ការស្ទង់មតិមួយបានបង្ហាញថា រូបភាពរបស់សហរដ្ឋអាមេរិកកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀតក្នុងចំណោមសម្ព័ន្ធមិត្តប្រពៃណីរបស់ខ្លួនក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បង្កើនការវាយប្រហារពាក្យសំដីរបស់គាត់ទៅលើបណ្តាប្រទេសនានាដូចជាកាណាដានិងអាល្លឺម៉ង់ជាដើម។
ការស្ទង់មតិលើប្រជាជាតិចំនួន២៥ដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew ក៏បានបង្ហាញផងដែរថា អ្នកឆ្លើយឆ្លងពាសពេញពិភពលោកមានទំនុកចិត្តកាន់តែតិចទៅលើសមត្ថភាពដឹកនាំរបស់លោក Trump ជាងលោក Vladimir Putin របស់រុស្ស៊ីនិងលោក Xi Jinping របស់ចិន។
ចាប់តាំងពីចូលកាន់តំណែងកាលពីខែមករាឆ្នាំ២០១៧មក លោក Trump បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអន្តរជាតិដូចជាកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសនិងកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ រឹតចំណងមិត្តភាពជាមួយមេដឹកនាំផ្តាច់ការដូចជាលោក Putin និងលោកគីមជុងអ៊ុនរបស់កូរ៉េខាងជើងហើយបានរិះគន់ប្រទេសជិតខាងនិងសម្ព័ន្ធមិត្តណាតូ។
នៅក្នុងខែមិថុនា បន្ទាប់ពីជំនួបកំពូល G7 នៅប្រទេសកាណាដា លោក Trump បានបដិសេធចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយជាមួយសម្ព័ន្ធមិត្តរបស់អាមេរិកដោយហៅលោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ថា “មិនស្មោះត្រង់និងទន់ខ្សោយ”។ គាត់បានវាយប្រហារប្រទេសអាល្លឺម៉ង់ម្តងហើយម្តងទៀតសម្រាប់អតិរេកពាណិជ្ជកម្ម ការចំណាយការពារជាតិទាបនិងការពឹងផ្អែកលើឧស្ម័នរបស់ប្រទេសរុស្ស៊ី។
កាលពីសប្តាហ៍មុន នៅពេលថ្លែងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក លោក Trump បានធ្វើឲ្យមានការសើចចំអកពីសំណាក់មេដឹកនាំពិភពលោកនៅពេលលោកអះអាងថា ក្នុងរយៈពេលពីរឆ្នាំនៅសេតវិមាន លោកសម្រេចបានជោគជ័យច្រើនជាងរដ្ឋបាលអាមេរិកដទៃទៀតនៅក្នុងប្រវត្តិសាស្ត្រ។
ការស្ទង់មតិនេះបានបង្ហាញថា រូបភាពរបស់អាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ២០១៧ដែលជាឆ្នាំដំបូងរបស់លោក Trump។ វាបានបន្តធ្លាក់ចុះក្នុងប្រទេសជាច្រើននៅឆ្នាំ២០១៨នេះជាពិសេសនៅក្នុងទ្វីបអឺរ៉ុប។
នៅទូទាំងប្រទេសទាំងអស់ អ្នកឆ្លើយសំនួរជាមធ្យម២៧ភាគរយបាននិយាយថា ពួកគេមានទំនុកចិត្ដលើលោក Trump ។ នោះបើប្រៀបធៀបទៅនឹងលោក Putin មាន៣០ភាគរយនិងលោក Xi មាន៣៤ភាគរយ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments