Ad Code

រដ្ឋបាល​រាជធានី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ខណៈ​កម្មករ​ក្រុមហ៊ុន​ស៊ីន ទ្រី​នឹង​ត្រូវ​ឈប់សម្រាក ចំនួន​៦​ថ្ងៃ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ



​ភ្នំពេញ ​៖ នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ នេះ កម្មករ​ក្រុមហ៊ុន​ស៊ីន ទ្រី​នឹងត្រូវ​ឈប់សម្រាក ចំនួន​៦​ថ្ងៃ ដូច្នេះ​ដើម្បី​រក្សា​សោភណភាព​ និង ​បរិយាកាស​ល្អ គ្មាន​សំរាម​គរ នៅ​តាម​ផ្លូវ​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ទុកដាក់ សំរាម​ឲ្យ បាន​ត្រឹមត្រូវ។



លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​វិទ្យុជាតិ​កម្ពុជា​ថា ប្រជាពលរដ្ឋ​ត្រូវ​ទុកដាក់​សំរាម​ឲ្យ​មាន​សណ្តាប់​ធ្នាប់​ដាក់​នៅក្នុង​ធុងសំរាម ឬ​ ទុកដាក់​នៅក្នុង​ផ្ទះ​មួយ​រយៈ​សិន ហើយ​ក្រុម​អាជីវករ​លក់ដូរ​នៅ​តាម​ទីសាធារណៈ​ត្រូវ​មាន​ធុងសំរាម​ ឬ​ ថង់​ដាក់​សំរាម ដោយ​ខ្លួនឯង ដើម្បី​ជៀសវាង​ការ​បោះចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់​ក្នុង​រាជធានី​ភ្នំពេញ។



លោក​បន្ត​ថា ការ​ទុកដាក់​សំរាម​ត្រឹមត្រូវ នឹង​លើកកម្ពស់ សោភ័ណភាព សណ្តាប់ធ្នាប់ អនាម័យ និង​បរិស្ថាន​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​។



ក្រុមហ៊ុន​ស៊ិន​ទ្រី​ នឹង​ផ្អាក​ប្រតិបត្តិ​ប្រមូល និង​ការ​ដឹកជញ្ជូន​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​៦​ដល់​ថ្ងៃទី​១១ ខែតុលា ដោយសារតែ​កម្លាំង​កម្ម​ករ​ត្រូវ​ឈប់សម្រាក​ទៅលេង​ស្រុកកំណើត​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។



យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ប៉ាន់ប្រមាណ​ថា ក្នុង​មួយថ្ងៃៗ​ក្នុង​រាជធានី ភ្នំពេញ មាន​សំរាម​កើនឡើង​ជាង​៣​ពាន់​តោន ដែល​ត្រូវ​ដឹក​ទៅកាន់​ទីលាន​ចាក់សំរាម​នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu