Ad Code

UN និយាយថា ការផ្គត់ផ្គង់​ថ្នាំញៀន​ច្រើន​ហួស​នៅ​តំបន់​មេគង្គ​និង​អាស៊ី​ខាងកើត​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​វ័យក្មេង​មាន​ហានិភ័យ



អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ការផលិត​និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​បាន​ឈានដល់​កម្រិត​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅក្នុង​តំបន់​មេគង្គ​របស់​អាស៊ីអាគ្នេយ៍​និង​នៅ​អាស៊ី​ខាងកើត​។ អង្គការ​នេះ​បាន​ព្រមាន​ថា ការផ្គត់ផ្គង់​ច្រើន​ហួស​បាន​បង្កើន​ហានិភ័យ​ដល់​អ្នកប្រើប្រាស់​វ័យក្មេង។

មន្ត្រី​នៃ​ការិយាល័យ​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​របស់​អង្គការសហប្រជាជាតិ (UNODC) បាន​និយាយថា ថ្វីបើ​អាជ្ញាធរ​បាន​រឹបអូស​គ្រឿងញៀន​ខុសច្បាប់​យ៉ាងច្រើន​ក៏ដោយ ការផ្គត់ផ្គង់​ច្រើន​ហួស​បាន​ជំរុញ​ឲ្យ​តម្លៃ​ធ្លាក់ចុះ​ហើយ​នាំមក​នូវ​ថ្នាំញៀន​ជាច្រើន​ដូចជា​មេ​តំ​ហ្វេ​តា​មីន​ជាដើម​។​

តួលេខ​របស់​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំនេះ​បានបង្ហាញ​ថា នៅក្នុង​ប្រទេស​ថៃ ថ្នាំ​គ្រាប់​មេ​តំ​ហ្វេ​តា​មីន​មួយ​បន្ទះ​មានតម្លៃ​ពី​១.៥​ដល់​៤.៥​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧​ពោលគឺ​ធ្លាក់ចុះ​ពី​៤​ទៅ​៧​ដុល្លារ​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៤​។​

នៅ​ប្រទេស​សិង្ហ​បុរី​ដែល​ស្ថិតនៅ​ជិតខាង តម្លៃ​បាន​ធ្លាក់ចុះ​ដល់​ក្រោម​៦​ដុល្លា​ក្នុង​ឆ្នាំ​២០១៧​ពី ២០​ដុល្លា​ក្នុង​ឆ្នាំ​២០១៤​។​

លោក Jeremy Douglas អ្នកតំណាង​ប្រចាំ​តំបន់​របស់​ស្ថាប័ន​នេះ​បាន​ប្រាប់​រ៉​យ​ទ័​រ​មុនពេល​កិច្ចប្រជុំ​មួយ​នៅ​រដ្ឋធានី​ថៃ​ថា “​ការកើនឡើង​នៃ​ការផ្គត់ផ្គង់​ថ្នាំ​យ៉ាម៉ា​បាន​រុញច្រាន​តម្លៃ​តាមផ្លូវ​នៅ​ទូទាំង​តំបន់​ឲ្យ​ធ្លាក់ចុះ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​មានតម្លៃ​សមរម្យ​អាច​លៃលក​ទិញ​បាន​ដោយ​អ្នកប្រើប្រាស់​វ័យក្មេង​ដែល​កំពុង​ត្រូវបាន​គេ​ណែនាំ​ឲ្យ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ​”​។​

ប៉ូលិស​បាន​រឹបអូស​ថ្នាំ​គ្រាប់​មេ​តំ​ហ្វេ​តា​មីន​ជាង​១៤​លាន​គ្រាប់​ដែលមាន​តម្លៃ​៤៥​លាន​ដុល្លារ​នៅ​ក្នុងការ​វាយឆ្មក់​គ្រឿងញៀន​ធំ​បំផុត​មួយ​ក្នុងប្រទេស​ថៃ​កាលពី​ខែសីហា​។​

ប្រទេស​ម៉ាឡេស៊ី​បាន​រឹបអូស​គ្រឿងញៀន​គ្រី​ស្តា​ល់​ធំ​បំផុត​របស់ខ្លួន​កាលពី​ខែឧសភា​ដោយ​ស្ទាក់ចាប់​គ្រឿងញៀន​បាន​ជិត​១.២​តោន​ដែល​ក្លែង​ធ្វើជា​តែ​ដឹក​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា​។​
UNODC បាន​និយាយ​នៅ​ឆ្នាំ​២០១៧​ថា ការផលិត​មេ​តំ​ហ្វេ​តា​មីន​នៅ​អាស៊ីអាគ្នេយ៍​ភាគច្រើន​គឺ​មកពី​តំបន់​គ្មាន​ច្បាប់​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​ជាពិសេស​នៅ​រដ្ឋ Shan៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu