​គ្រាស​គ្រឹះស្ថាន​ការងារ​ទាំងអស់​ត្រូវ​អនុញ្ញាត​ឲ្យ​កម្មករ​បាន​ឈប់សម្រាក​ទៅ​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​ដោយ​រក្សាទុក​ប្រាក់​ឈ្នួល​និង​ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់​ដូច​ថ្ងៃ​ធម្មតា​។

ជាមួយគ្នានេះដែរ លោក​បណ្ឌិត អ៊ិត សំហេង​ក៏បាន​ជំរុញ​ឲ្យ​ថៅកែ​រោងចក្រ​សហគ្រាស​ត្រូវខិតខំ​រៀបចំ​បើកប្រាក់​ឈ្នួល​ជួន​ដល់​កម្មករនិយោជិត​ឲ្យ​បាន​មុន​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​កម្មករនិយោជិត​ក្នុង​ការ​ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត​និង​ទុក​ប្រើប្រាស់​សម្រាប់​ចំណាយ​ផ្សេងៗ​ផងដែរ​។

ផ្ទុយទៅវិញ លោក​បណ្ឌិត​រដ្ឋមន្ត្រី​បាន​បន្តទៀតថា​ បើសិន​ពុំ​មាន​លទ្ធភាព​បើកប្រាក់​ឈ្នួល​ឲ្យ​បាន​១០០​ភាគរយ​ទេ​ ត្រូវ​អនុញ្ញាត​ឲ្យ​កម្មករនិយោជិត​ទទួលបាន​ប្រាក់​បុរេប្រទាន​យ៉ាងតិច​៥០​ភាគរយ​មុន​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។

ស្រប​ពេល​ជាមួយគ្នា​នេះ លោក​រដ្ឋមន្ត្រី​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ថៅកែ​រោងចក្រ​សហគ្រាស​គ្រឹះស្ថាន​ការងារ​ទាំងអស់​នឹង​អនុវត្ត​ឲ្យ​កម្មករនិយោជិត​បាន​ឈប់សម្រាក​ទៅតាម​ច្បាប់​ដែល​បានកំណត់​។

លោក ស៊ឹម សាវឿន កម្មករ​ធ្វើការ​នៅ​រោងចក្រ​ស៊ីន​ឡាន​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា ​សម្រាប់​ពិធី​ភ្ជុំបិណ្ឌ​ខាងមុខនេះ​កម្មករ​នៅ​រោងចក្រ​របស់លោក​បាន​សំណូមពរ​ឈប់សម្រាក​ចំនួន​១០​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​៦​រហូតដល់​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៨​ដោយ​សុខចិត្ត​ឲ្យ​រោងចក្រ​កាត់លុយ​ទៅតាម​ច្បាប់​ការងារ ព្រោះ​កម្មករ​ត្រូវការ​ទៅលេង​ស្រុកកំណើត​បាន​ជួបជុំ​ក្រុមគ្រួសារ សាច់ញាតិ​និង​មិត្ត​ភ័​ក្ត​បានយូរ​។

លោក កាំ​ង មូ​នី​កា អគ្គលេខាធិការរង​នៃ​សមាគម​អ្នក​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ដែល​ហៅ​កាត់​ថា​G MAC​បាន​ថ្លែងប្រាប់​ទូរទស្សន៍​រស្មី​ហង្ស​មាស​ឲ្យ​ដឹង​ថា ​សមាគម​រោងចក្រ​បានធ្វើការ​ផ្សព្វផ្សាយ​សេចក្តី​ជួន​ដំណឹង​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​រោងចក្រ​សហគ្រាស​រួចរាល់​ហើយដោយ​មិនមាន​ការ​កាត់​ប្រាក់​ឈ្នួល​ឬ​ប្រាក់​បំណាច់​អ្វី​ទាំងអស់​។​ប៉ុន្តែ​លទ្ធភាព​បើកប្រាក់​ខែ​មុន​បាន​ប៉ុន្មាន គឺជា​ការអនុវត្ត​ផ្ទាល់​របស់​រោងចក្រ​នីមួយៗ​។

គួរ​បញ្ជាក់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​ឆ្នាំនេះ​នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល​៣​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​៨ ទី​៩​និង​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៨​សប្តាហ៍​ក្រោយនេះ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu