កំពង់ចាម ៖ រដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរក្នុងខេត្តកំពង់ចាម រយៈពេល១៥ថ្ងៃ គិតត្រឹមថ្ងៃទី២៥ខែតុលា ឆ្នាំ២០១៨ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៥លើក ប្រៀបនឹងឆ្នាំមុន កើន២លើកក្នុងនោះ
-ស្លាប់មនុស្សចំនួន១៣នាក់ ដែលឆ្នាំមុនស្លាប់មនុស្សតែ៨នាក់ប៉ុណ្ណោះ
-របួសធ្ងន់ចំនួន៦នាក់
-របួសស្រាលចំនួន៥នាក់។
លោកឧត្តមសេនីយ៍ត្រី សោម រស់ស្នងការរងនគរបាលខេត្តកំពង់ចាម ទទួលបន្ទុកសណ្ដាប់ធ្នាប់ បានអោយដឹងថា គ្រោះថ្នាក់ចរាចរខាងលើនេះបណ្តាលមកពី :
-កត្តាមនុស្ស ចំនួន៩លើក ស្លាប់មនុស្ស ចំនួន១០នាក់ ស្ថិតក្នុងករណី វ៉ា ជែងនិងប្រើប្រាស់ល្បឿនលឿន ក្រៅពីនេះមកពីកត្តាយានយន្តនិងផ្លូវ។
លោក ស្នងការរងបានបញ្ជាក់ថា ស្រុកដែលមានគ្រោះថ្នាក់ចរាចរច្រើនជាងគេរួមមាន:
-ស្រុក បាធាយ៥លើក ស្លាប់មនុស្សចំនួន៦នាក់
-ស្រុកចំការលើ១លើក ស្លាប់មនុស្ស២នាក់
-ស្រុកព្រៃឈរចំនួន២លើក ស្លាប់មនុស្ស២នាក់
-ស្រុកស្រីសន្ធរ៣លើក ស្លាប់មនុស្ស១នាក់
-ស្រុកកំពង់សៀម២លើកស្លាប់មនុស្ស២នាក់។
លោក សោម រស់ បានបន្តថា ក្នុងរដូវបុណ្យបិណ្ឌភ្ជុំឆ្នាំនេះ លោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានយកចិត្តទុកដាក់ ចាត់វិធានការ ការពារ រក្សាសន្តិសុខសណ្ដាប់ធ្នាប់សម្រួលចរាចរណ៍ ដោយប្រើឧបករណ៍ មធ្យោបាយ កម្លាំងសរុប ដោយកម្លាំងអធិការនគរបាល ក្រុង ស្រុកនិងកម្លាំងរបស់ស្នងការនគរបាលខេត្តចែកជា៤ក្រុមគឺចុះប្រចាំតាមគោលដៅគ្រប់ស្រុក។
លោក ស្នងការរង សោម រស់ បានបញ្ជាក់ថា ឆ្នាំនេះមានរថយន្តកើនឡើងជាច្រើន លើសពីឆ្នាំមុន មានការកកស្ទះបន្តិចបន្តួចពិសេស នៅចំណុចរង្វង់មូលស្ពានគីហ្សូណា កាលពីថ្ងៃទី៦ខែតុលាឆ្នាំ២០១៨នេះ តែមិនជាប់គាំងទេគឺការធ្វើចរាចរយឺតៗមានរយៈពេលខ្លី។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នគរបាលខេត្តកំពង់ចាមបានបញ្ជាក់ថា ឆ្នាំនេះ លំហូររថយន្តច្រើនជាងឆ្នាំមុន តែពលរដ្ឋនិងអ្នកបើកបរ យានយន្តមានការយល់ដឹងនិងគោរពច្បាប់ចរាចរខ្ពស់ ចេះយោគយល់អធ្យាស្រ័យយ័គ្នាបានល្អ។
លោក ស្នងការក៏បានកោតសរសើរដល់កងកម្លាំងនគរបាលគ្រប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខ្ពស់ខិតខំបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនពិសេសលើការងារសណ្តាប់ធ្នាប់ ចរាចរណ៍ ដោយ មិនគិតពី យប់ឬថ្ងៃ ក្តៅ ត្រជាក់ ភ្លៀងខ្យល់លំបាកយ៉ាងណាក៏ដោយគឺគោរពវិន័យបានល្អជាប្រចាំ៕
Source: Kampuchea Thmey Daily
0 Comments