ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសារព្រមានដល់ក្រុមទុច្ចរិតមួយចំនួន ឲ្យបញ្ឈប់ប្រើល្បិចបង្កើតរឿង ដើម្បីលាបពណ៌លោកតទៅទៀត ដោយសារតែល្បិចអស់នេះត្រូវបានគេដឹងរួចអស់ទៅហើយ។
ការថ្លែងរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីក្រុមទុច្ចរិត បានលួចយក Facebook របស់កញ្ញា យុង ខេមរា ដែលជាមន្ត្រីយោធា បម្រើការងារនៅអង្គភាព កងពលតូចលេខ៧០ និង Facebook ផ្លូវការរបស់កងពលតូចលេខ៧០ ហើយប្រឌិតជាវីដេអូមួយ ដើម្បីបង្ខូចកិត្តិយសរបស់លោក។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់នៅលើគណនី Facebook របស់លោកយ៉ាងដូច្នេះថា “ត្រលប់មកពីក្រៅប្រទេសភ្លាម ជួបរឿងប្លែកៗភ្លាម។ ពួកអស់លោកខ្លះរកវិធីត្រឹមត្រូវបំបាក់ខ្ញុំមិនបាន បែរជាបង្កើតរឿងប្លែកៗដើម្បីមកបំផ្លាញកិត្តិយសខ្ញុំវិញ។ ល្បិចអស់នេះគេដឹងអស់ហើយ ហើយក៏មិនមែនជាលើកទីមួយដែរ ដែលក្រុមអស់លោកខំបង្កើតរឿងប្លែកៗ ដើម្បីយកមកលាបពណ៌ខ្ញុំបែបនេះ។ ឈប់បាន ឈប់ទៅ...”។
ការលើកឡើងរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីកញ្ញា យុង ខេមរា បានចេញមុខបកស្រាយថា Facebook របស់នាងត្រូវបានក្រុម Hacker ចូលគ្រប់គ្រងតាំងពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ដែលគិតរហូតដល់ពេលនេះ។ កញ្ញា យុង ខេមរា ម្ចាស់ Facebook ឈ្មោះ Khemara Yung បានអះអាងថា ក្រោយពី Facebook របស់នាងត្រូវបានក្រុមជនងងឹត Hack ហើយពួកគេបានកាន់កាប់អស់រយៈពេលមួយសប្តាហ៍ និងបានកែប្រែ Profile បុរសម្នាក់ផ្សេង ទៅជាឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការកងទ័ពជើងគោក និងជាកូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងបានកែប្រែខ្លឹមសារ និងរូបភាពមួយចំនួន ដើម្បីបំផ្លាញកិត្តិយសរបស់លោក និងក្រុមគ្រួសារតែប៉ុណ្ណោះ ប៉ុន្តែការពិត សារដែលមានទំនាក់ទំនងឆ្លងឆ្លើយក្នុងលក្ខណៈឯកជន គឺរវាងរូបនាង ជាមួយបុគ្គលផ្សេងទេ មិនមែនរបស់លោក ហ៊ុន ម៉ាណែត នោះទេ នាងជាមន្ត្រីយោធាផ្តល់ក្តីគោរពលោក ហ៊ុន ម៉ាណែត ជាមេបញ្ជាការរបស់ខ្លួន មិនមែនដូចក្នុងវិដេអូបែកធ្លាយនោះទេ។
ជាមួយគ្នានោះ កញ្ញា យុង ខេមរា បានបដិសេធទាំងស្រុងនូវការប្រឌិតរឿងរ៉ាវបង្ហោះវាយប្រហារថ្មីៗនេះ ហើយបានអំពាវនាវ កុំគិតតែរិះរកវិធីវាយប្រហារលាបពណ៌ ដើម្បីកេងចំណេញនយោបាយ ដើម្បីបំបែកបំបាក់មិត្តភាព សាមគ្គីភាព នៃក្រុមការងារ និងសាច់ញាតិគ្រួសារ ព្រោះគ្មានប្រសិទ្ធភាពនោះទេ ត្រូវងាកទៅធ្វើអ្វី ដែលចំណេញដល់ជាតិនោះវិញ។
តាមការពិនិត្យមើលយ៉ាងលម្អិត លើវីដេអូបែកធ្លាយនោះ មានចំណុចកាត់តយ៉ាងច្រើនកន្លែង ហើយពួកគេពិតមាន ជំនាញកាត់តយ៉ាងស្ទាត់ជំនាញ ដើម្បីបន្លំភ្នែកមហាជនទូទៅ។ ចំពោះ Profile រូបភាព ខ្លឹមសារ និងថ្ងៃខែ គឺងាយស្រួលនឹងប្តូរតាមចិត្តចង់របស់ក្រុមគេណាស់៕
Source: Kampuchea Thmey Daily
0 Comments