Ad Code

ក្រសួងទេសចរណ៍​អះអាងថា ​ពិធី​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​តំបន់​ទេសចរណ៍​នានា​បាន​ស្រូប​ភ្ញៀវ​ទេសចរ​បាន​ជាង​១​លាន​២​សែន​នាក់​កើនឡើង​ជាង​២០​ភាគរយ



​ភ្នំពេញ​ ៖ ​ក្រសួងទេសចរណ៍​បាន​អះអាងថា​នៅក្នុង​ពិធី​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​តំបន់​ទេសចរណ៍​នានា​បាន​ស្រូប​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ​បាន​ជាង​១​លាន​២​សែន​នាក់​កើនឡើង​ជាង​២០​ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៧​កន្លងទៅ។

យោងតាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា​ការកើនឡើង​នៃ​ចំនួន​ភ្ញៀវទេសចរ​ជាង​២០​ភាគរយ នេះ​គឺ​ដោយសារ​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ធូរធារ មានការ​រៀបចំ​រមណីយដ្ឋាន​និង​គោលដៅ​ទេសចរណ៍​បាន​ស្អាត​និង​ផ្លូវ​គមនាគមន៍​ល្អ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត​។​

ជាមួយគ្នានេះដែរ​មន្ទីរ​ទេសចរណ៍​បាន​ចាត់វិធានការ​ទប់ស្កាត់​ការដំឡើងថ្លៃ​ហួសហេតុ​លើ​ម្ហូបអាហារ និង​សេវាកម្ម​ទេសចរណ៍​ដោយមាន​ការបិទតម្លៃ​នៅតាម​តំបន់​ទេសចរណ៍​បាន​ត្រឹមត្រូវ​និង​បរិស្ថាន​អនាម័យ​បានល្អ​ប្រសើរ​ដោយ​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​មានការ​យល់ដឹង និង​ភ្ញាក់​រលឹក​បន្ទាប់ពី​មាន​ការចុះ​អប់រំ​ណែនាំ ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ។

​ទន្ទឹមនឹងនេះ​បញ្ហា​សន្តិសុខ​សុវត្ថិភាព​ក៏មាន​ភាពល្អប្រសើរ ដោយ​មន្ទីរ​ទេសចរណ៍​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​ដោយបាន​ចាត់តាំង​ក្រុមការងារ​ប្រចាំការ នៅតាម​គោលដៅ ទេសចរណ៍​សំខាន់ៗ និង​មាន​ការ​លើក​ស្លាក​សញ្ញា​គ្រោះថ្នាក់​នៅ​តាម​តំបន់​ដែល​ងាយ​រងគ្រោះ​ផងដែរ​។​

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ​ក្នុងចំណោម​ភ្ញៀវទេសចរ​ជាង​១​លាន​២​សែន​នាក់​មាន​ភ្ញៀវទេសចរ​ជាតិ​ចំនួន​១,២១៣,៦៨៧​នាក់ កើនឡើង ២០.២៩​ភាគរយ​និង​ភ្ញៀវ​អន្តរជាតិ មាន​ចំនួន ៤៨,០០៤​នាក់ កើនឡើង ២៣.៩៣​ភាគរយ​ដែល​បាន​ជួយ​លើកស្ទួយ​ដល់​សេដ្ឋកិច្ចជាតិ​ឲ្យ​កាន់​តែ​ប្រសើរឡើង​ថែមទៀត​។​

តាម​របាយការណ៍​ខាងលើ​បាន​បញ្ជាក់ថា ខេត្តសៀមរាប​ដែលជា​តំបន់​ទេសចរណ៍​ប្រាង្គ​ប្រាសាទ​នៅតែ​ជា​ខេត្ត​ទទួលបាន​ភ្ញៀវទេសចរ​ច្រើន​ជាងគេ​ដដែល​នៅក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ដោយ​ទទួលបាន​ភ្ញៀវ ទេស ចរ​សរុប ២៥២,៤២២​នាក់ កើនឡើង ៤៧.០៥​ភាគរយ​ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ២៣០,០០០​នាក់ កើនឡើង ៥៣.៣៣​ភាគរយ​, ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ២២,៤២២​នាក់ កើនឡើង ៣.៥៨​ភាគរយ។​

តែ​យ៉ាងណាក៏ដោយ​ស្ថិតិ​នៃ​ភ្ញៀវទេសចរ​ទៅកាន់​ខេត្ត​តំបន់ឆ្នេរ​មានការ​ធ្លាក់ចុះ ដោយសារតែ​ស្ថានភាព​ផ្លូវ​មិនសូវ​អំណោយផល​ដោយ​រង​ការខូចខាត​ខ្លាំង​ដោយសារ ជំនន់​ទឹកភ្លៀង​និង​រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំ​នេះ មាន​ភ្លៀង​ធ្លាក់​នៅ​តំបន់​ទាំងនោះ​។​ផ្ទុយទៅវិញ​ភ្ញៀវទេសចរ​ទៅលេង​នៅ​ខេត្តកំពត​កើនឡើង​ខ្លាំង ជាពិសេស​នៅ​រមណីយដ្ឋាន​បូកគោ និង​ទឹកឈូ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu