អ្នកប្រដាល់ជើងខ្លាំងថៃChhouk Chhai នឹងឡើងមកសងសឹក មឿន សុខហ៊ុច អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា នាយប់ថ្ងៃសៅរ៍ទី០៦ ខែតុលា ឆ្នាំ២០១៨នេះ នៅលើសង្វៀនGanz berg Top Fighter របស់ SEATV។
ជាលើកទី៣ហើយ ដែលអ្នកប្រដាល់ជើងខ្លាំងថៃ Chhouk Chhai នេះ ជួបប្រកួតជាមួយមឿន សុខហ៊ុច។ កាលពីជួបលើកទី១ Chhouk Chhai វាយចាញ់សុខហ៊ុចដោយពិន្ទុ ។ លើកទី២ ជាការជួបសងសឹករបស់ Chhouk Chhai តែត្រូវចាញ់សុខហ៊ុចធ្ងន់ជាងលើកទី១ ដោយត្រូវសុខហ៊ុចវាយអោយសន្លប់ដោយកែងក្នុងទឹកទី៣។ ដូច្នេះ លើកនេះជាការជួបសងសឹកលើកទី២ របស់ Chhouk Chhai ។ ពួកគេពីរនាក់នេះ ជួបគ្នាក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្រាម។
មឿន សុខហ៊ុច ឥឡូវនេះមិនដូចពីមុនទេ ។ គេមានការវិវត្តន៍ខាងក្បាច់គុនច្រើន គួបផ្សំនឹងការខំប្រឹងហ្វឹកហាត់ទៀត ឃើញថាគេខ្លាំងនិងល្អជាងមុន។ តែយ៉ាងណា ពេលនេះត្រូវគេផ្គូផ្គងអោយជួបជាមួយ Chhouk Chhai ដែលជាជើងខ្លាំងម្នាក់នៅស្រុកថៃ។
បើតាមប្រវត្តិរបស់Chhouk Chhaiនេះ គេជាជើងខ្លាំងដែលមានស្នៀតប្រដាល់ល្អ និង ខ្លាំង ហើយបទពិសោធលើរេញរបស់គេក៏មិនធម្មតាដែរ ព្រោះគេមានប្រវត្តិប្រកួតចំនួន៨៥ លើក ឈ្នះ៦៤លើក ចាញ់១៨លើក និងស្មើ៣លើក។
Chhouk Chhai គេធ្លាប់វាយឈ្នះឃីម ឌីម៉ា ជើងខ្លាំងរបស់កម្ពុជាយើងដោយពិន្ទុម្តងកន្លងមក, ឈ្នះ ឡៅ ចន្ទ្រា ដោយពិន្ទុ, វាយស្មើជាមួយឡុង សុភី , ឈ្នះធី តុងហ៊ី ក្លិបសាលវ័ន្តកីឡា ,ឈ្នះផង់ សុភាពដោយពិន្ទុនិងធ្លាប់ឈ្នះផល សោភ័ណ្ឌ ពីរលើកថែមទៀត ។ ការដែលអាចយកឈ្នះលើឃីម ឌីម៉ា ឡៅ ចន្ទ្រា ផល សោភ័ណ្ឌបានដូច្នេះ គឺបញ្ជាក់ថា Chhouk Chhai គេមិនធម្មតានោះឡើយ ។
អ្នកប្រដាល់ថៃរូបនេះ គេជាជើងខ្លាំងម្នាក់នៅប្រទេសថៃ ហើយគេក៏ជាម្ចាស់ខ្សែក្រវាត់គោជល់នៅស្រុកខ្មែរផងដែរ ។ យ៉ាងណា Chhuok Chhai ធ្លាប់ចាញ់មឿនសុខហ៊ុច២លើករួចទៅហើយ។
សុខហ៊ុច មានប្រវត្តិប្រកួត១៤៥លើក ឈ្នះ១១៨លើក ចាញ់២២លើក និងស្មើ០៥លើក ហើយសុខហ៊ុច ធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់ជាច្រើននាក់ ។ចាំមើល ការប្រកួតសងសឹកលើកនេះ Chhouk Chhai គេសងសឹកមឿន សុខហ៊ុចបានសម្រេចដែរឬអត់ ?។
ចំពោះតូច ទូ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ត្រូវជួបប្រកួត ជាមួយអ្នកប្រដាល់បារាំងNaser ដោយជួបប្រកួតក្នុងទម្ងន់៧១គីឡូក្រាម ។ Naser ធ្លាប់មក ប្រកួតក្នុងស្រុកខ្មែរប្រមាណ៣ដងហើយកន្លងមក ដោយវាយឈ្នះនិងស្មើជាមួយហេង វិឆ័យក្លិបព្រៃទទឹងខេត្តបាត់ដំបងនិងចុងក្រោយវាយចាញ់នន់ ជំនិត ដោយពិន្ទុ។
តូច ទូ មានកំនត់ត្រាប្រកួតចំនួន៦១លើក វាយឈ្នះ៤៦លើក ចាញ់១៣លើក និងស្មើ០២លើក ។ ចំណែក Naserទើបមានកំនត់ត្រាប្រកួត៣១លើក ឈ្នះ១៩លើក និងចាញ់១២លើក ។ ចាំមើល លើកនេះអ្នកប្រដាល់បារាំងNaser អាចយកឈ្នះតូច ទូ បានឬអត់?។
រីឯ ការប្រកួតរវាងខ្មែរនិងខ្មែរវិញ ផាន រះ អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ នឹងជួបសងសឹកជាមួយឡុង ឡា អ្នកប្រដាល់ក្លិបអប់រំកាយកីឡាស្រុកអន្លង់វែង ។ អ្នកប្រដាល់ទាំងពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់៦០គីឡូក្រាម។
កាលពីជួបគ្នាពីរឆ្នាំមុន ផាន រះ វាយចាញ់ឡុង ឡា ដោយពិន្ទុទាំងមិនអស់ចិត្ត ទើប គេសុំជួបសងសឹកវិញ ។ ចាំមើល លើកនេះផាន រះ គេអាចសងសឹកឡុង ឡា បានសម្រេចឬអត់ ? ។
ចំណែក នួន រ៉ាថេន អ្នកប្រដាល់ក្លិបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែង ក៏នឹងឡើងសងសឹកភួង ពិសិដ្ឋ អ្នកប្រដាល់ក្លិបរាជសីហ៍ខេត្តរតនគិរី ។ ពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់៥៧គីឡូក្រាម ។
នួន រ៉ាថេន និង ភួង ពិសិដ្ឋ នេះ ពួកគេធ្លាប់ប៉ះគ្នាម្តងកាលពីថ្ងៃទី១៦កញ្ញា២០១៨ កន្លងមកនេះ ហើយរ៉ាថេន ចាញ់ពិសិដ្ឋដោយពិន្ទុ ។ ជាការពិបាកសម្រាប់នួន រ៉ាថេន ក្នុងការយកឈ្នះលើភួង ពិសិដ្ឋ ដោយសារពិសិដ្ឋ គេមានកណ្តាប់ដៃខ្លាំង រហ័ស និងស៊ូចំពោះការប្រកួតថែមទៀត ។ដូច្នេះ ចាំមើលរវាងពីរនាក់នេះជួបគ្នាលើកនេះ តើនរណាជាអ្នកឈ្នះនោះ ?៕
Source: Kampuchea Thmey Daily
0 Comments