ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ថា អ្នកឡើងភ្នំយ៉ាងតិច៨នាក់មកពីបេសកកម្មរបស់កូរ៉េខាងត្បូង បានស្លាប់លើភ្នំ Gurja របស់ប្រទេសនេប៉ាល់បន្ទាប់ពីជំរំរបស់ពួកគេត្រូវបានបំផ្លាញដោយព្យុះព្រិលដ៏សាហាវមួយ។
សាកសពអ្នកឡើងភ្នំទាំងប្រាំបីនាក់ដែលមានជនជាតិកូរ៉េខាងត្បូងបួននាក់និងមគ្គុទ្ទេសក៍ជនជាតិនេប៉ាល់បួននាក់ត្រូវបានប្រទះឃើញនៅក្នុងចំណោមជំរំរបស់ពួកគេដោយក្រុមជួយសង្គ្រោះមួយកាលពីព្រឹកថ្ងៃសៅរ៍ប៉ុន្តែស្ថានភាពមិនអំណោយផលនិងទឹកកកបានរារាំងដល់កិច្ចខិតខំប្រឹងប្រែងស្វែងរក។
អ្នកនាំពាក្យប៉ូលិសលោក Sailesh Thapa បានប្រាប់ AFP ថា “យើងសន្មតថា ឧបទ្ទវហេតុនេះបានកើតឡើងដោយសារតែព្យុះទឹកកក ដោយសារតែដើមឈើបាក់និងតង់។ សូម្បីតែសាកសពក៏រាយប៉ាយដែរ”។ លោក Thapa បានបន្តថា អ្នកឡើងភ្នំទី៩ក៏អាចបាត់ខ្លួនផងដែរ។
ឧទ្ធម្ភាគចក្រមួយគ្រឿងបានទៅដល់ទីតាំងនោះហើយបានព្យាយាមចុះចតនៅខាងលើជំរំរបស់ក្រុមបេសកកម្មនេះប៉ុន្តែមិនអាចយកសាកសពណាមួយចេញបានទេ។
លោក Wangchu Sherpa នាយកគ្រប់គ្រងក្រុមហ៊ុន Trekking Camp Nepal ដែលរៀបចំបេសកកម្មនេះបាននិយាយថា ពួកគេបានបង្ហាញពីក្តីព្រួយបារម្ភបន្ទាប់ពីពួកគេមិនបានឮដំណឹងពីក្រុមនេះអស់រយៈពេលជិត២៤ម៉ោង។
លោកបាននិយាយថា “បន្ទាប់ពីពួកគេលែងមានទំនាក់ទំនងចាប់តាំងពីម្សិលមិញមក យើងបានបញ្ជូនមនុស្សមកពីភូមិនិងឧទ្ធម្ភាគចក្រមួយគ្រឿងដើម្បីស្វែងរកពួកគេ”។
គួរបញ្ជាក់ថា ក្រុមអ្នកឡើងភ្នំកូរ៉េខាងត្បូងនិងអ្នកនាំផ្លូវនេប៉ាល់របស់ពួកគេបានបោះជំរំនៅជើងភ្នំ Gurja ដែលមានកម្ពស់៧,១៩៣ម៉ែត្រចាប់តាំងពីដើមខែតុលាមកដោយរង់ចាំអាកាសធាតុល្អដើម្បីឲ្យពួកគេអាចឈានដល់កំពូលភ្នំនេះបាន៕ AFP
Source: Kampuchea Thmey Daily
0 Comments