ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ីបានចាប់ផ្តើមការស៊ើបអង្កេតទៅលើមូលហេតុដែលរ៉ុក្កែត Soyuz ទទួលបរាជ័យភ្លាមៗបន្ទាប់ពីចេញដំណើរដែលនេះជាការបរាជ័យដ៏ធំមួយសម្រាប់ឧស្សាហកម្មអវកាសរបស់ប្រទេសរុស្ស៊ី។
អវកាសយានិកអាមេរិកឈ្មោះ Nick Hague និងរុស្ស៊ីឈ្មោះ Aleksey Ovchinin ត្រូវបង្ខំចិត្តធ្វើការចុះចតជាបន្ទាន់បន្ទាប់ពីឧបទ្ទវហេតុកាលពីថ្ងៃព្រហស្បតិ៍ប៉ុន្តែត្រូវបានគេជួយសង្គ្រោះដោយគ្មានរបួសអ្វីឡើយនៅក្នុងប្រទេសកាហ្សាក់ស្ថាន។
ក្រុមមន្ត្រីរុស្ស៊ីបាននិយាយថា ពួកគេបានបើកការស៊ើបអង្កេតព្រហ្មទណ្ឌមួយទៅលើឧបទ្ទវហេតុនេះដែលជាឧបទ្ទវហេតុដំបូងគេបង្អស់លើការហោះហើរដែលមានមនុស្សជិះនៅក្នុងប្រវត្តិសាស្ត្រក្រោយសម័យសូវៀត។
ឧស្សាហកម្មអវកាសរុស្ស៊ីបានទទួលរងនូវបញ្ហាជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះរួមទាំងការបាត់បង់ផ្កាយរណបនិងយានអវកាសមួយចំនួនផងដែរ។ ក្រុមមន្ត្រីបាននិយាយថា ពួកគេនឹងផ្អាកការបាញ់បង្ហោះយានដែលមានមនុស្សជិះដោយសារតែគ្រោះថ្នាក់ចុងក្រោយនេះ។
ភ្នាក់ងារអវកាស Roscosmos របស់រុស្សីបាននិយាយថា “ប្រព័ន្ធសង្គ្រោះបន្ទាន់បានដំណើរការ យាននេះអាចចុះចតនៅប្រទេសកាហ្សាក់ស្ថាន អវកាសយានិកគឺនៅរស់”។
ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលរ៉ុក្កែតកំពុងធ្វើដំណើរក្នុងល្បឿនប្រហែល៧,៥០០គីឡូម៉ែត្រក្នុងមួយម៉ោងដែលចំណាយពេលត្រឹមតែ១១៩វិនាទីប៉ុណ្ណោះនៃការធ្វើដំណើរតាមសមុទ្រ។ នេះបើយោងតាមការឲ្យដឹងពីអង្គការ NASA ។
ក្រុមអ្នកជួយសង្គ្រោះបានទៅដល់កន្លែងនៃការចុះចតភ្លាមៗហើយជម្លៀសលោក Ovchinin និងលោក Hague។
គួរបញ្ជាក់ថា បច្ចុប្បន្នរុស្ស៊ីគឺជាប្រទេសតែមួយគត់ដែលដឹកជញ្ជូនអវកាសយានិកទៅនិងមកពី ស្ថានីយយានអវកាសអន្តរជាតិ (ISS) ។
គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបាននិយាយថា ការស៊ើបអង្កេតព្រហ្មទណ្ឌមួយនឹងព្យាយាមដើម្បីកំណត់ថាតើបទបញ្ជាសុវត្ថិភាពត្រូវបានបំពានក្នុងកំឡុងពេលសាងសង់ដែរឬអត់ដែលជាហេតុបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ៕ AFP
Source: Kampuchea Thmey Daily
0 Comments