Ad Code

ចំនួន​កម្មសិក្សាការី​ខ្មែរ​កំពុង​សិក្សា​និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ​មាន​ប្រមាណ​ជិត​១​ម៉ឺន​នាក់



ភ្នំពេញ​ ៖​ លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រ សួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​ថា ​បច្ចុប្បន្ន​នេះ​មាន​កម្មសិក្សាការី​ខ្មែរ​ប្រមាណ​៨០៦០​នាក់​កំពុង​សិក្សា​និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ដែល​បាន​ជួយ​បង្កើន​ប្រាក់ចំណូល​លើកស្ទួយ​ដល់​សេដ្ឋកិច្ច​គ្រួសារ​ក៏ដូចជា​សេដ្ឋកិច្ចជាតិ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។

លោក​បណ្ឌិត​អ៊ិត​ សំហេង​ បាន​បន្ត​ថា ​ការ​បញ្ជូន​កម្លាំង​ពលកម្ម​កម្ពុជា​ទៅ​សិក្សា​និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ព្រោះថា​ មិន​ត្រឹមតែ​ជួយ​បង្កើន​ចំនួន​ពលករ​ទៅធ្វើ​ការ​នៅ​ទីនោះ​ឲ្យ​កាន់​តែ​ច្រើន​ថែមទៀត​ប៉ុណ្ណោះ​ទេ​ថែមទាំង​ផ្តល់​ឱកាស​ឲ្យ​កម្មសិក្សាការី​ខ្មែរ​ទទួលបាន​នូវ​ចំណេះដឹង បទពិសោធន៍​ថ្មីៗ​ពី​ប្រទេស​ជប៉ុន​ដើម្បី​យក​មក​អភិវឌ្ឍន៍​នៅ​ប្រទេស​របស់​ខ្លួន​វិញ​ផងដែរ​។



លោក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​អង្គការ​សមាគម​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​ដែល​បាន​ចុះ​អនុស្សរណៈ​រយៈពេល​៥​ឆ្នាំ​ ក្នុង​ការ​ប​ញ្ជួ​ន​កម្មករ​កម្មការី​ខ្មែរ​ទៅ​សិក្សា​និង​ធ្វើការ​នៅ​ជប៉ុន ជួយ​បណ្តុះបណ្តាល​និង​ប​ញ្ជូន​កម្មសិក្សាការី​ខ្មែរ​ទៅ​សិក្សា​និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ឲ្យ​បាន​ច្រើន​ថែមទៀត​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់​ជួយ​លើកស្ទួយ​ដល់​សេដ្ឋកិច្ច​គ្រួសារ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​ខណៈ​បច្ចុប្បន្ននេះ​មាន​កម្មសិក្សាការី​ខ្មែរ​កំពុងធ្វើការ​នៅ​ប្រទេស​ជប៉ុន​ប្រមាណ​ជាង​៨០០០​នាក់។

លោក Fumio Yamada ប្រធាន​អង្គការ​សមាគម​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន បាន​មាន​ប្រសាសន៍​ថា អង្គការ​បាន​ជួយ​បណ្តុះបណ្តាល​ដល់​កម្មសិក្សា​ការី​ខ្មែរ​នូវ​ជំនាញ​មួយចំនួន​ដូចជា​ជំនាញ​ផ្នែក​សេវា​ថែទាំ​មនុស្ស​ចាស់ សំណង់​ស្ថាបត្យកម្ម ទេសចរណ៍​និង​ផ្នែក​ធ្វើ​គ្រឿងបន្លាស់​តូចៗ​ជាដើម​ដើម្បី​បញ្ជូន​ទៅ​សិក្សា​និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ដែល​តាម​ក្នុង​១​ឆ្នាំ​ត្រូវ​បញ្ជូន​ទៅ​ប្រមាណ​ពី​១០០​ទៅ​២០០​នាក់​ខណៈ​កន្លងមក​អង្គការ​ធ្លាប់​បាន​ប​ញ្ជូន​ទៅ​ប្រទេស​ជប៉ុន​បាន​ប្រមាណ​ជិត​៥០នាក់​រួច​មក​ហើយ​។

លោក​បាន​បន្ត​ថា ​ប៉ុន្តែ​កម្មសិក្សាការី​ដែល​រៀន​ចប់​ត្រឹម​ថ្នាក់​ទី​១២​ត្រូវ​មក​ចុះឈ្មោះ​រៀន​ភាសា​ជប៉ុន​និង​សិក្សា​ជំនាញ​ទាំងនេះ​រយៈ​៣​ឆ្នាំ​ជា​មុនសិន​ទើប​ប​ញ្ជូន​ទៅ​ប្រទេស​ជប៉ុន​។

លោក​បណ្ឌិត អ៊ិត​ សំហេង ​បាន​មានប្រសាសន៍​បន្ថែម​ថា រហូត​មកដល់​បច្ចុប្បន្ន​នេះ​មាន​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ក្រៅ​ប្រទេស​ចំនួន​១​លាន​២​សែន​នាក់​ដោយ​បាន​ផ្ញើ​មក​ស្រុកកំណើត​វិញ​ប្រមាណ​២​លាន​ដុល្លារ​អាមេរិក ​ក្នុង​១​ឆ្នាំៗ​ដែល​បាន​ជួយ​លើកស្ទួយ​ដល់​សេដ្ឋកិច្ច​គ្រួសារ​និង​សេដ្ឋកិច្ចជាតិ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

លោក​បណ្ឌិត​អ៊ិត ​សំហេង ​បាន​បន្ត​ថា ​ក្នុងចំណោម​ពលករ​ខ្មែរ​ធ្វើការ​នៅ​បរទេស​នោះ​ក្នុងនោះ​ប្រទេស​ថៃ​មាន​ច្រើន​ជាង​គេ​រហូតដល់​ទៅ​ជាង​១​លាន​៨​ម៉ឺន​នាក់​ បន្ទាប់មក​នៅ​ប្រទេស​កូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន សឹង្ហ​បុរី កាតា អា​រ៉ា​ប៊ី​សា​អី​ឌី​ត​និង​គូ​វ៉េ​ត ។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា​ ការដែល​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​បរទេស​នេះ​គឺ​ដោយសារតែ​និន្នាការ​របស់​ពិភពលោក​ខណៈ​ដែល​ប្រទេសមួយ​ចំនួន​ខ្វះ​កម្លាំង​ពលកម្ម​ដូចជា​ប្រទេស​កូរ៉េខាងត្បូង​ប្រទេស​ជប៉ុន​ជាដើម​ ហើយ​ប្រទេស​ដែល​ប​ញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ច្រើន​ជាង​គេ​គឺ​ប្រទេស​ហ្វីលីពីន បន្ទាប់មក​ឥណ្ឌូនេស៊ី មី​យ៉ាន់​ម៉ា វៀតណាម កម្ពុជា ឡាវ​និង​ប្រទេស​ថៃ​។

ក្នុង​ការ​ការពារ​ដល់​ពលករ​ខ្មែរ​ធ្វើការ​នៅ​បរទេស​លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ​រាជរដ្ឋាភិបាល​តែងតែ​គិតគូរ​ និង ​យកចិត្តទុកដាក់​ចំពោះ​ពលករ​ខ្មែរ​ធ្វើការ​នៅ​បរទេស​។ ​ជាក់ស្តែង​កន្លង​មករា​ជ​រដ្ឋាភិបាល​បា​នប​ញ្ជូន​ក្រុមការងារ​អន្តរក្រសួង​ចុះទៅ​ធ្វើ​ភាព​ស្របច្បាប់​នៅ​ប្រទេស​ថៃ​បាន​១០០​ភាគរយ​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​នូវ​ភាព​ស្របច្បាប់​ក្នុង​ការធ្វើការងារ​នៅ​ប្រទេស​ថៃ​ដោយ​មិន​មាន​ការព្រួយបារម្ភ​ពី​ការ​បញ្ជូន​ត្រឡប់មក​ស្រុកកំណើត​វិញ​ឡើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu