ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងសមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) ដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង ដែលកំពុងតែដឹកនាំដោយលោក Conor Nestor មានជំនឿចិត្តថា កូនក្រុមនឹងធ្វើបានល្អនៅរដូវកាលឆ្នាំ២០១៩ ខាងមុខក្រោយកូនក្រុមត្រឡប់មកវិញគ្រប់គ្នា។
គ្រូបង្វឹកជនជាតិអៀកឡង់រូបនេះបានបញ្ជាក់ថា «ខ្ញុំគិតថាវាជារដូវកាលដ៏លំបាកមួយ។ ពិដោរ និង សម្រេចខកខានក្នុងរដូវកាលទាំងមូល។ គ្រីយ៉ា, សុវណ្ណារ៉ាត់, ផល្លីន, សុខ សំណាង, មុន្នីឧត្តម ខកខាននៅពាក់កណ្ដាលរដូវកាល។ ដូច្នេះខ្ញុំមានអារម្មណ៍ថា រដូវកាលដំបូងរបស់ខ្ញុំដូចស្ថិតនៅសែនឆ្ងាយ។ ខ្ញុំ និងគ្រប់បុគ្គលិក និងកីឡាករទាំងអស់ប្តេជ្ញាចិត្តបង្ហាញនូវអ្វីដែលយើងអាចធ្វើបាននៅរដូវកាលក្រោយ»។
គ្រូបង្វឹកកាន់ UEFA A-License ដដែលបង្ហើបថាចង់បន្តដឹកនាំក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ៤សម័យកាលមួយនេះទៀតនៅរដូវកាលក្រោយ ហើយថា ក្លិបក៏ចង់ផ្ដល់ភ្លើងខៀវផងដែរ ខណៈផែនការមួយចំនួនក៏ត្រូវបានរៀបចំរួចរាល់។ លោករំពឹងថា លទ្ធផលនៅរដូវកាលថ្មីនឹងកាន់តែល្អ។ ថ្មីៗនេះក្លិបបានសម្រេចបញ្ចប់កិច្ចសន្យាជាមួយកីឡាករបរទេស៣នាក់ និងបន្តកិច្ចសន្យារយៈពេល១ឆ្នាំដល់កីឡាករបរទេស២នាក់ផងដែរ។
ក្រុមព្រះខ័នរាជស្វាយរៀង ដែលដឹកនាំដោយលោក Conor Nestor ទទួលចំណាត់ថ្នាក់មិនសូវបានល្អនោះទេប្រចាំរដូវកាលនេះទាំងក្នុងពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បើធៀបនឹងលទ្ធផលតាមឆ្នាំកន្លងមក។ ចំពោះលីគកំពូលកម្ពុជា វិញក្រោយប្រកួតបាន២២លើក ឈ្នះបាន១០លើក ហើយស្មើគ្នាបាន៣លើក និងបរាជ័យរហូតដល់៩លើក ឈរចំណាត់ថ្នាក់លេខ៦បណ្តោះអាសន្នក្នុងចំណោមក្លិបជាសមាជិកទាំង១២។ ចំណែកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញក្រុមនេះបានធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយបន្ទាប់ពីចាញ់អង្គរថាយហ្គឺរ។
នៅរដូវកាលនេះក្រុមព្រះខ័នរាជស្វាយរៀង ជួបបញ្ហាផ្ទួនៗទាំងបញ្ហាកីឡាកររបួសនិងកីឡាករខ្លះទាំងរងការពិន័យពីគណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
យ៉ាងណាក៏ដោយនៅក្នុងរដូវកាលដោះដូរកីឡាករដំណាក់កាល២ថ្មីៗនេះ ក្លិបបានដោះដូរកីឡាករគួរឲ្យភ្ញាក់ផ្អើលមួយ ដើម្បីត្រៀមជើងទី២លីគកំពូលកម្ពុជារដូវកាលឆ្នាំ២០១៨ ហើយតាមរយៈការដោះដូរកីឡាករនេះគ្រូបង្វឹកកាន់អាជ្ញាប័ណ្ណUEFA A Licenseខាងលើគិតថាកូនក្រុមមានគុណភាពប្រកួតមួយកម្រិតថែមទៀត៕
Source: Kampuchea Thmey Daily
0 Comments