អាជ្ញាធរបាននិយាយថា ទឹកជំនន់ភ្លាមៗ បានសម្លាប់កុមារយ៉ាងតិច១១នាក់នៅឯសាលារៀនឥស្លាមមួយក្នុងខេត្តស៊ូម៉ាត្រាខាងជើង កាលពីថ្ងៃសុក្រ ខណៈក្រុមជួយសង្គ្រោះកំពុងស្វែងរកសិស្សដែលបាត់ខ្លួនម្នាក់ទៀត។
ទឹកជំនន់បានវាយប្រហារតំបន់ Mandailing Natal ក្នុងខេត្តស៊ូម៉ាត្រាខាងជើងកាលពីថ្ងៃសុក្របន្ទាប់ពីមានភ្លៀងធ្លាក់ឥតឈប់ឈរដោយបំផ្លាញផ្ទះអស់ជាង២០ខ្នង។
មេបញ្ជាការប៉ូលិសតំបន់ Mandailing Natal លោក Irsan Sinuhaji បានប្រាប់រ៉យទ័រថា អាជ្ញាធរកំពុងពិនិត្យមើលជនរងគ្រោះដែលអាចបាត់ខ្លួនផ្សេងទៀត។
លោកបាននិយាយថា “ចៅហ្វាយស្រុកកំពុងពិនិត្យមើលក្រុមគ្រួសារក្នុងស្រុកដើម្បីរកអ្នកបាត់ខ្លួនដោយសារតែផ្ទះចំនួន១២ខ្នងត្រូវបានទឹកជំនន់ហូរនាំយកទៅហើយផ្ទះចំនួន៩ខ្នងបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ”។
លោក Sinuhaji បានប្រាប់រ៉យទ័រថា សិស្សមួយថ្នាក់មានគ្នា២៩នាក់កំពុងសិក្សានៅសាលារៀនក្នុងភូមិ Muara Saladi នៅពេលដែលទឹកជំនន់បានវាយប្រហារយ៉ាងសាហាវលើសាលារៀននេះនៅវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃសុក្រ។
រូបថតនៃគ្រោះមហន្តរាយដែលចែកចាយក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញឲ្យឃើញពីក្រុមអ្នកជួយសង្គ្រោះកំពុងជីកដីភក់និងកម្ទេចថ្មនៅក្នុងអគារបាក់រលំមួយ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments