Ad Code

កូរ៉េខាងជើង​និយាយថា សេចក្តីប្រកាស​សន្តិភាព​មិន​ជាប់ទាក់ទង​នឹង​កិច្ចពិភាក្សា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ទេ



ប្រទេស​កូរ៉េខាងជើង​បាន​ព្រមាន​ក្រុង​វ៉ាស៊ីនតោន​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់ខ្លួន​នៅ​ថ្ងៃ​អង្គា​រថា ការប្រកាស​បញ្ចប់សង្គ្រាម​កូរ៉េ​មិនគួរ​ត្រូវបាន​មើលឃើញថា​ជាប់ទាក់ទង​នឹង​កិច្ចពិភាក្សា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ទេ​។​

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​កូរ៉េខាងជើង​បានចេញ​សេចក្តី​អត្ថាធិប្បាយ​មួយ​ដោយ​អះអាងថា ទីក្រុង​ព្យុងយ៉ាង​បាន​ចាត់វិធានការ​យ៉ាងសំខាន់​ដើម្បី​បញ្ចប់​ទំនាក់ទំនង​អមិត្ត​រវាង​ប្រទេស​ទាំងពីរ​ប៉ុន្តែ​បាន​និយាយថា អាមេរិក​កំពុង​ព្យាយាម​បង្ក្រាប​វា​តាមរយៈ​ការដាក់ទណ្ឌកម្ម​។​

អ្នក​អត្ថាធិប្បាយ​បាន​និយាយថា សេចក្តីប្រកាស​មួយ​ជំនួស​ឲ្យ​បទ​ឈប់​បាញ់​ដែលមាន​អាយុ កាល​៦៥​ឆ្នាំ​ដើម្បី​បញ្ចប់សង្គ្រាម​ជា​ផ្លូវការ​គឺ​មិន​គ្រាន់តែ​ជា​អំណោយ​មួយ​ពី​បុរស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​ទេ​ហើយ​វា​ក៏​មិនអាច​ប្រើ​ជាការ​ចរចា​មួយ​ក្នុង​ការធ្វើ​ឲ្យ​កូរ៉េខាងជើង​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ដែរ​។​

ការអត្ថាធិប្បាយ​នេះ​បាន​សំដៅទៅ​អ្នក​ដែល​គាំទ្រ​គោលនយោបាយ​សហរដ្ឋអាមេរិក​ក្នុងការ​រក្សា​សម្ពាធ​និង​ការដាក់ទណ្ឌកម្ម​អតិបរមា​លើ​ប្រទេស​កូរ៉េខាងជើង​រហូត​ទាល់តែ​ខ្លួន​ធ្វើការ​ផ្លាស់ប្តូរ​យ៉ាងច្បាស់​លាស់​និង​សំខាន់​ក្នុង​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ។

រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo ត្រូវបាន​គេ​រំពឹងថា​នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​ក្នុងពេល​ឆាប់ៗ​នេះ​ដើម្បី​ព្យាយាម​ស្តារ​ដំណើរ​ការចរចា​ឡើងវិញ​និង​រៀបចំ​កិច្ចប្រជុំ​កំពូល​លើក​ទី​២​រវាង​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​និង​មេដឹកនាំ គីម ជុង​អ៊ុន​។​

សេចក្តី​អត្ថាធិប្បាយ​នេះ​បាន​គាំទ្រ​សុន្ទរកថា​របស់​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង​លោក Ri Yong Ho កាលពី​សប្តាហ៍​មុន​នៅ​អង្គការសហប្រជាជាតិ​ដែល​ក្នុងនោះ​លោក​បាន​អះអាងថា កូរ៉េខាងជើង​ត្រៀមខ្លួន​អនុវត្ត​កិច្ចព្រមព្រៀង​រវាង​លោក​ត្រាំ​និង​លោក​គីម​ដែល​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​កំពូល​លើកដំបូង​របស់​ពួកគេ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​កាលពី​ខែមិថុនា​ប៉ុន្តែ​ក៏បាន​ចោទប្រកាន់​ទីក្រុង​វ៉ាស៊ីនតោន​ផងដែរ​អំពី​ការមិន​បានបង្ហាញ​នូវ​ឆន្ទៈ​របស់ខ្លួន​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​និង​កសាង​នូវ​ជំនឿ​ទុកចិត្ត​លើ​គ្នា​ទៅវិញទៅមក​៕ AP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu