ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានក្រើនរំលឹកដល់ ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន សិប្បកម្មផលិតឥដ្ឋ និងអាជីវកម្មនានា ឲ្យបន្ដអនុវត្តឲ្យ បានម៉ឺងម៉ាត់ តាមច្បាប់ស្ដីពីការងារ និងប្រកាស ដែលពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ និង ពលកម្មកុមារ ។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ដែលចុះ ហត្ថលេខាដោយលោកបណ្ឌិតអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសូម រំលឹកដល់ ម្ចាស់ ឬនាយក រោងចក្រ សហគ្រាស គ្រឹះស្ថាន សិប្បកម្មផលិតឥដ្ឋ និងអាជីវកម្មនានា ឲ្យបាន ជ្រាបថា ទោះបីកន្លងមកការចុះធ្វើអធិការកិច្ចការងារ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន សិប្បកម្មផលិតឥដ្ឋ និងអាជីវកម្មនានា មិនទាន់រកឃើញការប្រើប្រាស់ ការងារដោយបង្ខំ និង ពលកម្មកុមារក្តី ម្ចាស់ ឬនាយក រោងចក្រ សហគ្រាស គ្រឹះស្ថាន សិប្បកម្មផលិតឥដ្ឋ និង អាជីវកម្មនានា ត្រូវបន្ដអនុវត្តឲ្យបានម៉ឺងម៉ាត់តាមច្បាប់ស្ដីពីការងារ និងប្រកាសដែលពាក់ព័ន្ធ នឹងលក្ខខណ្ឌការងារ និងពលកម្មកុមារ” ។
សេចក្តីជួនដំណឹងរបស់ក្រសួងការងារដដែលបានអះអាងថា នឹងបន្ដប្រឆាំងរាល់ទម្រង់ នៃការកេងប្រវ័ញ្ចពលកម្ម និងហាម ឃាត់ដាច់ខាតការប្រើប្រាស់បំណុល នៃទំនាក់ទំនងបុគ្គល និងបំណុលនៃគ្រឹះស្ថាន ហិរញ្ញវត្ថុ មកដាក់បន្ទុកសេរីភាពការងារ របស់កម្មករ និយោជិត ទោះបីក្នុងលក្ខណៈម៉ៅការ ឬកិច្ចសន្យា បន្ដក្ដី។
ជាមួយគ្នានេះដែរ ក្រសួងការងារបានណែនាំដល់គ្រប់អាជីវកម្ម សិប្បកម្ម និងសេវាកម្មទាំងអស់ មិនត្រូវប្រើប្រាស់កុមារ ក្រោមអាយុ១៥ឆ្នាំ ។ ដោយឡែកនៅតាមមណ្ឌលកម្សាន្ដមនុស្សពេញវ័យ ហាមឃាត់ដាច់ខាតការ ប្រើប្រាស់អនីតិជន (កុមារអាយុក្រោម១៨ឆ្នាំ) និងការជួញដូរកម្លាំងពលកម្ម។ ក្នុងករណីក្រុមអធិការកិច្ចការងារ របស់ក្រសួង រកឃើញនូវកំហុសទាំងនេះ ក្រសួងនឹងធ្វើការ ផាកពិន័យ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានផងដែរ។
ទន្ទឹមនឹងនេះ ក្រសួងការងារ សង្ឃឹមថា គ្រប់មន្ទីរការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ រាជធានី-ខេត្ត អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី ម្ចាស់ ឬនាយក រោងចក្រ សហគ្រាស គ្រឹះស្ថាន សិប្បកម្ម ផលិតឥដ្ឋ និងអាជីវកម្មនានា ខិតខំសហការផ្សព្វផ្សាយ និងអនុវត្តឲ្យបានត្រឹម ត្រូវតាមសេចក្ដីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាព៕
Source: Kampuchea Thmey Daily
0 Comments