ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ប្រសិនបើមានការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ របស់សហភាពអឺរ៉ុបសម្រាប់ទំនិញពីកម្ពុជាមែននោះ នឹងធ្វើឱ្យកម្ពុជាកាន់តែរឹងមាំតាមរយៈការពង្រឹងស្ថាប័នសាធារណៈ ពង្រឹងផលិតភាព និងធនធានមនុស្ស ព្រមទាំងកាត់បន្ថយរនាំងរដ្ឋបាលមិនចាំបាច់មួយចំនួនដើម្បីធានាបាននូវការប្រកួតប្រជែងមួយប្រកបដោយប្រសិទ្ធភាពខ្ពស់និងយូរអង្វែងទៅលើវិស័យកាត់ដេរនេះ។
លោកបានបន្តថា ម្យ៉ាងទៀតការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធនេះក៏មិនធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាជួបបញ្ហានោះដែរ ពីព្រោះដោយស្វ័យប្រវត្តិកម្ពុជានឹងបាត់បង់ភាពអនុគ្រោះពន្ធ នេះ នៅអំឡុងឆ្នាំ២០២១ ឬ២០២៣ ដោយសារកម្ពុជានឹងក្លាយទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាបហើយ។
ការអះអាងរបស់លោក ហេង សួរ នេះបានធ្វើឡើងបន្ទាប់ពីគណៈកម្មការសហភាពអឺរ៉ុប កំពុងនិងបន្តនីតិវិធីរបស់ខ្លួនលើការដកប្រព័ន្ធអនុគ្រោះពន្ធលើ ទំនិញរបស់កម្ពុជាដោយចោទប្រកាន់ថាកម្ពុជាបានរំលោភលើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាដើមនោះដែលជាអង្គហេតុមួយប្រាសចាកពីមូលដ្ឋានបច្ចេកទេសនៃលក្ខខណ្ឌ និងស្ថានភាពជាក់ស្តែងនៅកម្ពុជា។
លោក ហេង សួរ បានបន្ថែមទៀតថា គ្រប់ស្ថាប័នរាជរដ្ឋាភិបាលទាំងអស់ មានយន្តការរួមក្នុងការគ្រប់គ្រង លើហានិភ័យដែលអាចកើតមានឡើងទាំងស្រុង ប្រសិនជាសហភាពអឺរ៉ុបធ្វើការសម្រេចចិត្តឈប់ផ្តល់ការអនុគ្រោះពន្ធដល់កម្ពុជា មុនកាលកំណត់បន្តិចដោយខ្វះសុភវិនិច្ឆ័យ ខ្វះវិជ្ជាជីវៈ ខ្វះការប្រៀបធៀបចំណុចប្រសើរ ដែលកម្ពុជាមាន ធៀបជាមួយនឹងបណ្តាប្រទេសក្នុងតំបន់ ជាពិសេស គឺការមើលមិនឃើញការឈានមុខគេរបស់កម្ពុជាក្នុងការផ្តល់ និងអនុវត្តអនុសញ្ញាអន្តរជាតិស្នូលខាងការងារទាំង៨ ការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើររបស់អអ្គការ ILO (ILO-BFC) គម្រោង «គំនិតផ្តួចផ្តើមសកល Global Deal Initiative» របស់ប្រទេសស៊ុយអ៊ែត កម្មវិធីពង្រឹងទំនាក់ទំនងវិជ្ជាជីវៈនៅកម្រិតរោងចក្រសហគ្រាស របស់អង្គការ GIZ ។ល។ ដែលលទ្ធផលនៃការអនុវត្តគម្រោង និងកម្មវិធីទាំងអស់នេះត្រូវបានសាមីដើមប្រទេស ឬអង្គការ ជ្រើសរើសយកកម្ពុជាធ្វើជាម៉ូឌែល លើកទឹកចិត្តឱ្យបណ្តាប្រទេសដទៃផ្សេងទៀតធ្វើតាម។
លោក ហេង សួរ បានគូសបញ្ជាក់ថា «ការសម្រេចចិត្តរបស់សហភាពអ៊ឺរ៉ុប អាចនឹងធ្វើឱ្យតួនាទីអង្គការ ILO និងគម្រោងជាច្រើនរបស់ដៃគូនានាមកពីសហភាពអឺរ៉ុបពាក់ព័ន្ធ នឹងវិស័យការងារធាក់ថយក្រោយ ហើយប្រទេសផ្សេងទៀតអាចនឹងងាកចេញពីការចូលរួមគម្រោងទាំងអស់នេះពីព្រោះសហគមន៍អឺរ៉ុបមិនយកលទ្ធផល និងភាពជាក់ស្តែងនៃការប្រសើរឡើងនៃលក្ខខណ្ឌការងារជាគោលនោះទេ គឺយកនយោបាយជ្រៀតជ្រែកអធិបតេយ្យភាពជាតិសាសន៍ដទៃជាធំវិញ»។
សូមបញ្ជាក់ថា ចំពោះមុខការគំរាមរបស់របស់សហភាពអឺរ៉ុបនេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ ដោយមិនចុះញ៉មជាមួយការគំរាមនេះជាថ្នូរនឹង ការលះបង់អធិបតេយ្យជាតិ លះបង់ការអនុវត្តន៍ច្បាប់របស់ប្រទេសនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងកិច្ចសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅប្រទេសជប៉ុនកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ បានបញ្ជាក់យ៉ាងដាច់ណាត់ ថា «ខ្ញុំនិយាយហើយនិយាយទៀតកុំយកអធិបតេយ្យជាតិទៅដូរជាមួយជំនួយ កុំយកសន្តិភាពរបស់ប្រទេសទៅដូរជាមួយជំនួយ។ ឥឡូវចង់នរណាចាត់ការកម្ពុជាតាម វិធីណាចាត់ការចុះ ប៉ុន្តែកម្ពុជាត្រូវរឹងមាំចំពោះគោលការណ៍ការពារអធិបតេយ្យ ឯករាជ្យជាតិរបស់ខ្លួន។ បើកម្ពុជាអនុវត្តន៍ច្បាប់កម្ពុជាមិនបានផង ចាំបាច់ទៅធ្វើកម្ពុជាធ្វើអី ចាំបាច់ធ្វើប្រទេសមួយធ្វើអី»។
ជាមួយគ្នានេះក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ក៏បានឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់សហភាពអឺរ៉ុបផងដែរ ដោយចាត់ទុកការសម្រេចនេះ ធ្វើឡើងទាំងអយុត្តិធម៌ ដោយមិនសិក្សាពីតថភាពពិតរបស់សង្គមកម្ពុជា និងមិនទទួលស្គាល់ដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ដ៏មានតម្លៃអស់រយៈពេល២០ឆ្នាំកន្លងមកនេះ ដែលរាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមជួយទាញមនុស្សប្រុសស្រីរាប់លាននាក់ឲ្យរួចផុតពីភាពក្រីក្រ។
រាជរដ្ឋាភិបាលកម្ពុជាបានតាំងចិត្តកសាងរដ្ឋប្រជាធិបតេយ្យមួយ ដោយគោរពសិទ្ធិប្រជាពលរដ្ឋ ទាំងអស់ស្របតាមគុណតម្លៃ និងប្រពៃណីរបស់ខ្លួន ប៉ុន្តែនៅក្នុងក្របខណ្ឌនៃនីតិរដ្ឋដែលគ្មាននរណាម្នាក់ស្ថិតនៅពីលើច្បាប់បានឡើយ ទោះបីជាសកម្មជននយោបាយក្តី ឬជាសមាជិកនៃក្រុមសង្គម ស៊ីវិលក្តី៕
Source: Kampuchea Thmey Daily
0 Comments