អ្នកកាសែតជនជាតិជប៉ុនម្នាក់ ដែលត្រូវបានដោះលែងពីប្រទេសស៊ីរីនៅសប្តាហ៍នេះ បានត្រឡប់ដល់ផ្ទះវិញហើយ ដើម្បីជួបសាច់ញាតិ និងអ្នកគាំទ្រជាមួយភាពសប្បាយរីករាយ ប៉ុន្តែក៏បង្កជាកំហឹងពីអ្នកខ្លះផងដែរ ដែលបានចោទប្រកាន់គាត់ និងចំណាប់ខ្មាំងដទៃទៀតអំពីអាកប្បកិរិយាមិនប្រុងប្រយ័ត្ន។
លោក Jumpei Yasuda ត្រូវបានចាប់ពង្រត់នៅក្នុងប្រទេសស៊ីរីកាលពីឆ្នាំ២០១៥ហើយបានចំណាយពេលជាង៣ឆ្នាំនៅក្នុងស្ថានភាពដែលគាត់បានពណ៌នាថាជា “ឋាននរក”។
គាត់បានត្រឡប់មកប្រទេសជប៉ុនវិញកាលពីយប់ថ្ងៃព្រហស្បតិ៍ហើយបានទទួលការស្វាគមន៍ដោយភរិយានិងឪពុកម្តាយរបស់គាត់។
ប៉ុន្តែមុនពេលដែលលោក Yasuda ឈានជើងលើទឹកដីប្រទេសជប៉ុន គាត់គឺជាគោលដៅនៃការរិះគន់ទាំងខឹងសម្បាដែលភាគច្រើនតាមអនឡាញចាប់ពីការចោទប្រកាន់ពីភាពមិនប្រុងប្រយ័ត្នទៅដល់ការអះអាងថា គាត់មិនមែនជាជនជាតិជប៉ុនទេ។
អ្នកប្រើ Twitter ម្នាក់បានសរសេរថា “គាត់កំពុងរំខានសង្គម”។ ការចោទប្រកាន់ផ្សេងទៀតគឺថា “គាត់ជាពលរដ្ឋប្រឆាំង”។
ប្រហែលជាមានការរិះគន់ខ្លាំងពេកហើយទើបសេចក្តីថ្លែងការណ៍នៅពេលមកដល់តែមួយគត់របស់លោក Yasuda ដែលអានទៅអ្នកសារព័ត៌មានដោយភរិយារបស់គាត់ឈ្មោះ Myu គឺពោរពេញទៅដោយពាក្យសុំទោស។
គាត់បាននិយាយថា “ខ្ញុំសុំទោសដែលបង្កឲ្យមានបញ្ហានិងការព្រួយបារម្ភបែបនេះប៉ុន្តែខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលខ្ញុំអាចត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព”។
នៅក្នុងឧទាហរណ៍មួយក្នុងចំណោមហេតុការណ៍ដ៏គួរឲ្យរន្ធត់ បុរសជនជាតិជប៉ុនបីនាក់ត្រូវបានចាប់ជាចំណាប់ខ្មាំងនៅប្រទេសអ៊ីរ៉ាក់ហើយត្រូវបានដោះលែងក្នុងឆ្នាំ២០០៤។ ពួកគេបានមកដល់ផ្ទះវិញហើយឃើញមនុស្សនៅព្រលានយន្តហោះដែលកាន់បដាសរសេរថា “វាគឺជាកំហុសរបស់អ្នក”។
អ្នកចាប់ពង្រត់ពួកគេបានគំរាមដុតពួកគេទាំងរស់ប្រសិនបើក្រុងតូក្យូមិនដកកងទ័ពចេញពីភាគខាងត្បូងប្រទេសអ៊ីរ៉ាក់៕ AFP
Source: Kampuchea Thmey Daily
0 Comments