ភ្នំពេញ ៖ មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្ដាល(សាលាអេស៊ីអ៊ី) ដែលជាសាលាភាសាអង់គ្លេសឈានមុខគេ ដែលមាន5 ទីតាំងនៅកម្ពុជា នឹងរៀបចំ កម្មវិធី អេស៊ីអ៊ី រត់ដើម្បីបរិស្ថាន (ARE) ជាលើកទី ៣ របស់ខ្លួននៅព្រឹក ថ្ងៃអាទិត្យ ទី២៨ ខែតុលា ឆ្នាំ២០១៨ នៅកោះពេជ្រ ដើម្បីរៃអង្គាសថវិកាជួយដល់សហគមន៍ក្រីក្រ។
ជាមួយគ្នានេះដែរកម្មវិធី អេស៊ីអ៊ី រត់ដើម្បីបរិស្ថានរៀបចំឡើងដោយសិស្សានុសិស្សនិងដឹកនាំដោយឯកអគ្គរដ្ឋទូតសុឆន្ទៈសិស្ស និងគណៈកម្មការសង្គមរបស់សាលា អេស៊ីអ៊ីដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីទ្បា និងសាលារាជធានីភ្នំពេញ។ ម្យ៉ាងវិញទៀត អ្នកចូលរួមទាំងអស់ ក៏មានឱកាសឈ្នះរង្វាន់អនុស្សាវរីយ៍ជាច្រើន ពីអ្នកឧបត្ថម្ភរបស់យើងផងដែរ។
កម្មវិធី អេស៊ីអ៊ី រត់ដើម្បីបរិស្ថាន នឹងក្លាយជាព្រឹត្តិការណ៍ដ៏រំភើបរីករាយមួយ សម្រាប់បង្កើតនូវការចងចាំល្អៗ ជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ហើយកម្មវិធីនេះក៏នឹងផ្ដល់ឱកាសដល់មនុស្សគ្រប់វ័យ ដើម្បីចូលរួមរត់លេងកំសាន្តនៅបរិវេណកោះពេជ្រ ដើម្បីបង្កើតនូវទម្លាប់ហាត់ប្រាណ និងអាចមានឱកាសឈ្នះ មេដាយ និងរង្វាន់ជាច្រើនទៀតផង។
ដើម្បីជំរុញលើកទឹកចិត្ត និងជួយពង្រឹងការយល់ដឹងពីបញ្ហាបរិស្ថាននិងសុខភាព ក៏នឹងមានផងដែរ កម្មវិធីប្រណាំងកង់យឺត និងសកម្មភាពសប្បាយៗជាច្រើនទៀត បន្ទាប់ពីបញ្ចប់ការរត់។ លើសពីនេះទៅទៀត នឹងមានកន្លែងតាំងពិព័រណ៍និងកន្លែងថតរូប ដែលអ្នកចូលរួម អាចទិញវត្ថុអនុស្សាវរីយ៍ អាហារសម្រន់ និងភេសជ្ជៈ នានាក៏ដូចជាថតរូបអនុស្សាវរីយ៍ជាមួយក្រុមគ្រួសារ និងមិត្តភក្ដិ ផងដែរបន្ទាប់ពីការរត់។
គួររំលឹកទ្បើងវិញផងដែរថា ព្រឹត្តិការណ៍រត់ដើម្បីបរិស្ថានកាលពីឆ្នាំកន្លងទៅមានអ្នកចូលរួមច្រើនជាង២៥០០នាក់ហើយថវិកា ដែលប្រមូលបាន ត្រូវបានបែងចែកក្នុងការទិញធុងបែងចែកសំរាមសម្រាប់ប្រើប្រាស់នៅតាមសាលារដ្ឋមួយចំនួន។
ស្រដៀងគ្នានេះដែរ ឆ្នាំនេះយើងរំពឹងថា នឹងមានអ្នកចូលរួមច្រើនដូចឆ្នាំកន្លងទៅដែរ ដែលនឹងមានការចូលរួមដោយសិស្សានុសិស្ស មាតាបិតា បុគ្គលិកស្ថានទូត មន្ត្រីរាជការ និងអ្នកដែលស្រលាញ់ការហាត់ប្រាណនិងបរិស្ថាន។
ចំពោះសំបុត្រចូលរួមមានតម្លៃ ៣០ ០០០ រៀល នឹងទទួលបានអាវយឺតកីឡាដើម្បីពាក់ចូលរួមកម្មវិធីដ៏ស្រស់ស្អាតមួយ។ សំបុត្រចូលរួមអាចរកបាន នៅគ្រប់ទីតាំងសាលា អេស៊ីអ៊ី ទាំងអស់នៅភ្នំពេញ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩៩ ៣៣១ ៧៩៣ / ០៩៦ ៧៣០ ០៩២១។ ថវិកាដែលទទួលបាននឹងយកទៅជួយដល់សាលាដែលខ្វះខាតនៅតាមបណ្ដាខេត្តមួយចំនួនឬអាចទំនាក់ទំនងកក់សំបុត្រតាមរយៈhttp://are.ace cambodia.org៕
Source: Kampuchea Thmey Daily
0 Comments