Ad Code

ម្ចាស់​បន្ទប់​មិន​នៅ​លបចូល​តាម​ពិតាន លួច​លុយ​អស់ ១ សែន​បាត



បាត់ដំបង ៖ ទឹកប្រាក់​ប្រមាណ ១ សែន​បាត ត្រូវបាន​ជន​មិន​ស្គាល់មុខ លប​លួច​យក​អស់ពី​ក្នុង​បន្ទប់ ដោយ​គេ​បាន​លប​ឡើង​ចូល​តាម​ពិតាន​ ខណៈដែល​ម្ចាស់​បន្ទប់​បានចេញ​ទៅធ្វើ​ការ​នៅក្នុង​កាស៊ី​ណូ ជាប់​ខ្សែបន្ទាត់​ព្រំដែន​ថៃ ដោយ​បាន​បិទទ្វារ​បន្ទប់ចោល។

ការភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ១២ ថ្ងៃត្រង់ នា​ថ្ងៃទី ២៩ ខែកញ្ញា​ ឆ្នាំ​២០១៨ ត្រង់ចំណុច​ផ្ទះជួល​មួយកន្លែង ស្ថិតក្នុង​ភូមិ​ដ​អ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ខណៈដែល​ម្ចាស់​បន្ទប់​ត្រឡប់​មកពី​ធ្វើការ​វិញ។

តាម​ការរៀបរាប់​ពី​ជនរងគ្រោះ​ឈ្មោះ ហេង ម៉ាច ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ស្នាក់​នៅក្នុង​បន្ទប់​ជួល​លេខ ៩ ក្នុងភូមិ​សាស្ត្រ​ខាងលើ បាន​រៀបរាប់ថា នាង​បាន​ទុក​លុយ​ចំនួន ១ សែន​បាត ដែល​នាង​ខំ​សន្សំ​ប្រាក់ខែ​ជា​យូរ​មកហើយ រួច​នាង​ក៏បាន​ចេញទៅ​ធ្វើ​ការ​នៅក្នុង​កា​ស៊ីណូ​ជាធម្មតា។​

នារី​រងគ្រោះ​បាន​បន្តថា លុះ​នៅ​ថ្ងៃកើតហេតុ ពេលដែល​នាង​ចេញពី​ធ្វើការ និង​ចូល​ដល់​ក្នុង​បន្ទប់ គឺ​នាង​មាន​អារម្មណ៍​ស្លុត​យ៉ាង​ខ្លាំង ដោយសារតែ​ឃើញ​ពិតាន​បន្ទប់​របស់​នាង​​បើក ហើយ​សម្ភារៈ​នៅ​​ក្នុង​បន្ទប់​មាន​សភាព​រាយប៉ាយ ទើប​នាង​ចាប់អារម្មណ៍​ទៅលើ​ប្រាក់​របស់​នាង ក៏​ស្ទុះ​ទៅ​រក​មើល​គឺ​បាន​បាត់​មែន នាង​ក៏បាន​ប្តឹងទៅ​សមត្ថកិច្ច ។

ភ្លាមៗ​នោះ​ដែរ ក្រោយពី​កម្លាំង​ជំនាញ​បាន​ចុះ​សិក្សា និង​ត្រួតពិនិត្យ​រួចមក ទើប​សមត្ថកិច្ច​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​ដែល​ស្នាក់​នៅក្នុង​បន្ទប់​ជាប់​គ្នា ដែល​ជនសង្ស័យ​នោះ​មាន ឈ្មោះ ជិន សុ​ហេង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ បានធ្វើ​សកម្មភាព​លួច​គាស់​​ពិតាន​បន្ទប់​លេខ​៩ របស់​នារី​រងគ្រោះ ​ដែល​ស្ថិត​នៅ​ជាប់​បន្ទប់​គ្នា ដើម្បី​លួច​លុយ​ទាំងនោះ។

ក្រោយពី​ជនសង្ស័យ​បាន​សារភាព​រួចមក សមត្ថកិច្ច​ក៏បាន​រៀបចំ​ឯកសារ​ក្នុង​ការ​បញ្ជូន​ជនសង្ស័យ​ខាងលើនេះ ទៅកាន់​ស្នងការដ្ឋាន នគរបាល​ខេត្ត ក្នុងការ​ចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu