ក្រុមស្វែងរកនិងជួយសង្គ្រោះបានស្វែងរកសព្វពាសពេញតាមសហគមន៍អាមេរិកដែលរងការបំផ្លិចបំផ្លាញកាលពីថ្ងៃព្រហស្បតិ៍ដើម្បីស្វែងរកជនរងគ្រោះនៃព្យុះសង្ឃរា Michael ដែលជាព្យុះបិសាចប្រភេទ៤ដែលបង្កការបំផ្លិចបំផ្លាញនៅរដ្ឋ Florida ដោយបានសម្លាប់មនុស្សយ៉ាងតិច៦នាក់នៅក្នុងរដ្ឋចំនួនបី។
នៅឆ្នេរសមុទ្រម៉ិកស៊ិក ផ្ទះជាច្រើនខ្នងត្រូវបានកម្ទេចដោយសារព្យុះ ទូកត្រូវបានបំប៉ើងមកគោកហើយផ្លូវថ្នល់ត្រូវបានរាំងស្ទះដោយសារដើមឈើនិងបង្គោលភ្លើងដូលរលំ។
អភិបាលរដ្ឋ Florida លោក Rick Scott និយាយថា ព្យុះនេះបានបណ្តាលឲ្យមាន “ការបំផ្លិចបំផ្លាញមិនគួរឲ្យជឿ” ហើយអាទិភាពសម្រាប់ពេលនេះគឺត្រូវស្វែងរកអ្នកនៅរស់រានមានជីវិតក្នុងចំណោមប្រជាពលរដ្ឋដែលមិនធ្វើតាមការបញ្ជាឲ្យជម្លៀស។
លោក Scott បានប្រាប់ ABC ថា “ខ្ញុំព្រួយបារម្ភខ្លាំងណាស់អំពីពលរដ្ឋរបស់យើងដែលមិនបានជម្លៀសចេញហើយខ្ញុំគ្រាន់តែសង្ឃឹមប៉ុណ្ណោះថាយើងនឹងមិនមានការបាត់បង់ជីវិតច្រើនទេ”។
កងយោធាសហរដ្ឋអាមេរិកបាននិយាយថា ទាហានឆ្មាំជាតិរដ្ឋ Florida ជាង២,០០០នាក់កំពុងធ្វើការលើប្រតិបត្តិការជួយសង្គ្រោះ។
រហូតមកដល់ពេលនេះ មានមនុស្សចំនួន៦នាក់ត្រូវបានគេអះអាងថាស្លាប់ពាក់ព័ន្ធនឹងព្យុះដោយក្នុងនោះមាន៤នាក់នៅក្នុងតំបន់ Gadsden នៃរដ្ឋ Florida, ម្នាក់នៅរដ្ឋ Georgia និងម្នាក់ទៀតនៅរដ្ឋ North Carolina។
មន្ត្រីរដ្ឋ Florida បាននិយាយថា ផ្ទះនិងអាជីវកម្មជាង៤០០,០០០គឺមិនមានអគ្គិសនីទេនៅក្នុងរដ្ឋនេះហើយលោកអភិបាល Scott បាននិយាយថា កម្មករជិត២០,០០០នាក់ត្រូវបានដាក់ពង្រាយដើម្បីស្ដារអគ្គិសនីឡើងវិញ។
ព្យុះ Michael បានបោកបក់កាលពីរសៀលថ្ងៃពុធក្នុងនាមជាព្យុះប្រភេទ៤ដែលវាជាព្យុះមានឥទ្ធិពលបំផុតដែលវាយប្រហាររដ្ឋ Florida ក្នុងរយៈពេលជាងមួយសតវត្សរ៍មកនេះ។
ចាប់តាំងពីពេលនោះមក ព្យុះ Michael ត្រូវបានគេបន្ទាបទៅជាព្យុះត្រូពិកនៅពេលដែលវាធ្វើដំណើរឆ្លងកាត់រដ្ឋ Carolina ដែលរដ្ឋនេះទើបតែស្តារឡើងវិញបន្ទាប់ពីជួបព្យុះសង្ឃរា Florence កាលពីខែមុន៕ AFP
Source: Kampuchea Thmey Daily
0 Comments