ភ្នំពេញ ៖ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរួមជាមួយគណៈប្រតិភូ និងមន្ត្រីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ និងអាជ្ញាធរដែនដីរបស់ប្រទេសថៃបាន រៀបចំពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ជូនដល់ បងប្អូនពលករ ពាណិជ្ជករ និស្សិតកម្ពុជា ប្រមាណជាង៧ពាន់នាក់ នៅវត្តស៊ីសុដារាម សង្កាត់បាឃុននន្ទ ខណ្ឌបាងកក ប្រទេសថៃ។
ក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលបានគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនពលករ ពាណិជ្ជករ និងនិស្សិតដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃទាំងអស់ជាដារាបរៀងមក។
លោកបណ្ឌិត អ៊ិត សំហេង បានថ្លែងអំណរអរព្រះគុណ និងអរគុណ គណៈកម្មការវត្ត សមាគមខេមរៈនិស្សិត សមាគមមិត្តភាពកម្ពុជា ថៃ អាជ្ញាធរថៃ ដែលបានបង្កលក្ខណៈជូនបងប្អូនខ្មែរ រៀបចំពិធីបុណ្យភ្ជុំបិណ្ឌតាមគន្លងប្រពៃណី ហើយដែលពិធីបុណ្យនេះ ជាបុណ្យប្រពៃណីខ្មែរដែល តែងតែជួបជុំគ្រួសារ ធ្វើពិធីដាក់បិណ្ឌ ឧទ្ទិសកុសលជូនដល់ បុព្វការីជនដែលបានចែកឋាន ទៅកាន់សុគតិភព។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសល្អ ដោយរាជរដ្ឋាភិបាល បានសម្រួលដល់ បងប្អូនប្រជាពលរដ្ឋ ទៅធ្វើបុណ្យ បានឈប់បីថ្ងៃ បើកប្រាក់ខែមុនពិធីបុណ្យ និងផ្ដល់ឡានក្រុង រថភ្លើង ជិះមិនបង់ប្រាក់ ក្នុងឱកាសទៅលេងស្រុកកំណើតផង។
លោករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ ប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពភាព តាមរយៈ ការបោះឆ្នោត ថ្ងៃ ២៩កក្កដា កន្លងទៅ ដោយគណបក្សប្រជាជនកម្ពុជា ទទួលជោគជ័យ ១០០% ប្រជាជនជាង៨៣% បានទៅបោះឆ្នោត។ ថ្ងៃទី៦កញ្ញា រាជរដ្ឋាភិបាល អាណត្តិថ្មីទី៦ បានបង្កើតឡើង ដោយជោគជ័យ ដោយសម្ដេចតេជោ ហ៊ុនសែន បានបន្តជានាយករដ្ឋមន្ត្រី អាណត្តិទី៦ បន្តទៀត ហើយសម្តេចបានដាក់ចេញ កម្មវិធីនយោបាយនានាជាច្រើនដើម្បី ការពារ កសាងប្រទេស និងលើកកំពស់ ជីវភាពរបស់ប្រជាជន។
បន្ថែមពីនេះទៀតរាជរដ្ឋាភិបាលបានបន្តអនុវត្ត គោលនយោបាយ ផ្ដល់ឱកាសជូនបងប្អូន ប្រជាពលរដ្ឋរកការងារដែលពេញចិត្តនៅក្រៅប្រទេស ជាពិសេសបងប្អូនពលករខ្មែរនៅថៃ ដែលបាន រកបានការងារស្របច្បាប់ តស៊ូរកចំណូលផ្ដល់ជូនគ្រួសារ ជាពលរដ្ឋខ្មែរដ៏ឆ្នើមដែលមានទឹកចិត្តស្នេហាជាតិមាតុភូមិ តាមរយៈការងារបងប្អូនបានផ្ញើប្រាក់ គ្រួសារវិញសរុប ប្រមាណជា២ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលនេះក៏បានរួមចំណែកមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ។
លោករដ្ឋមន្ត្រីបានបញ្ជាក់បន្តថា ដើម្បីការពារ រក្សាការងារ និងប្រាក់ចំណូលរបស់បងប្អូន កម្ពុជាយើង នឹង បន្តកិច្ចសហប្រតិបត្តិការ លើវិស័យការងារ និងពលកម្មរវាងប្រទេសទាំងពីរ គឺ ៤ឆ្នាំកន្លងទៅ កម្ពុជា-ថៃ បានសម្រេចជោគជ័យ ក្នុងការដោះស្រាយបញ្ហាពលករពិសេស ការផ្ដល់ភាពស្របច្បាប់ជូនបងប្អូន ជាងកន្លះលាននាក់ មកទល់ពេលនេះ បងប្អូន នៅថៃមាន ១លាន ៨ម៉ឺននាក់ សុទ្ធតែស្របច្បាប់ទាំងអស់។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់តាំងទីប្រឹក្សាទទួលបន្ទុកពលករអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ មន្ត្រីនៃនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងតំណាងក្រុមហ៊ុនហាយសឹលូសិន ហូលឌីង ខូអិលធីឌី ជាមន្ត្រីបង្គោល ដើម្បីចាំសម្របសម្រួល និងជួយដល់ពលករក្នុងពេលមានបញ្ហា និងតម្រូវការចាំបាច់នានា។
ពាក់ព័ន្ធនឹងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម បងប្អូនពលករយើងនឹងទទួលបានអត្ថប្រយោជន៍ចំនួន៧រួមមាន៖ ព្យាបាលជំងឺ មាតុភាព ពិការភាព បាត់បង់ជីវិត សោធននិវត្ត ភាពអត់ការងារធ្វើ និងការថែទាំកុមារ តែពលករត្រូវបង់វិភាគទាន ៥% នៃប្រាក់ខែ ដើម្បីជូនដល់រដ្ឋាភិបាលថៃ ហើយរបបនេះបងប្អូននឹងទទួលបានជារៀងរហូតទោះបីចប់ការងារនៅថៃ វិលត្រឡប់ទៅកម្ពុជាវិញក៏ដោយ។
នៅក្នុងឱកាសនោះដែរ លោកបណ្ឌិត អ៊ិត សំហេង ក៏បានអំពាវនាវដល់បងប្អូនរស់នៅ និងធ្វើការដោយគោរពច្បាប់ រក្សាសាមគ្គីភាព រវាងខ្មែរ និងខ្មែរ រវាងខ្មែរ និងថៃ រស់នៅក្នុងភាពសប្បាយរីករាយក្នុងសហគមន៍ និងតាមកន្លែងធ្វើការ គិតគូរពីបញ្ហា សុខភាព ជាចម្បង និងឆ្លៀតពេលទៅលេងស្រុកកំណើតនៅក្នុងឱកាសបុណ្យទាន និងថ្ងៃឈប់សម្រាកផងដែរ៕
Source: Kampuchea Thmey Daily
0 Comments