ភ្នំពេញ ៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងការកោតសរសើរ និងឯកភាពទៅលើចំណាត់ការ និងវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញលើបញ្ហាទប់ស្កាត់ឡានធំមិនឲ្យចូលក្រុងពេលថ្ងៃនិងការរៀបចំ សណ្តាប់ធ្នាប់តាមដងផ្លូវនានា ក៏ដូចទីប្រជុំផ្សារ និងការដោះស្រាយបញ្ហាកកស្ទះចរាចរក្នុងក្រុង។ ប៉ុន្តែទោះបីជាយ៉ាងណាបញ្ហាអសកម្មមួយចំនួនក៏ នៅតែកើតមាន ដូចជាការយកទ្រូងផ្លូវធ្វើជាទីតាំងលក់ដូរ ឬចតយានយន្តបែបអនាធិបតេយ្យធ្វើឲ្យទំហំផ្លូវរួមតូច បង្កការកកស្ទះចរាចរ ដែលការងារនេះអាជ្ញាធររាជធានីភ្នំពេញបាននឹងកំពុងធ្វើរាល់ថ្ងៃ។
ការសម្តែងការកោតសរសើរ និងការលើកឡើងរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២ បានធ្វើឡើងក្នុង កិច្ចប្រជុំសាមញ្ញលើកទី៥៣របស់ខ្លួនកាលពីព្រឹកថ្ងៃទី៤តុលាដើម្បីពិភាក្សា ដោយបានអនុម័តរបាយការណ៍ការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ និងការងារបច្ចុប្បន្នភាពស្តីពីការអភិវឌ្ឍន៍រាជធានីភ្នំពេញផងដែរ។
សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានទទួលស្គាល់ដែរថា បញ្ហាចរាចរនាពេលបច្ចុប្បន្នជាបន្ទុកធ្ងន់ធ្ងរសម្រាប់រាជធានីភ្នំពេញដែលត្រូវយកចិត្តទុកដាក់ដោះស្រាយ។
លោកម៉ប់ សារិន ប្រធានក្រុម ប្រឹក្សារាជធានីភ្នំពេញក៏បានថ្លែងកោតសរសើរផងដែរចំពោះការខិតខំប្រឹងប្រែង របស់រដ្ឋបាលរាជធានីភ្នំពេញដោយលោកម៉ប់ សារិន បានគូសបញ្ហាក់ថា ការងារកែទំរង់របស់រាជរដ្ឋាភិបាលកំពុងដើរចូលកាន់តែជ្រៅទៅក្នុងបេះដូង និងក្រពះប្រជាពលរដ្ឋយើងជាពិសេសគោលនយោបាយគាំពារសង្គម។
ក្នុងនាមលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកកើត ឆែ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញមានPage រដ្ឋបាលរាជធានីភ្នំពេញដែលទទួលយកព័ត៌មានពីប្រជាពលរដ្ឋ ឬខាំមិន លើបញ្ហាផ្សេងៗរួមទាំងPageផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនផងដែរ។
លោកកើត ឆែ បន្តថា រដ្ឋបាលរាជធានីភ្នំពេញបានចេញអាជ្ញាប័ណ្ណឲ្យម្ចាស់អាជីវកម្មដ្ឋានគឺត្រឹមត្រូវ តែសំខាន់អ្នកអនុវត្តមិនបានត្រឹមត្រូវ។រដ្ឋបាលរាជធានីភ្នំពេញមិនបានអនុញ្ញាតឲ្យមានការលក់ដូរលើទ្រូងផ្លូវនោះទេ ហើយនៅពេលខាងមុខនេះរដ្ឋបាលរាជធានីភ្នំពេញនឹងកោះប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១២និងផ្នែកពាក់ព័ន្ធទៅលើការពង្រឹងការរៀបចំ សណ្តាប់ធ្នាប់តាមដងផ្លូវ ក្រោយពីយើងបានរៀបចំសណ្តាប់ធ្នាប់ទទួលបានលទ្ធផលល្អប្រសើរលើដងផ្លូវសំខាន់ៗទាំង១១ខ្សែក្នុងក្រុងកន្លងមក៕
Source: Kampuchea Thmey Daily
0 Comments