ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ ប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិសឹង្ហបុរី នៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨ នេះ ខណៈគ្រូបង្វឹករបស់ក្រុមទាំង២សុទ្ធតែអះអាងថានឹងយកប្រកួតនេះពង្រឹងបច្ចេកទេសក្រុមទាំងមូលព្រមទាំងផ្តល់ឱកាសឱ្យកីឡាករក្មេងៗនិងថ្មីៗ បានបង្ហាញសមត្ថភាពមុនប្រកួតផ្លូវការមកដល់ក្នុងពេលឆាប់ៗ។
ចំពោះលោក Fandi Ahmad គ្រូបង្វឹករបស់ក្រុមជម្រើសជាតិសឹង្ហបុរី បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមកដល់ថា «យើងរីករាយដែលប្រកួតជាមួយកម្ពុជា។ ចំពោះក្រុមយើងបានប្រកួត៣លើកមកហើយ ហើយកម្ពុជាបាន២លើក ហើយកម្ពុជា ជាក្រុមខ្លាំងក្នុងផ្ទះ បូកទាំងមានអ្នកគាំទ្រច្រើន មានកីឡាករល្អៗច្រើន។ យើងធ្លាប់មើលវីដេអូប្រកួតរបស់កម្ពុជានាពេលកន្លងមក ជាពិសេសនៅពេលប្រកួតជាមួយម៉ាឡេស៊ី ដែលព្យាយាមដាក់សម្ពាធដល់គូប្រកួតតែប្រកួតជាមួយទីម័រខាងកើត ហាក់ប្លែកព្រោះមិនសូវប្រឹង។ តែខ្ញុំយកចិត្តទុកដាក់លើក្រុមយើងច្រើនជាងទាំងវិន័យនិងបច្ចេកទេសលេង»។
គ្រូបង្វឹកជនជាតិសឹង្ហបុរី រូបនេះបានបន្តថា «ស្ថានភាពបច្ចុប្បន្នក្រុមយើងកំពុងតែដំណើរការកសាងក្រុមឡើងវិញ ហើយយើងផ្តល់ឱកាសឲ្យកីឡាករថ្មីនិងយុវជន ដើម្បីបង្ហាញសមត្ថភាព ខណៈប្រធានក្រុមធ្វើដំណើរត្រឡប់ទៅម៉ាឡេស៊ី វិញជួយក្លិបរបស់គេ។ កីឡាករ២៨នាក់កំពុងតែហ្វឹកហាត់រួមគ្នា ហើយប្រកួតនេះក៏មិនតម្រូវឲ្យដាក់កីឡាករល្អគ្រប់គ្នាដើម្បីលេងនោះទេ គឺយើងត្រូវធ្វើការត្រួតពិនិត្យកីឡាករសិនដើម្បីត្រៀមប្រកួតផ្លូវការ។ យើងត្រូវទៅហ្វឹកហាត់នៅជប៉ុន ហើយកន្លងមកឃើញថា កម្ពុជាប្រកួតហាក់មិនសូវសមប្រកបនោះទេ ខ្ញុំគិតថាប្រកួតនេះកម្ពុជា នឹងប្រឹងប្រែងខ្លាំង ហើយប្រកួតនេះនឹងតានតឹងសម្រាប់ក្រុមទាំង២»។
ដោយឡែកលោកFelix គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញទស្សនៈរបស់ខ្លួនផងដែលថា «សម្រាប់ការរៀបចំក្រុមដើម្បីត្រៀមប្រកួតរបស់យើងគឺដូចជាមិនមានអ្វីផ្លាស់ប្តូរច្រើននោះទេ។ អ្វីសំខាន់គឺយើងចង់ឲ្យកីឡាករគ្រប់រូបបង្ហាញសមត្ថភាពបានច្រើន ដោយគោរពតាមកល្បិចនិងតិចនិកលេងរបស់យើង។ យើងរីករាយដែលប្រកួតជាមួយសឹង្ហបុរី ហើយយើងធ្លាប់ប៉ះគ្នាច្រើនដងមកហើយ តែយើងនឹងរំពឹងថានឹងទទួលបានលទ្ធផលល្អ។ ពួកយើងមានចំណុចជាច្រើនរីកចម្រើនម្តងបន្តិចៗ តែបើឲ្យច្បាស់ត្រង់ណាគឺមិនទាន់អាចបញ្ជាក់ច្បាស់ តែបើមើលជាក្រុមគឺយើងរីកចម្រើនច្រើន ជាពិសេសពេលប៉ះទីម័រខាងកើត ឃើញថាជាការបោះជំហានថ្មីមួយដល់ក្រុមកម្ពុជា»។
គ្រូបង្វឹកជនជាតិអាហ្សង់ទីន ដែលជាដៃស្តាំរបស់Keisuke Honda ជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា បានសង្កត់ធ្ងន់ថា «យើងតែងតែដាក់កីឡាករក្មេងៗ និងប្រឹងប្រែងព្យាយាមក្នុងការប្រកួត តែពេលនេះគឺលក្ខខណ្ឌមួយថា គឺកំពុងតែដំណើរការនៅឡើយ។ យើងជឿជាក់ថាលទ្ធផលចាញ់ឬឈ្នះប៉ះពាល់ដល់កម្លាំងចិត្តក្រុម តែពេលនេះយើងចង់ផ្លាស់ប្តូរប្រព័ន្ធលេងមួយដែលជាក់លាក់»។
សម្រាប់ប្រកួតមិត្តភាពអន្តរជាតិរវាងម្ចាស់ផ្ទះកម្ពុជា ជាមួយសឹង្ហបុរី នេះមានលក់សំបុត្រប្រភេទ១តម្លៃ១០,០០០៛ និងប្រភេទ ២តម្លៃ ៥,០០០៛។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងក្នុងម៉ោងធ្វើការទៅលេខ០៧១ ៤៨ ៦៩ ៤៧៥ ឬ ០១៥ ៤៤ ៧៦ ៨០។ សម្រាប់ទស្សនិកជនដែលរស់នៅក្រៅប្រទេសឬតាមបណ្តាខេត្តអាចទស្សនាការប្រកួតលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ BTV News បាន។
ក្រុមជម្រើសជាតិកម្ពុជា និងសឹង្ហបុរី កំពុងតែត្រៀមខ្លួនដូចគ្នាដើម្បីចូលរួមប្រកួតក្នុងពានរង្វាន់ធំប្រចាំតំបន់អាស៊ាន គឺ AFF Suzuki Cup 2018 ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៨ ដោយក្នុងនោះ ពូល A មានវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ខណៈពូល B មានថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងក្រុមឈ្នះនៅវគ្គជម្រុះទីម័រខាងកើត៕
Source: Kampuchea Thmey Daily
0 Comments