Ad Code

ពី​វេទិកា ICAPP៖ មេដឹកនាំ​ស្ថាប័ន​ព័ត៌មាន​មួយ​នៅ​កម្ពុជា អំពាវនាវ​ដល់​មេដឹកនាំ​រដ្ឋ​ទាំងអស់ រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​គោលនយោបាយ​ឯកោ​និយម



ភ្នំពេញ ​៖ នៅក្នុង​មហាសន្និបាត ICAPP លើក​ទី​១០ លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា និង​ជា​អនុប្រធាន​វេទិកា​ព័ត៌មាន ICAPP បាន​អំពាវនាវ​ដល់​មេដឹកនាំ​រដ្ឋ​ទាំងអស់ រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​គោលនយោបាយ​ឯកោ​និយម​, ឯក​ត្តោ​និយម ឬ​ការ​ផ្តាច់​មុខ​និយម និង​ការ​គាំពារ​និយម ទាំង​ក្នុង​នយោបាយ និង​សេដ្ឋកិច្ច ពីព្រោះ​គោលការណ៍​ជ្រុលនិយម​នេះ បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ សង្គមជាតិ និង​សណ្ដាប់ធ្នាប់​ពិភពលោក​។



លោក ហ៊ុយ វណ្ណៈ លើកឡើង​បែបនេះ ខណៈ​លោក​ដឹកនាំ​ប្រតិភូ​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត ICAPP លើក​ទី​១០ ពីថ្ងៃ​ទី​២៤-២៧ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី​។

លោក ហ៊ុយ វណ្ណៈ លើក​ឡើង​ថា សេរីភាព​សារព័ត៌មាន គឺជា​ស្នូល​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​មាន​សុខភាព​ល្អ ហើយ​សារព័ត៌មាន ដែល​ប្រកបដោយ​វិជ្ជាជីវៈ និង​មាន​សីលធម៌​នៅក្នុង​សង្គម គឺ​ខុសស្រឡះ​ពី​បណ្តាញ​សង្គម (social media) និង​សារព័ត៌មាន​ពលរដ្ឋ (citizen journalist)​។ ដូច្នេះ​រដ្ឋ​ទាំងឡាយ​ត្រូវ​បន្ត​បើកឱកាស​ឲ្យ​សារព័ត៌មាន​បន្ត​តួនាទី​ផ្សព្វផ្សាយ ដើម្បី​លើកកម្ពស់​ការ​គិត​វិជ្ជមាន​, ការអត់ឱន​, សុខដុមរមនា​, កិច្ច​សហប្រតិបត្តិការ និង​ជួយ​ផ្សាយ​ព័ត៌មាន​ជា​គំនិត ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​នានា​របស់​សង្គម និង​ពិភពលោក​។



ជា​មួយ​នឹង​ការ​លើកឡើង​ខាងលើ​នេះ លោក ហ៊ុយ វណ្ណៈ បាន​អំពាវនាវ​ដល់​មេដឹកនាំ​រដ្ឋ​ទាំងអស់​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​គោលនយោបាយ ឯកោ​និយម​, ឯក​ត្តោ​និយម ឬ​ការ​ផ្តាច់​មុខ​និយម​, និង​ការ​គាំពារ​និយម ទាំង​ក្នុង​នយោបាយ​និង​សេដ្ឋកិច្ច ពីព្រោះ​គោលការណ៍​ជ្រុលនិយម​នេះ គឺ​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ សង្គមជាតិ និង​សណ្តាប់​ធ្នាក់​ពិភពលោក​។

លោក ហ៊ុយ វណ្ណៈ បាន​អំពាវនាវ​តាមរយៈ​វេទិកា ICAPP ដែល​មាន​តំណាង​ថ្នាក់ដឹកនាំ​ជាង​៥០​ប្រទេស​ចូលរួម​ដែរ​ថា ពិភពលោក​ត្រូវ​ប្រយុទ្ធ ប្រឆាំង​ព័ត៌មាន​ប្រឌិត (Fake News), ការ​លួច​បំផ្លាញ​ទិន្នន័យ (Data Dredging), និង​សង្គ្រាម​បច្ចេកវិទ្យា (Cyber War) ពីព្រោះ​ព័ត៌មាន​ប្រឌិត បង្កើត​ជម្លោះ​ខាង​ទស្សនៈ និង​បំផ្លាញ​ការ​គិត​, ការចូល​លួច និង​បំប្លែង​ទិន្នន័យ បង្ក​ឲ្យ​មាន​ទំនាស់​នយោបាយ ខណៈ​សង្គ្រាម​បច្ចេកវិទ្យា ធ្វើ​ឲ្យ​ពិភពលោក​ធ្លាក់ចុះ​សីលធម៌ និង​បាត់​សណ្តាប់ធ្នាប់​។



សូម​ជម្រាប​ថា កិច្ចប្រជុំ​មហាសន្និបាត ICAPP លើក​ទី​១០ ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី​។ ICAPP គឺជា​បណ្តុំ​គណបក្សនយោបាយ​ធំ​ជាង​គេ​លើ​ពិភពលោក ដែលមាន​ចំនួន​៣៥២ មកពី​៥២​ប្រទេស​។ ICAPP បាន​បង្កើត​បណ្តាញ​ពាក់ព័ន្ធ​ដូចជា​៖ ក្រុមប្រឹក្សា​វប្បធម៌​, ស្ត្រី​, យុវជន និង​សារព័ត៌មាន ដែលមាន​គោលដៅ​បង្កើត​កិច្ចពិភាក្សា និង​កិច្ចសហការ ដើម្បី​កសាង​ភាពជា​ដៃគូ​លើ សង្គម វប្បធម៌ និង កសាង​ពិភពលោក​ប្រកបដោយ​សន្តិភាព និង​ការអភិវឌ្ឍន៍ ហើយ​ប្រតិភូ​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ជា​ផ្នែក​មួយ​នៃ​គណៈប្រតិភូ​ថ្នាក់ជាតិ​តំណាង​កម្ពុជា ដែល​ដឹកនាំ​រួម​ដោយ​លោកជំទាវ ឃួន សុ​ដា​រី អនុប្រធាន​រដ្ឋសភាជាតិ និង​ជា​សមាជិក​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម​។

មហាសន្និបាត ICAPP នេះ ផ្ដោតលើ​ប្រធានបទ​សំខាន់ៗ​ចំនួន​ពីរ គឺ​ទី​១, តួនាទី​គណបក្ស​នយោបាយ​នៅក្នុង​ការកាត់បន្ថយ​ភាព​តានតឹង​អន្តរជាតិ និង​ការ​ប្រយុទ្ធប្រឆាំង​ភាព​ជ្រុលនិយម និង​ទី​២, សារសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​បណ្ដា​គណបក្ស​នយោបាយ​នៅ​អាស៊ី ក្នុងការ​បង្កើត និង​អភិវឌ្ឍន៍​ចំណង​នយោបាយ​សេដ្ឋកិច្ច និង​សង្គម​រវាង​រដ្ឋ និង​រដ្ឋ​។ នៅក្នុង​មហាសន្និបាត​នេះ​ដែរ គណៈប្រតិភូ​កម្ពុជា នឹង​ផ្ដល់​របាយការណ៍​វឌ្ឍនភាព​អំពី​ការបង្កើត​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (Asian Cultural Council.ACC) ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​ស្ថាបនិក​កិត្តិយស​។ ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី មាន​គម្រោង​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ UNESCO ក្នុង​គោលបំណង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​វប្បធម៌ ការ​អភិរក្ស​កេរ្តិ៍ដំណែល​វប្បធម៌ និង​ប្រវត្តិសាស្ត្រ នៅក្នុង​ទ្វីបអាស៊ី ហើយ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​មាន​អគ្គលេខាធិការដ្ឋាន​នៅ​កម្ពុជា​។

គណបក្ស​ប្រជាជន​កម្ពុជា គឺជា​សមាជិក​ដ៏​សកម្ម​របស់​អង្គការ ICAPP ចាប់ពី​ឆ្នាំ​២០០៥ មក ហើយ ICAPP គឺជា​ក្រុម​គណបក្ស​នយោបាយ​ដ៏​ធំជាងគេ​មួយ​នៅ​លើ​ពិភពលោក ដែល​មាន​គណបក្ស​នយោបាយ​ចំនួន​៣៥២ ជា​សមាជិក​មកពី​៥២ ប្រទេស​នៅ​អាស៊ី​។ ICAPP មាន​គោលបំណង​ជំរុញ​កិច្ចពិភាក្សា ដើម្បី​សន្តិភាព និង​កិច្ច​សហប្រតិបត្តិការ​​ក្នុង​តំបន់​តាមរយៈ​បណ្តា​គណបក្សនយោបាយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu