មេដឹកនាំមូលនិធិណូបែលបាននិយាយប្រាប់រ៉យទ័រនៅក្នុងបទសម្ភាសន៍មួយនៅរដ្ឋធានី Stockholm កាលពីថ្ងៃសុក្រថា សកម្មភាពមួយចំនួនដែលលោកស្រីអ៊ួងសានស៊ូជីធ្វើក្នុងនាមជាមេដឹកនាំស៊ីវិលរបស់ប្រទេសមីយ៉ាន់ម៉ាគឺ “គួរឲ្យសោកស្តាយ” ប៉ុន្តែពានរង្វាន់ណូបែលសន្តិភាពរបស់លោកស្រីនឹងមិនត្រូវដកហូតទេ។
លោក Lars Heikensten ដែលនិយាយមុនការប្រគល់ពានរង្វាន់សន្តិភាពនៅឆ្នាំនេះនៅប៉ុន្មានថ្ងៃខាងមុខបានឲ្យដឹងថា វាគ្មានន័យទេក្នុងការដកហូតពានរង្វាន់ដើម្បីបង្ហាញប្រតិកម្មចំពោះអ្វីដែលបានកើតឡើង។
ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានចេញផ្សាយរបាយការណ៍មួយកាលពីខែសីហាដោយចោទប្រកាន់យោធាមីយ៉ាន់ម៉ាថាបានធ្វើការសម្លាប់រង្គាលលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាមួយគោលបំណងប្រល័យពូជសាសន៍នៅក្នុងប្រតិបត្តិការមួយដែលជំរុញឲ្យមនុស្សជាង៧០០,០០០នាក់ភៀសខ្លួនឆ្លងកាត់ព្រំដែនទៅប្រទេសបង់ក្លាដែស។
លោកស្រីអ៊ួងសានស៊ូជីដែលបានឈ្នះពានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ១៩៩១សម្រាប់យុទ្ធនាការដើម្បីលទ្ធិប្រជាធិបតេយ្យហើយឥឡូវនេះកំពុងដឹកនាំរដ្ឋាភិបាលមីយ៉ាន់ម៉ាគឺត្រូវបានគេចោទប្រកាន់នៅក្នុងរបាយការណ៍ដូចគ្នានេះពីការខកខានប្រើប្រាស់ “អំណាចសីលធម៌” របស់លោកស្រីដើម្បីការពារជនស៊ីវិល។
លោក Lars Heikensten ប្រធានមូលនិធិណូបែលបានថ្លែងថា “យើងមើលឃើញថា អ្វីដែលលោកស្រីកំពុងធ្វើនៅប្រទេសមីយ៉ាន់ម៉ាគឺត្រូវបានគេសាកសួរជាច្រើនហើយយើងគាំទ្រសិទ្ធិមនុស្សដែលជាគុណតម្លៃស្នូលមួយរបស់យើង”។ លោកបានបន្ថែមថា “ពិតណាស់ក្នុងកម្រិតដែលលោកស្រីទទួលខុសត្រូវចំពោះរឿងនេះ វាពិតជាគួរឲ្យសោកស្តាយណាស់”។
លោកស្រីអ៊ួងសានស៊ូជីបាននិយាយកាលពីខែមុនថា រដ្ឋាភិបាលរបស់លោកស្រីអាចដោះស្រាយស្ថានការណ៍នៅរដ្ឋរ៉ាក់ឃីនបានប្រសើរជាងមុនប៉ុន្តែមិនទទួលស្គាល់ឧក្រិដ្ឋកម្មធំៗណាមួយឡើយ។
គួរបញ្ជាក់ថា មូលនិធិណូបែលដែលមានមូលដ្ឋាននៅទីក្រុង Stockholm គឺមើលការខុសត្រូវការប្រគល់ពានរង្វាន់ណូបែលទាំងអស់ដែលត្រូវបានផ្តល់ដោយអង្គការផ្សេងៗគ្នាក្នុងប្រទេសស៊ុយអែតនិងន័រវែស។
ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំនេះនឹងត្រូវបានប្រកាសនៅថ្ងៃសុក្រក្នុងទីក្រុង អូស្លូ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments