ភ្នំពេញ ៖ លោក រដ្ឋមន្ត្រី វេង សាខុន និងគណ:ប្រតិភូ បានអញ្ជើញរួមជាមួយថ្នាក់ដឹកនាំ និងគណ:ប្រតិភូអាស៊ាន ទស្សនកិច្ចនៅលើទីវាល ដើម្បីពិនិត្យមើលពីដំណើរការនៃការវិវឌ្ឍន៍វិស័យកសិកម្មជនបទរបស់វៀតណាម និងស្វែងយល់ពីគោលនយោបាយកំណែទម្រង់ក្នុងវិស័យកសិកម្មវៀតណាម។
ក្រសួងកសិកម្មបានឲ្យដឹងថា ក្រោយពីបានបញ្ចប់កិច្ចប្រជុំលើកទី៤០ នៃរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើ អាស៊ាន កិច្ចប្រជុំលើកទី១៨ នៃរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើ អាស៊ានបូកបី និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអនាម័យនិងភូតគាមអនាម័យលើកទី៦ នៃរដ្ឋមន្ត្រីអាស៊ានចិន នៅព្រឹកថ្ងៃសៅរ៍ ០៤កើត ខែអស្សុជ ឆ្នាំច សំរឹទិ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ លោក រដ្ឋមន្ត្រី វេង សាខុន និងគណប្រតិភូ បានអញ្ជើញរួមជាមួយថ្នាក់ដឹកនាំ និងគណប្រតិភូអាស៊ាន ទស្សនកិច្ចនៅលើទីវាល ដើម្បីពិនិត្យមើលពីដំណើរការនៃការវិវឌ្ឍន៍វិស័យកសិកម្មជនបទរបស់វៀតណាម និងស្វែងយល់ពីគោលនយោបាយកំណែទម្រង់ក្នុងវិស័យកសិកម្មវៀតណាម។
បន្ទាប់មកគណប្រតិភូបានបន្តដំណើរទៅទស្សនកិច្ចក្រុមហ៊ុន DOVECO ដែលជាក្រុមហ៊ុនកែច្នៃម្ហូបអាហារ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិដ៏ធំមួយនៅប្រទេសវៀតណាម ដើម្បីស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មកសិកម្មទៅនឹងទីផ្សារ និងការវិវឌ្ឍន៍នៃបច្ចេកវិទ្យាកែច្នៃផលិតផលកសិកម្មវៀតណាម។
សូមរំលឹកថា កាលពី ថ្ងៃសុក្រ ០៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ លោក រដ្ឋមន្ត្រី វេង សាខុន និងគណៈប្រតិភូបានចូលរួមកិច្ចប្រជុំលើកទី១៨ នៃរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានបូកបី (AMAF Plus Three)។ រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានបូកបីនៅតែមានការយកចិត្តទុកដាក់ទៅលើ សន្តិសុខស្បៀង ការអភិវឌ្ឍន៍ជនបទ ការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនៃការធ្វើពាណិជ្ជកម្មផលិតផលកសិកម្មឆ្លងដែន និងការជំរុញភាពជាដៃគូរវាងវិស័យឯកជននិងរដ្ឋនៅក្នុងតំបន់ ដើម្បីពង្រីកពាណិជ្ជកម្មផលិតផលកសិកម្មរវាងប្រទេសអាស៊ានបូកបី។ ភាគីចិន ជប៉ុន និងកូរ៉េ បានបង្ហាញនូវជំហរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ានជាពិសេសបន្តគាំទ្រក្នុងការអនុវត្តយន្តការ កិច្ចព្រមព្រៀងស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូកបី (APTERR) និងយន្តការ ប្រព័ន្ធព័ត៌មានវិទ្យាសន្តិសុខស្បៀងអាស៊ានបូកបី (AFSIS)។
សូមបញ្ជាក់ថា APTERR ជាកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងតំបន់នៃអាស៊ានបូកបីដែលបានបង្កើតឡើងក្នុងឆ្នាំ២០១១ ក្នុងបំណងពង្រឹងសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ និងលុបបំបាត់កង្វះអាហារូបត្ថម្ភ នៅក្នុងប្រទេសជាសមាជិកដោយមិនប៉ះពាល់ដល់ផ្នែកពាណិជ្ជកម្មឡើយ ដោយនៅរក្សាបានគោលបំណងក្នុងការធានាសន្តិសុខស្បៀងនៅក្នុងតំបន់។ ដោយឡែក AFSIS សំដៅដល់យន្តការគ្រប់គ្រងប្រព័ន្ធបណ្តាញសន្តិសុខស្បៀង ដើម្បីធានាដល់និរន្តភាពសន្តិសុខស្បៀងរយៈពេលវែងនៅក្នុងតំបន់ តាមរយៈការផ្តល់ព័ត៌មានសន្តិសុខស្បៀង និងការវិភាគសម្រាប់អ្នករៀបចំគោលនយោបាយក្នុងការទាញយកនូវព័ត៌មានដែលមានភាពជាក់លាក់។
នៅក្នុងកិច្ចប្រជុំនេះ ភាគីចិន ជប៉ុន និងកូរ៉េ ក៏បានបង្ហាញពីជំហរក្នុងការជំរុញយន្តការភាពជាដៃគូរវាងឯកជននិងរដ្ឋនៅក្នុងប្រទេសអាស៊ាន ដើម្បីពង្រឹងទំហំពាណិជ្ជកម្មកសិកម្មក្នុងតំបន់ ជាពិសេសការវិនិយោគនូវផ្នែកបច្ចេកវិទ្យាទំនើបក្នុងប្រព័ន្ធខ្សែច្រវាក់កសិកម្ម ទាំងក្នុងដំណើរការផលិតកម្ម និងការកែច្នៃវេចខ្ចប់ ដែលមានគុណភាព និងស្តង់ដារខ្ពស់ស្របតាមបទដ្ឋានអន្តរជាតិ និងធានាបាននូវសុវត្ថិភាពចំណីអាហារ៕
Source: Kampuchea Thmey Daily
0 Comments