ពានរង្វាន់បាល់ទាត់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន លើកទី២ ឆ្នាំ២០១៨ បានដំណើរការប្រកួតជាង១ខែមកហើយ ដោយមានក្រុមចំនួន២១ ក្រុមបានចុះឈ្មោះចូលរួមប្រកួត ស្របពេលដែលគណៈកម្មការបានបែងចែកជា៤ពូលផ្សេងគ្នា។ នៅពេលនេះគណៈកម្មការបានស្វែងរកឃើញក្រុមខ្លាំងចំនួន៨ ដណ្តើមបានកៅអីឡើងទៅប្រកួតវគ្គបន្តបានហើយ។
រយៈពេលជាង៣ខែនឹងស្វែងរកឃើញក្រុមម្ចាស់ជើងឯកនៅរដូវកាលឆ្នាំ២០១៨ នេះហើយ ខណៈក្រុមដែលមានឈ្មោះប្រកួតនៅវគ្គ៨ក្រុមចុងក្រោយ ក៏បានចាប់គូគ្នាប្រកួតរួចរាល់ហើយដែរ ដោយក្នុងនោះក្រុម ធីអ៊ិនកណ្ដាលអែហ្វស៊ី ត្រូវប៉ះក្រុមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា នៅម៉ោង៤ល្ងាចថ្ងៃសៅរ៍ ទី៦ ខែតុលា លើទីលានស្មៅសប្បនិមិត្ត KMH ក្នុងរាជធានីភ្នំពេញ ហើយគូបន្ទាប់នៅម៉ោង៦ល្ងាចក្រុមយុវជនបៃតង ប៉ះ ក្រុមសម្ព័ន្ធ គ.ស.ន.ប.ក ហើយក្រុមពិស្ណុការ ប៉ះ ក្រុមយុវជនស្វាយជ្រំ នៅថ្ងៃអាទិត្យ ទី៧ ខែតុលា ឆ្នាំ២០១៨វេលាម៉ោង៤ល្ងាច និងចុងក្រោយក្រុមអាណាចក្របៃតង ជួបក្រុមយុវជនវត្តវារិន្ទព្រែកលៀប នៅម៉ោង៦ល្ងាច។
សូមបញ្ជាក់ថា តាមគម្រោងវគ្គជម្រុះតាមពូលទាំង៤ បានផ្តើមពីថ្ងៃទី ២៦ ខែសីហាឆ្នាំ២០១៨ មកម្ល៉េះហើយក្រុមខ្លាំងជាងគេចំនួន២ក្រុមក្នុង១ពូល ឡើងទៅប្រកួតវគ្គ ៨ ក្រុម រួចឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៨ ខាងមុខ។ ក្រុមដែលឈ្នះជើងឯក នឹងទទួលបានប្រាក់រង្វាន់រហូតដល់ ៣២ លានរៀល គឺច្រើនជាងឆ្នាំមុន ដែលបានត្រឹម ២៥ លានរៀល។ គណៈកម្មការក៏ត្រៀមប្រាក់រង្វាន់ដល់អ្នកចាំទីល្អ អ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេ ក្រុម Fair play ក្រុមលេខ ២ និងក្រុមលេខ ៣ ផងដែរ។
ពានរង្វាន់សម្តេចចក្រីឆ្នាំដំបូងកាលពីឆ្នាំ២០១៧ មានក្រុមចូលរួមចំនួន១៨ក្រុមដោយចែកជាពូលផ្សេងៗគ្នាដើម្បីប្រកួតជម្រុះ។ ជាលទ្ធផលឆ្នាំដំបូងក្រុមជើងឯកបានទៅក្រុមអាណាចក្របៃតង ដែលកាលនោះទទួលបានពានរង្វាន់១ មេដាយមាសម្នាក់១ និងប្រាក់រង្វាន់ ២៥,០០០,០០០ រៀល ហើយក្រុមសម្ព័ន្ធយុវជនម៉ូស្លីមដែលទទួលបានជើងឯករងទទួលបានមេដាយប្រាក់ម្នាក់១គ្រឿង និងទឹកប្រាក់ចំនួន១២,០០០,០០០ រៀល និងក្រុមចំណាត់ថ្នាក់លេខ៣ បានទៅក្រុមពិស្ណុការ ទទួលបានទឹកប្រាក់ ៦,០០០,០០០រៀល ហើយក្រុម Old Town Garden ទទួលបានពានរង្វាន់ Fair Play៕
Source: Kampuchea Thmey Daily
0 Comments