បន្ទាយមានជ័យ ៖ នៅល្ងាច ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នេះដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះបង្ក្រាបករណី លួចលក់គ្រឿងញៀនខុសច្បាប់ឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់ ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្នុងការចុះបង្ក្រាបគ្រឿងញៀននេះដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកបានដឹកនាំកម្លាំងចុះបង្ក្រាបឈានដល់ឃាត់ខ្លួន ជនសង្ស័យបានចំនួន១នាក់ មានឈ្មោះ វឿត សំណាង ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរគ្មានស្នាក់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងរួមមានគ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ២កូនថង់កឹប ស្មើ ៦.៤៤ក្រាម។ បន្ទាប់ពីឃាត់ខ្លួនហើយជនសង្ស័យបានសារភាពថា ឈ្មោះ សន គឹមហួយ ជាអ្នកប្រើខ្លួនឲ្យយកគ្រឿងញៀនទាំងអស់នេះទៅលក់ចែកចាយបន្ត។ ដោយមានការសង្ស័យតាមចម្លើយពីជនសង្ស័យខាងលើ កម្លាំងអាវុធហត្ថបានចុះមកឆែកឆេរផ្ទះរបស់ឈ្មោះ សន គឹមហួយ និងរឹបអូសវត្ថុតាងរួមមាន គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ១២ថង់កឹប ស្មើនឹង ៦៧៦.៨ក្រាមគ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួន ៨៧៤គ្រាប់ -គ្រឿងញៀនអ៊ិចស្តាស៊ី ចំនួន ៩.៥គ្រាប់គ្រឿងញៀនកេតាមីន ចំនួន ១កូនថង់ ស្មើនឹង ១.៦៨ក្រាម ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ១កូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនធំ រថយន្ត ០១គ្រឿងញៀន ម៉ាកកាមេរី ស៊េរីឆ្នាំ១៩៩១ ទូរស័ព្ទដៃ ០១គ្រឿង ខ្សែដៃលោហធាតុពណ៌លឿង មានបន្តោងរាងមូល ១ខ្សែ ប្រវែង ១៦ស.មខ្សែដៃលោហធាតុពណ៌លឿងរាងសំប៉ែត១ខ្សែ ប្រវែង ១០ស.ម ខ្សែជើងលោហធាតុពណ៌លឿងរាងមូល ចំនួន២ខ្សែ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ៣សន្លឹក សៀវភៅគ្រួសារ ចំនួន ២ក្បាលលិខិតស្នើសុំបញ្ជាក់ការកាន់កាប់ដីធ្លីចំនួន១សន្លឹក លិខិតស្នើសុំការអនុញ្ញាតសាងសង់ស្ថានីយប្រេងឥន្ទនៈ និងអគារសេវាកម្ម ចំនួន១ច្បាប់ សេចក្តីថតចម្លងសំបុត្រអាពាហ៍ពិពាហ៍ ចំនួន ១សន្លឹក សៀវភៅលិខិតឆ្លងដែន ០១ក្បាល។
ចំណែកជនសង្ស័យឈ្មោះ សន គឹមហួយ បានគេចខ្លួនបាត់។ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនឈ្មោះ សន គឹមហួយ ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់។ ចំណែកជនសង្ស័យឈ្មោះវឿត សំណាង រួមជាមួយវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿង ទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments