Ad Code

ជាង​សំណង់​ពី​ខេត្ត​ស្វាយរៀង និង​ព្រៃវែង​ប្រកួតប្រជែង ក្នុង​វគ្គ​ជម្រុះ​របស់​កម្មវិធី​ប្រកួត​ជាងសំណង់ SCG



ស្វាយរៀង ​៖​ ជាង​សំណង់​ចំនួន​១៦ នាក់​មកពី​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង បាន​ចូលរួម​នៅក្នុង​ការប្រកួត​ជុំ​ជម្រុះ​ថ្នាក់​តំបន់ នៃ​កម្មវិធី​ប្រកួត​ជាងសំណង់​របស់​ក្រុមហ៊ុន អេស​ស៊ីជី (SCG) កាលពី​ពេល​ថ្មីៗ ហើយ​ក្នុង​នោះ ជ័យលាភី ដែល​ជាប់​វគ្គ​ជម្រុះ មាន​សិទ្ធិ​ចូលរួម​ការប្រកួត​ថ្នាក់​ជាតិ ដែល​នឹង​រៀបចំ​នៅ​ចុងឆ្នាំ​នេះ។

បេក្ខជន​ត្រូវ​បាន​បែង​ចែក​ជា​៨​ក្រុម ដែល​មួយ​ក្រុម​មាន​គ្នា​ពីរ​នាក់ ដោយ​ត្រូវ​ប្រកួត​លើ​ផ្នែក​បូក​ស៊ីម៉ង់ត៍​។ ការប្រកួត​នេះ​ បាន​ធ្វើ​ឡើង​នៅ​ឯ​ដេប៉ូ​សំណង់ អៀង ង៉ែត ដែល​ជា​តំណាង​ចែកចាយ​របស់​ក្រុមហ៊ុន​អេស​ស៊ីជី​ប្រចាំ​ខេត្ត​ស្វាយរៀង។

លោកស្រី អៀង គឹម​ឡាយ តំណាង​ដេប៉ូ​សំណង់ អៀង ង៉ែត បាន​ថ្លែងថា “​ខ្ញុំ​គិតថា ការរៀបចំ​ឲ្យ​មានការ​ប្រកួត​ជាងសំណង់​នេះ គឺ​វា​ល្អ​មែនទែន ពីព្រោះ​កម្មវិធី​នេះ​បង្កើតឡើង​ដោយ​ការសហការ​គ្នា​រវាង​ក្រុមហ៊ុន​អេស​ស៊ីជី និង​ក្រសួង​ការងារ ដើម្បី​ជួយ​ពង្រឹងសមត្ថភាព​របស់​ជាង​នៅក្នុង​ប្រទេស​កម្ពុជា​។ ហើយ​ខ្ញុំ​គិតថា ពួកគាត់​នឹង​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើនជាង​មុន ដោយសារ​ថ្វីដៃ​របស់គាត់​ហ្នឹង ហើយ​និង​ទំនុកចិត្ត​របស់​ម្ចាស់ផ្ទះ”។

លោក ពង់​ថា​ណា ដេ​វី​តា​យ៉ា​ផន (Pongdhana Dejvittayaporn) នាយក​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន អេស​ស៊ីជី បាន​មានប្រសាសន៍ថា “​បន្ទាប់ពី​បាន​សង្កេតឃើញ​ការប្រកួត​ពី​មួយ​លើក​ទៅ មួយ​លើក យើង​បាន​ពិនិត្យ​ឃើញ​ថា ទឹកដៃ ល្បឿន និង​គុណភាព​ការងារ​របស់​ជាងសំណង់​ទាំងនេះ​គឺ​ប្រពៃ​ខ្លាំង​ណាស់ ហើយ​នេះ​ជា​តឹកតាង​បង្ហាញ​ឲ្យ​ឃើញ​ពី​លទ្ធផល​វិជ្ជមាន​ដែល​កើត​ចេញ​ពី​វគ្គ​បណ្ដុះបណ្ដាល​របស់​យើង។ ដោយសារតែ​ជំនាញ​មានការ​កើនឡើង​ដូច្នេះ ខ្ញុំ​រំពឹងថា ជាងសំណង់​ទាំងនេះ​នឹង​អាច​រកប្រាក់​ចំណូល​បាន​កាន់តែ​ច្រើន​ទៅ​ថ្ងៃ​អនាគត​”​។ លោក​បាន​បន្ថែមថា “​ការ​រីកចម្រើន​នូវ​ជំនាញ​របស់​ជាងសំណង់ គួបផ្សំ​នឹង​ផលិតផល និង​សម្ភារ​សំណង់​ថ្មីៗ ដែល​កំពុង​ដាក់លក់​នៅលើ​ទីផ្សារ​បច្ចុប្បន្ន ជាពិសេស​គឺ​ផលិតផល និង​សម្ភារ​សំណង់​ដែលមាន​គុណភាព​ពី​អេស​ស៊ីជី នឹង​ធានាបាន​ថា បទដ្ឋាន និង​គុណភាព​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​បន្ត​កើនឡើង​ជាប់​ជានិច្ច​”​។​

រាល់​បេក្ខជន​ដែល​ចូលរួម​សុទ្ធតែ​ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ​ពី​កម្មវិធី​បណ្ដុះបណ្ដាល ហើយ​ក្រុម​ដែល​ទទួល​ជ័យជំនះ​សម្រាប់​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ទទួលបាន​រង្វាន់​ជា​ទឹកប្រាក់​២​លាន​រៀល និង​បាន​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​អប់រំ​ទៅកាន់​ប្រទេស​ថៃ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​អេស​ស៊ីជី​ផងដែរ​។ ជ័យលាភី​ក្នុងការ​ប្រកួត​ក្នុង​ខេត្តស្វាយរៀង គឺ​បាន​ទៅ​ក្រុម​លោក ព្រំ ភ័ក្ត្រ និង​លោក​តេត គង់ ដែល​មកពី​ខេត្តព្រៃវែង​។

លោក​ព្រំ ភ័ក្ត្រ បាន​ថ្លែងថា “​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ដោយសារ ក្រុមហ៊ុន​អេស​ស៊ីជី បានផ្ដល់​ជ័យជំនះ​ឲ្យ​។ ខ្ញុំ​គិតថា លំបាក​ដែរ ប៉ុន្តែ​ថ្ងៃនេះ​ខ្ញុំ​ក៏បាន​ខំប្រឹង ហើយ​ក៏បាន​ជ័យជំនះ​នៅក្នុង​ថ្ងៃនេះ​។ ថ្ងៃ​ខាងមុខ ខ្ញុំ​សង្ឃឹមថា ខ្ញុំ​នឹង​អាច​យកឈ្នះ​នៅពេល​ប្រកួត​ជាមួយនឹង​ខេត្ត​ផ្សេងៗ​ទៀត​។ ថ្ងៃ​ខាងមុខ​ខ្ញុំ​សង្ឃឹមថា ការងារ​នឹង​លូត​រីកចម្រើន ខ្ញុំ​នឹង​អាចមាន​ការងារ​ធ្វើ​បន្ត​ពីមួយ​កន្លែង​ទៅមួយ​កន្លែង​បាន ហើយ​ជួយ​ឲ្យ​ជីវភាព​របស់ខ្ញុំ​អាច​ធូរស្រាល​ជាងនេះទៅទៀត​”​។​

បន្ថែម​លើ​ការប្រកួត និង​ការបណ្ដុះបណ្ដាល​ជាងសំណង់ ក្រុមហ៊ុន​អេស​ស៊ីជី ក៏បាន​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សេវាកម្ម​ផ្គូផ្គង​ជាងសំណង់ ដែល​ជួយ​ឲ្យ​ម្ចាស់​លំនៅដ្ឋាន និង​ម្ចាស់​គម្រោង​អាច​ស្វែងរក​ជាងសំណង់​បាន​កាន់តែ​ងាយស្រួល​ជាង​មុន តាមរយៈ​ការ​ទូរស័ព្ទ​ទៅកាន់​ការិយាល័យ​ព័ត៌មាន​របស់​អេស​ស៊ីជី លេខ ០៩៥-៩៩៩-៥០០ ឬ​ចុះឈ្មោះ​នៅលើ​គេហទំព័រ​របស់​អេស​ស៊ីជី kh.scgbuildingmaterials.com/contractor-matching៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu